កាប់ទម្លាយទំនប់យកទឹកសង្គ្រោះដំណាំ

ខេត្តបន្ទាយមានជ័យ៖ប្រជា កសិករនៅឃុំទួលពង្រស្រុកម៉ាឡៃ និងបុគ្គលិកឧទ្យានកសិកម្មគំរូនៃសម្ព័ន្ធភាពខេត្តបន្ទាយមានជ័យ និងខេត្តយូណាន (ចិន) ជាង ៣០ នាក់បាននាំគ្នាកាប់ផ្ដាច់ទំនប់មួយជាប់អូរព្រំដែន កម្ពុជា-ថៃ ដើម្បីបង្ហូរទឹកទៅស្រោចស្រពស្រូវប្រាំង និងដំណាំរួមផ្សំរបស់ពួកគេដែលនៅផ្នែកខាងក្រោមទំនប់ជាង ៦០ ហិកតា។ ប៉ុន្តែត្រូវបានរារាំងដោយបុគ្គលិកក្រុមហ៊ុនអានកូទទួលបន្ទុក ផ្គត់ផ្គង់ទឹកស្អាតប្រចាំក្រុងប៉ោយប៉ែត និងមន្ទីរធនធានទឹកខេត្តនេះ។
លោក ហុន ជា អាយុ ៤៥ ឆ្នាំតំណាងប្រជាកសិករនៅភូមិសន្តិភាព ឃុំទួលពង្របានឲ្យដឹងកាលពីម្សិលមិញថាពេលនេះស្រូវប្រាំងរបស់ពួក គាត់ប្រមាណជាង ៥០ ហិកតាកំពុងចេញកួរ និងរៀបដាក់គ្រាប់ប៉ុន្តែភាពរាំងស្ងួតដែលបានអូសបន្លាយពេលដ៏យូរ នេះបានធ្វើឲ្យដីស្រែទាំងនោះគោកប្រេះក្រហែងដែលអាចបង្កឲ្យ ស្រូវ និងដំណាំរួមផ្សំរបស់ពួកគាត់ក្រៀមស្វិត និងខូចបង់បានប្រសិនបើគ្មានទឹកផ្គត់ផ្គង់ទាន់ពេលនោះទេ។
លោក បានបន្តថាពេលពួកគាត់កំពុងកាប់កាយទំនប់នោះស្រាប់តែបុរសម្នាក់ ឈ្មោះ ឌឹក ដែលថាជាតំណាងក្រុមហ៊ុនអានកូបានមករារាំងបណ្ដាលឲ្យមានការឈ្លោះ ប្រកែកគ្នាប៉ុន្តែរឿងនេះត្រូវបានសម្របសម្រួលពីមន្ត្រីជំនាញ និងអាជ្ញាធរក្រុងប៉ោយប៉ែត។
លោក ជា បានបន្តថា៖ «យើងគ្រាន់តែត្រូវការទឹកបន្តិចបន្តួចដើម្បីសង្គ្រោះដំណាំដែល គ្រោងប្រមូលផលនៅចុងខែក្រោយប៉ុណ្ណោះ។ យើងធានាថានឹងលុបវិញក្រោយពីទទួលបានទឹកគ្រប់គ្រាន់ហើយនោះ»។
ការ កាប់ផ្ដាច់ទំនប់ដែលត្រូវបានទប់កាត់អូរព្រំដែនដើម្បីរក្សាទឹក ផ្គត់ផ្គង់ពលរដ្ឋជាង ៧ ម៉ឺនគ្រួសារនៅក្រុងប៉ោយប៉ែតខណៈរដូវប្រាំងអូសបន្លាយពេលវែងនេះ គឺជាបច្ច័យអាក្រក់សម្រាប់ពលរដ្ឋភាគច្រើននៅក្រុងនេះដែលក្នុង រយៈពេលដ៏ខ្លីខាងមុខអាចកង្វះខាតទឹកស្អាតប្រើប្រាស់ជាថ្មីទៀតដូច ឆ្នាំមុនៗ។ នេះបើតាមការអះអាងរបស់លោក ប៊ិន យ៉យ ប្រធានបច្ចេកទេសទឹកស្អាតក្រុមហ៊ុនអានកូកាលពីម្សិលមិញ។
