កាប់ឈើនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅតែកើតមាន

ខេត្តមណ្ឌលគិរី ៖ប្រជាពលរដ្ឋនៅក្នុងភូមិឡឥដ្ឋ ឃុំប៊ូស្រា ស្រុកពេជ្រាដា បានឲ្យដឹងថា បទល្មើសកាប់ឈើខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់នៅតែបន្តកើតមានយ៉ាង អនាធិបតេយ្យ ជាពិសេសនៅតំបន់ច្រករបៀងប៉ុស្តិ៍៦។ ប្រជាសហគមន៍ការពារព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យ ដឹងថា លោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងមន្ត្រីរដ្ឋបាលព្រៃឈើស្រុកពេជ្រាដា មិនយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ ឲ្យស្របទៅតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។ ជាងនេះទៅទៀតប្រជាសហគមន៍បានរិះគន់ថា សមត្ថកិច្ចយោធា និងនគរបាលការពារព្រំដែន គឺជាអ្នកនៅពីក្រោយខ្នងករណីបើកដៃឲ្យជនជាតិយួនចូលមកកាប់ឈើលើទឹកដីខ្មែរ។
សេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំប៊ូស្រា បានឲ្យដឹងថា ថ្មីៗនេះកម្លាំងរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាប បទល្មើសព្រៃឈើ បានរកឃើញឈើប្រណីតនិងឈើប្រភេទលេខ១ដែលមានមុខកាត់ធំៗជិត៧០០ កំណាត់ នៅតំបន់បន្ទាត់ព្រំដែនកម្ពុជា-យួន ក្បែរប៉ុស្តិ៍នគរបាលនិងប៉ុស្តិ៍យោធា ហៅថាប៉ុស្តិ៍ដាក់ចូរឬប៉ុស្តិ៍៦។ បើទោះបីគេរកឃើញវត្ថុតាងយ៉ាងច្រើនបែបនេះក៏ដោយ ក៏កម្លាំងគណៈកម្មជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ មិនបានវែកមុខអ្នកជាប់ពាក់ព័ន្ធណាម្នាក់នោះទេ។ ទោះជាយ៉ាងណាប្រជាពលរដ្ឋបានឲ្យដឹងថា មន្ត្រីយោធា និងនគរបាលការពារព្រំដែន ក្នុងឃុំប៊ូស្រា គឺជាអ្នកជាប់ពាក់ព័ន្ធបទល្មើសបំផ្លាញព្រៃឈើដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ត្រូវចាត់វិធានការតាមច្បាប់។
ឥឡូវនេះសេចក្ដីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំប៊ូ ស្រា ស្រុកពេជ្រាដា បានឲ្យដឹងថា ជនជាតិយួននៅតែយកត្រាក់ទ័រនិងរណារយន្តចូលមកអារឈើក្បែរតំបន់ ព្រំដែនក្នុងភូមិឡឥដ្ឋ ឃុំប៊ូស្រា ហើយដឹកជញ្ជូនចេញទៅស្រុកយួនវិញតាមច្រកដាក់ចូរឬប៉ុស្តិ៍៦យ៉ាង រលូន។ ប្រជាសហគមន៍បានបញ្ជាក់យ៉ាងច្បាស់ថា លោក សារិន គឹមអាត មេបញ្ជាការយោធាស្រុកពេជ្រាដា និងលោក ខន សុខឃឿន នាយស៊ើបការណ៍នៃវរនគរបាលការពារព្រំដែនគោកលេខ៣០៣ ជាអ្នកសម្របសម្រួលឲ្យជនជាតិយួនចូលមកកាប់ឈើលើទឹកដីខ្មែរតាមអំពើ ចិត្ត។ ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើស្រុកពេជ្រាដា និងលោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី គិតគូរតែរឿងប្រមូលលុយដាក់ហោប៉ៅប៉ុណ្ណោះ ហើយបណ្ដោយឲ្យបទល្មើសបំផ្លាញព្រៃឈើនៅឃុំប៊ូស្រា បន្តកើតមានយ៉ាងមហន្តរាយ៕

IMG-89

Loading...

Leave a Reply

Your email address will not be published. Required fields are marked *