កាកបាទក្រហមកម្ពុជា ជួយឧបត្ថម្ភ ដល់លោក គង់ សៀត អតីតមន្ត្រីអភិវឌ្ឍន៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភអំណោយមនុស្សធម៌ ជូន លោក គង់ សៀត អាយុ ៦៩ឆ្នាំ អតីតមន្ត្រីអភិវឌ្ឍន៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានជំងឺទឹកនោមផ្អែម វិវត្តទៅជាទឹកនោមប្រៃ ដោយត្រូវលាងឈាម មួយសប្តាហ៍ ២ ដង នៅមន្ទីរពេទ្យព្រះកេតុមាលា។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការគិតគូរពីសុខភាពរបស់លោក ដែលជាមន្ត្រីសកម្មក្នុងការងារ និងសូមជូនពរលោក ឆាប់បានជាសះស្បើយពីជំងឺ។

លោកស្រី ឡាន់ ស៊ុនណារ៉ា ត្រូវជាភរិយារបស់លោក គង់ សៀត ដែលមកទទួលអំណោយនាពេលនោះ បានសំដែងក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរចំពោះទុក្ខលំបាកគ្រួសារលោកស្រី និងបានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ និងថវិកាបានចំនួនទៀតផង។

សូមបញ្ជាក់ថា លោក គង់ សៀត បានចូលបម្រើការងារនៅសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពត ចាប់ពីឆ្នាំ ១៩៩៣ ដល់២០១៣៕

 

Loading...