កាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ និងអគ្គលេខាធិការ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៧ តាមប្រព័ន្ធវីដេអូ …!!

ភ្នំពេញ៖នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជាចំនួន ៩រូប ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ និងអគ្គលេខាធិការ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៧ តាមរយៈប្រព័ន្ធវីដេអូ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺ ថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ១៣ម៉៣០នាទី ដល់ម៉ោង ១៦ម៉៣០នាទី ហើយដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំឆ្នាំ២០២០នេះ។

កិច្ចប្រជុំនារសៀលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកស្រី Nguyen Thi Xuan Thu ប្រធានកាកបាទក្រហមវៀតណាម និងអញ្ជើញជាភ្ញៀវកិត្តិយសពី ឯកឧត្តម Vu Duc Dam ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Francesco Rocca ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមជាតិប្រចាំភូមិភាគអាស៊ី-អាគ្នេយ៍។

នៅក្នុងពិធីបើកកិច្ចប្រជុំនេះ លោក Francesco Rocca ប្រធានសហព័ន្ធអន្តរជាតិ បានថ្លែងនូវការកោតសរសើរចំពោះសមាគមជាតិនៅក្នុងភូមិភាគអាស៊ី-អាគ្នេយ៍ ដែលបានចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមនៅក្នុងពិភពលោកយើងនេះ។ ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ ពីយុទ្ធនាការដែលសមាគមជាតិទាំងអស់បានរួមគ្នាជាសកលដើម្បីទប់ស្កាត់នឹងជំងឺកូវីដនេះ។ លោកបានបន្ថែមថា នៅលើពិភពលោកយើងនេះ មានហេតុការណ៍ជាច្រើនដែលអាចកើតឡើងដោយយើងមិនអាចស្មានបានដូចជា បញ្ហាកូវីដ បញ្ហាភ្លើងឆេះព្រៃនៅអូស្ត្រាលី បញ្ហាសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ។ល។ ដែលបានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ ទន្ទឹមនឹងនេះ លោកក៏បានរំលឹកឡើងវិញអំពីសន្និសីទអន្តរជាតិលើកទី៣៣ នៃកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដែលសហព័ន្ធអន្តរជាតិ រួមជាមួយសមាគមជាតិ បាននាំគ្នាឯកភាពគ្នាដាក់ចេញនូវទិសស្លោកមួយថា “យើងប្រឹងប្រែងធ្វើនៅក្នុងថ្ងៃនេះ ដើម្បីអនាគតបានល្អប្រសើរ – Act today, shape tomorrow” ហើយដែលកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមនៅតាមមូលដ្ឋាន រួមជាមួយបណ្តាញរបស់សមាគមជាតិ គឺជាប្រតិបត្តិករដ៏សំខាន់បំផុតនៅក្នុងការអនុវត្តការងារនេះ។

ជាមួយគ្នានេះដែរ សហព័ន្ធអន្តរជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) កាកបាទក្រហមថៃ កាកបាទក្រហមវៀតណាម កាកបាទក្រហមឡាវ និងកាកបាទក្រហមកម្ពុជា ក៏បានធ្វើបទអន្តរាគមន៍ ដោយផ្តោតលើការរួមកម្លាំងគ្នា យុទ្ធនាការនានា និងបទពិសោធន៍ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលយើងទទួលស្គាល់ថា បញ្ហាកូវីដនេះ បានធ្វើឱ្យមានផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច ផ្នែកសង្គម និងបញ្ហាអត់ការងារ ដែលទាំងនេះជាអ្វីដែលសមាគមជាតិត្រូវបន្តរួមសាមគ្គីគ្នា ខិតខំធ្វើយ៉ាងណា ឱ្យការត្រៀមបង្ការរបស់យើងបានកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ ក្នុងសុន្ទរកថាគន្លឹះរបស់ លោកជំទាវ អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមសោកស្តាយ ជាពិសេសចំពោះគ្រួសារដែលបានបាត់បង់ជីវីតដោយសារជំងឺកូវីដ-១៩ និងក្នុងគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ ជាមួយគ្នានេះ លោកជំទាវ អគ្គលេខាធិការ បានចែករំលែកនូវបទពិសោធន៍ និងគូសបញ្ជាក់ពីភាពជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ មិនឱ្យមានអ្នកស្លាប់ និងគ្មានការឆ្លងរាលដាលក្នុងសហគមន៍ ដោយសារកម្ពុជាមានថ្នាក់ដឹកនាំដែលមានយុទ្ធសាស្ត្រនិងយន្តការច្បាស់លាស់ ហើយមានការប្តេជ្ញាចិត្តពីគ្រប់ភាគីពាក់ព័ន្ធនិងសហគមន៍ ឈរលើស្មារតីសាមគ្គីភាព ឯកភាពគ្នា ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ ទប់ស្កាត់រលកទី២ និងអនុវត្តការរស់នៅតាមបែបគន្លងថ្មី៕

Loading...