លោក យ៉យ ថា៖ «អ្នកភូមិបានកាប់ទំនប់ដែលយើងទប់ដើម្បីរក្សាទឹកទុកបន្សុទ្ធ សម្រាប់ផលិតជាទឹកស្អាតផ្គត់ផ្គង់ដល់ពលរដ្ឋរាប់ម៉ឺនគ្រួសារនៅ ទូទាំងក្រុងប៉ោយប៉ែត។ »
ជាមួយគ្នានេះលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យបាននិយាយថាភាពរាំងស្ងួត ប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឲ្យការផ្គត់ផ្គង់ទឹកស្អាតរបស់ ក្រុមហ៊ុនមានបញ្ហាដែលកើតឡើងដោយសារតែកង្វះប្រភពទឹក។ កាលពីចុងឆ្នាំមុនក្រុមហ៊ុនបានរួមសហការជាមួយមន្ទីរជំនាញសង់ទំបន់ ទប់ទឹកនៅភាគខាងលើនៃអូរព្រំដែនដើម្បីរក្សាទឹកទុកផលិតជា ទឹកស្អាតផ្គត់ផ្គង់ពលរដ្ឋរាប់រយពាន់គ្រួសារនៅក្រុងប៉ោយប៉ែត។
លោក ប៊ុនរ៉ុម បានបញ្ជាក់ថា៖ «គ្រួសារកសិករទាំងនោះព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនកាប់បំផ្លាញ ទំនប់បង្ហូរទឹកដែលត្រូវបានគេទប់ទុកបន្សុទ្ធទឹកស្អាតផ្គត់ផ្គង់ ដល់មនុស្សរាប់ម៉ឺនគ្រួសារដែលនេះជាអំពើផ្ទុយនឹងសេចក្ដីណែនាំ របស់អាជ្ញាធររដ្ឋាភិបាល» ។
ប៉ុន្តែលោក ស៊ាង វ៉ាន់សេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យដែលមានទំនោរទៅលើប្រជាកសិករ វិញនោះបានថ្លែងថាកសិករត្រូវការទឹកតែបន្តិចបន្តួចសម្រាប់ ផ្គត់ផ្គង់ដំណាំស្រូវ និងដំណាំរួមផ្សំដែលកំពុងចេញផ្លែផ្កា និងជិតដល់ពេលប្រមូលផលប៉ុណ្ណោះ។
លោកថ្លែងថា៖ «មិនមែនតែគ្រួសារកសិករទាំងនោះទេសូម្បីតែមន្ត្រីជំនាញបច្ចេកទេស នៃឧទ្យានកសិកម្មគំរូនៃសម្ព័ន្ធភាពខេត្តបន្ទាយមានជ័យ (កម្ពុជា) និងខេត្តយូណាន (ចិន) របស់យើងក៏ត្រូវការប្រភពទឹកពីអូរនោះដើម្បីសម្រួលដល់ការលូតលាស់ ផលស្រូវក្នុងស្រែបង្ហាញរបស់យើងចំនួន ៨ ហិកតា និងដំណាំរួមផ្សំចំនួន ២ ហិកតាដើម្បីបង្ហាញដល់ប្រជាកសិករពីបច្ចេកទេសនៃការដាំដុះរបស់យើង ផងដែរ»។
លោកបាននិយាយទៀតថាទោះយ៉ាងណាករណីនេះមានការសម្រុះ សម្រួលគ្នារួចហើយដោយភាគីក្រុមហ៊ុនទឹកស្អាតបានយល់ព្រមឲ្យបើក បង្ហូរតែត្រឹមបីថ្ងៃទេហើយអ្នកភូមិក៏បានព្រមព្រៀងថានឹងទប់ ទំនប់នោះឲ្យវិញដែរ៕

2016_02_19_09_03_58

Loading...

Leave a Reply

Your email address will not be published. Required fields are marked *