កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារសព៨នាក់ និងរបួសធន់ស្រាល៣នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកថ្មគោល

(ខេត្តបាត់ដំបង) ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់តាំងប្រតិភូតំណាងដឹកនាំដោយ លោក វេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា រួមដំណើរដោយលោក សួស សុភក្រ្ក ហេរញិកគណៈកម្មាធិការសាខា តំណាង លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការីបានអញ្ចើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្ស ធម៌ជូនគ្រួសារសព៨នាក់ និងរបួសធន់ស្រាល ៣នាក់ក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកថ្មគោលកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់តាំងប្រតិភូតំណាងដឹកនាំដោយ លោក វេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាអមដំណើរដោយលោក សួស សុភក្រ្ក ហេរញិកគណៈកម្មាធិការសាខា តំណាងលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការី បានសម្តែងការចូលរួមសោកស្តាយបំផុតចំពោះគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៨នាក់ និងរបួសធ្ងន់ស្រាល៣នាក់ នៅវេលាម៉ោង២១និង២០នាទី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

នាឱកាសនោះដែរ លោក វេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខនិងចូលរួមសម្តែងការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព២គ្រួសារ (ស្លាប់២នាក់) និងរងរបួស១នាក់រួមមាន ៖ លោក ឡេង សុភ័ក្រ អាយុ ២៨ឆ្នាំ (ស្លាប់) អ្នកបើកបររថយន្តទឹកកក (ស្រុកបាណន់ ខេត្តបាត់ដំបង) លោក ហួរ ហាន អាយុ ១៨ឆ្នាំ (រងរបួស) បុគ្គលិករោងចក្រទឹកកក (ស្រុកបាណន់ ខេត្តបាត់ដំបង). លោកស្រី ឃុត គឹមសាន អាយុ ៣៩ឆ្នាំ (ស្លាប់) អ្នករួមដំណើរ (ស្រុកមោងឫស្សី ខេត្តបាត់ដំបង) ដោយបានបន្សល់កូនបួននាក់ ហើយត្រូវបងប្អូនយកទៅចិញ្ចឹម។

មរណទុក្ខដ៏សែនក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ អ្នកដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុនេះ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងឱកាសនោះដែរ គ្រួសារសព ដែលទទួលបានអំណោយរួមមាន៖ -អង្ករ ១០០គីឡូក្រាម -មី៥កេស -ត្រីខ ៥០កំប៉ុង -ទឹកក្រូច ៥កេស និងថវិកា២លានរៀល ដោយឡែកអ្នករងរបួសទទួលបាន ថវិកា២លានរៀល។

គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជានឹងបន្តចុះសួរសុខទុក្ខអ្នករងរបួសម្នាក់ទៀត និងចូលរួមរំលែកទុក្ខអ្នកដែលបានស្លាប់៦នាក់ទៀតនៅខេត្តពោធិ៍សាត់ នៅព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បន្តទៀត ៕

Loading...