កាណាដា​ប្រកាសដកយន្តហោះចម្បាំងដែលវាយប្រហារក្រុមរដ្ឋអិស្លាមនៅស៊ីរី និងអ៊ីរ៉ាក់

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានថ្លែងថា លោកនឹង​ដកយន្តហោះចម្បាំង​ដែលកំពុង​ប្រតិបត្តិការវាយប្រហារប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម IS ស្ថិតនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់​នោះ​ឲ្យត្រឡប់មកប្រទេសកំណើតវិញ ។

លោក Justin Trudeau បានជូនដំណឹងអំពីការសម្រេចចិត្តខាងលើនេះ​ទៅកាន់ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក​Justin Trudeau ដឹកនាំគណបក្សសេរីភាពរបស់លោកប្រារព្ធពិធីអបអរសាទរ​ក្រោយទទួលជោគជ័យ​នៅក្នុងការបោះឆ្នោត​នៅកាណាដានោះ ។

ក្នុងអំឡុង​ពេលយុទ្ធនាគារឃោសនារកសំឡេងឆ្នោត លោក Trudeau បានអះអាងថា ប្រសិនបើលោកជាប់ឆ្នោត​ក្លាយជានាយករដ្ឋមន្ត្រីកាណាដានោះ លោកនឹង​ដកយន្តហោះចម្បាំង CF-18 ដែលត្រូវដាក់ពង្រាយឲ្យធ្វើប្រតិបត្តិការវាយប្រហារទៅលើក្រុមរដ្ឋអិស្លាមនៅលើទឹកដីស៊ីរី និងអ៊ីរ៉ាក់រហូតដល់ខែមីនា ឆ្នាំ​២០១៦នោះ​ឲ្យត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ ។

ប៉ុន្តែ​ទោះបីយ៉ាងណា ការប្រកាស​ដកយន្តហោះចម្បាំងរបស់កាណាដានាពេលនេះ មិនទាន់​បញ្ជាក់ប្រាប់ពីពេលវេលានៅឡើយទេ ។​

គណបក្សសេរី របស់លោក Justin Trudeau បានឈ្នះឆ្នោត​កាលពីថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ២០១៥ ធ្វើឲ្យការដឹកនាំក្រោមអំណាចអភិរក្សនិយមរយៈពេលជិតមួយទសវត្សរ៍​​របស់លោក Stephen Harper ចូលដល់ទីបញ្ចប់ ។

លោក Justin Trudeau មានអាយុ​៤៣ឆ្នាំ អតីតជាគ្រូបង្រៀននៅសាកលវិទ្យាល័យ និងជាកូនច្បង​របស់អតីត​នាយករដ្ឋមន្ត្រីកាណាដា លោក Pierre Trudeau ។

ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ី​បានផ្សព្វផ្សាយ​កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ​ជាលើកដំបូងជាមួយប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ានោះ លោក Pierre Trudeau បានបញ្ជាក់ថា លោកចង់​ធ្វើតាមអ្វីដែល​លោកបានសន្យា​កាលពីអំឡុងពេលឃោសនាបោះឆ្នោតនោះថា នឹងត្រូវដក​យន្តហោះចម្បាំង​ឲ្យត្រឡប់មកកាន់ប្រទេសកាណាដាវិញ ។

លោក Trueau បានថ្លែងប្រាប់ក្រុមអ្នកកាសែត​នៅទីក្រុងអូតាវ៉ា កាលពីថ្ងៃទី២០ ខែតុលាថា លោក​បាន​ជម្រាបជូន​លោកប្រធានាធិបតី​អាមេរិកអំពី​ការនៅតែភ្ជាប់ប្រតិបត្តិការប្រឆាំងទៅ​លើ​ក្រុមរដ្ឋអិស្លាម ប៉ុន្តែ​ទោះបីយ៉ាងណា​លោក​បានស្នើ​ឲ្យលោបារ៉ាក់ អូបាម៉ា មេត្តាយោគយល់ និងបញ្ចប់បេសកកម្មរបស់កងកម្លាំងកាណាដា ។

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយថា ទោះបីយ៉ាងណា កាណាដា​បានបញ្ជាក់ថា ខ្លួននៅតែបន្តរក្សាទុកកងកម្លាំង​ឲ្យនៅជួយហ្វឹកហ្វឺនដល់​កងទ័ពភាគខាងជើង​អ៊ីរ៉ាក់នោះដដែល ។

ជាមួយគ្នានេះដែរ លោក Justin Trudeau បានប្តេជ្ញាថា លោកនឹងទទួលយកជនភៀសខ្លួនស៊ីរី​នៅដំណាច់ឆ្នាំនេះ​ឲ្យបាន២៥.០០០នាក់ ដែលគម្រោងការនេះ​ត្រូវជំទាស់យ៉ាងខ្លាំងក្លា​ពីសំណាក់លោក Stephen Harper ដែលត្រូវចុះចេញពីតំណែងដោយសារតែចាញ់ឆ្នោតនោះ ៕

 

Justin Trudeau BBmghhV ISIL990

Loading...

Leave a Reply

Your email address will not be published. Required fields are marked *