ការចុះអនុវត្តសេចក្តីជូនដំណឹងរបដរដ្ឋបាលខេត្ត លើវិវាទដីធ្លីដ៏រាំរ៉ៃរវាងប្រជាពលរដ្ឋ៤៧គ្រួសារ រស់នៅឃុំរំចេក និងឃុំខ្នាសណ្តាយស្រុកបន្ទាយស្រី ជាមួយក្រុមហ៊ុន លី អ៊ុំអេង

ខេត្តសៀមរាប៖ កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារចម្រុះ ដែលដឹកនាំ ដោយលោក ភន់ សុខុម អភិបាលស្តីទីស្រុកបន្ទាយស្រី ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីររៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបន្ទាយស្រី បានចុះធ្វើការវាស់វែងស្រង់នូវទិន្នន័យក្បាលដីរបស់ប្រជាពលរដ្ឋទាំង៤៧គ្រួសារ ដែលកំពុងមានវិវាទជាមួយក្រុមហ៊ុន លី អ៊ុំអេង ស្ថិតនៅឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សកម្មភាព នេះ គឺជាការចុះអនុវត្តសេចក្តីជូនដំណឹងលេខ០០៥/១៨សជណ របស់រដ្ឋបាលខេត្តសៀមរាប លើវិវាទដីធ្លីដ៏រាំរ៉ៃ ជាង១០ឆ្នាំមកនេះ រវាងប្រជាពលរដ្ឋចំនួន៤៧គ្រួសារ រស់នៅឃុំរំចេកនិងឃុំខ្នាសណ្តាយស្រុកបន្ទាយស្រី។

ក្នុងដំណើការវាស់វែងរបស់ក្រុមការងារ មិនបានជួបនូវបញ្ហាប្រឈមគួឲ្យកត់សម្គាល់ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ៤៧គ្រួសារ មេធាវីតំណាងក្រុមហ៊ុន លី អ៊ុំអេង និងមេការដែលប្រចាំការនៅទីតាំងផ្ទាល់ក៏បានចូលរួមផងដែរ ។ ការចុះវាស់វែងដីដែលកំពុងមានវិវាទនេះរបស់គណៈកម្មការចម្រុះនាពេលនេះ ក្នុងគោលបំណងដើម្បីស្រង់នូវទិន្នន័យក្បាលដីដែលមានវិវាទឲ្យបានច្បាស់លាស់ ត្រឹមត្រូវទៅតាមចំនួនផ្ទៃដី ដែលប្រជាពលរដ្ឋបានប្តឹងកន្លងមក ចំពោះក្រុមហ៊ុន លី អ៊ុំអេង ដើម្បីយកធ្វើជាមួលដ្ឋាន ក្នុងការបន្តដំណើរការ នៃការដោះស្រាយវិវាទដីធ្លីទៅតាមនីតិវិធីដែលបានកំណត់ ពីព្រោះថាករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និង ក្រុមហ៊ុន លី អ៊ុំអេង នេះបានអូសបន្លាយជាយូរឆ្នាំមកហើយ ។ សូមបញ្ជាក់ផងដែរថា ទីតាំងដីដែលកំពុងមានវិវាទរវាងប្រជាពលរដ្ឋ ៤៧គ្រួសារ និងក្រុមហ៊ុន លី អ៊ុំអេង នេះ គឺជាទីតាំងដីគម្របព្រៃឈើរបស់រដ្ឋ ។ ក្នុងនោះដែរលោកមេធាវី តំណាងក្រុមហ៊ុន លី អ៊ុំអេង ក៏បានធ្វើការជំទាស់មិនឲ្យក្រុមការងារចុះធ្វើការវាស់វែងឡើយ ។

តែទោះជាយ៉ាងណាក្នុងការអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ក្រុមការងារបានធ្វើសកម្មភាពនៃការវាស់វែងដីវិវាទខាងលើនេះ ដោយបានបែងចែកជា០៤ក្រុមការងារ បានធ្វើការវាស់វែងក្បាលដីវិវាទសរុបបានចំនួន ៣០ក្បាលដី តាមការចង្អុលបង្ហាញរបស់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី ដែលបានដាក់ពាក្យបណ្តឹងមករដ្ឋ បាលស្រុកបន្ទាយស្រី និង រដ្ឋបាលខេត្តសៀមរាប ។ ក្នុងកិច្ចដំណើរការធ្វើការវាស់វែងបញ្ជាក់ក្បាលដីរបស់បងប្អូន ប្រជាពលរដ្ឋនាឱកាសនោះ ពួកគាត់ក៏បានទទួលសាទរ ចំពោះចំណាត់ការរបស់អាជ្ញាធរខេត្ត ក៏ដូចអាជ្ញាធរស្រុក បន្ទាយស្រី ដែលបានគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ដែលរងគ្រោះដោយការគេរំលោភយកដី ស្រែចំការរបស់ពួកគាត់ ។ ក្នុងនោះដែរក្រុមគណៈកម្មការចម្រុះ ក៏បានធ្វើការណែនាំមួយចំនួនផងដែរ ដល់បងប្អូន ប្រជាពលរដ្ឋ សូមឲ្យមានការឥតធ្មុត ក្នុងការរងចាំការដោះស្រាយរបស់អាជ្ញាធរខេត្ត ក្រោយពីការវាស់វែងនេះ ធ្វើការបូកសរុបនូវទិន្នន័យផ្ទៃក្រឡាក្បាលដី ដែលក្រុមការងារយើងបានធ្វើការវាស់វែង ទាំង៣០ក្បាលដីនេះ ។

ក្នុងដំណើរការវាស់វែងដីទំនាស់ខាងលើនេះ ត្រូវបានបញ្ចប់ការវាស់វែងនៅវេលាម៉ោង ១៦ និង០០ នាទីរសៀលនាថ្ងៃខែឆ្នាំដដែល ប្រកបទៅដោយសន្តិវិធី ៕

Loading...