កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ជំហានទី១ដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ៥០០គ្រួសារ នៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ដោយសារតែ គ្រោះធម្មជាតិបង្កឡើង បានធ្វើឲ្យបណ្តាខេត្ត ក្រុងមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងទទួលរងនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់ជាបន្តបន្ទាប់ ខណៈដែលកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាកដល់គ្រួសារពលរដ្ឋរងគ្រោះ ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា សហកា ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដែលមាន លោក ឈាង ឡាក់ ប្រធានគណៈកម្មាធិការសាខា បានចុះសួរសុទ្ខ និងចែកអំណោយមនុស្សធម៌ សង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងជំហានទី១សរុបចំនួន ៥០០គ្រួសារ មកពីចំនួន៩ភូមិ ក្នុងឃុំចំនួន៣ គឺឃុំ ស្រែសំបូរ ឃុំសេកុង និងឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ពិធីចែកអំណោយមនុស្សធម៌នេះដែរ លោកស្រី អគ្គលេខាធិការបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចលោកតែងតែបានគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ។ លោកស្រី អគ្គលេខាធិការ ក៏ថ្លែងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលទើបរងគ្រោះពីទឹកជំនន់ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជ្រលកថ្នាំជានិច្ច។ សូមបងប្អូនប្រុងប្រយ័ត្នចំពោះសត្វ អសេរពិលពេលចូលក្នុងផ្ទះ សូមជួយមើលថែទាំចាស់ជរា និងកូនចៅ តូចៗ ឱ្យបានល្អជៀសវាងគ្រោះថ្នាក់ដោយយថាហេតុណាមួយកើតឡើងក្នុងពេលដែលមានគ្រោះទឹកជំនន់។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលទទួលបាន អំណោយមនុស្សធម៌បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តសប្បុរស ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ដោយមិនប្រកាន់ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ។

សូមជម្រាបផងដែរថា នៅជំហានទី១នេះកាកបាទក្រហមកម្ពុជា បានចែកអំណោយមនុស្សធម៌ជូនប្រជាពលសរុបចំនួន៥០០គ្រួសារ និង ហើយជំហានទី២នឹងបន្តចែកនាព្រឹកថ្ងៃទីពុធទី០២ខែសីហានេះ គឺទៅដល់ដៃគ្រួសារដែលរងគ្រោះតែម្តង ។ អំណោយដែលកាកបាទក្រហមកម្ពុជាបានផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងជំហានទី១ខាងលើ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងឃីត១កញ្ចប់ ក្នុងនោះមាន សារ៉ុង ក្រមា មុង ភួយ ។

គួររំលឹកថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានចុះឆ្លើយតបនិងបញ្ហានេះបាន១លើករួចមកហើយ ដែលមានប្រជាពលរដ្ឋសរុបចំនួន ៦៦គ្រសារ មកពី៤ភូមិ ក្នុងសង្កាត់សាមគ្គី និងសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងផងដែរ ៕

Loading...