ការដាក់ឲ្យដំណើរការអង្គភាពច្រកចេញ ចូលតែមួយ ដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿន មានប្រសិទ្ធភាព និងចំណេញពេលវេលា

ភ្នំ​ពេញ​៖ ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋទូទៅ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបើកដំណើរ អង្គភាពច្រកចេញ ចូលតែមួយ នៅថ្នាក់រាជធានី ក្នុងគោលបំណង ជំរុញឲ្យការអនុវត្តលើការងារ ផ្តល់សេវានេះ បានកាន់តែល្អប្រសើរឡើង។នេះបើតាមការបញ្ជាក់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសចុះពិនិត្យ បញ្ជរ និងកន្លែងធ្វើការរបស់ អង្គភាពច្រកចេញ ចូលតែមួយមានច្រកខាងមុខ និងច្រកខាងក្រោយ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ពោលក្រោយកិច្ចជុំ ជាមួយមន្ត្រីក្រោមឱវាទដែលពាក់ព័ន្ធនឹងការងារ ផ្តល់សេវាប្រជាពលរដ្ឋ ក្នុងការពង្រឹងការអនុវត្ត ការងារ មួយចំនួន ដែលក្រសួងមហាផ្ទៃបានដាក់ជូន។

លោកអភិបាលរាជធានីបានបញ្ជាក់ថា ការបើកឲ្យដំណើរការ អង្គភាពច្រកចេញ ចូលតែមួយនៅថ្នាក់រាជធានី ដើម្បីបម្រើជូននូវសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ មានប្រសិទ្ធភាព ចំណេញពេលវេលា ខណៈដែលការិយាល័យច្រកចេញ ចូលតែមួយនៅតាមបណ្តាលខណ្ឌទាំង១២ នូវមានភាពចន្លោះប្រហោង ក្នុងការបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ មិនទាន់បានល្អប្រសើរនូវឡើយ ។

លោកបានបន្ដថា ការបើកដាក់ឲ្យដំណើរការ សេវាច្រកចេញចូលតែមួយ នៅរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ ដើម្បីលុបបំបាត់ចោលនូវការលើកឡើងពីមជ្ឍដ្ឋានខាងក្រៅ និង ប្រជាពលរដ្ឋដែលតែងតែមាន ការរិះគន់ មកលើមន្តី្ររដ្ឋបាលរបស់យើងក្នុងពេលដែលពួកគាត់ ទៅរកសេវាកម្មម្តងៗ ។ កាលពីមុនប្រជាពលរដ្ឋចង់ស្នើសុំសេវាកម្មអ្វីមួយ គឺមានភាពសាំញាំ មានការពាក់ព័ន្ធច្រើនកន្លែង ឥឡូវពួកគាត់លែងពិបាកហើយ ប៉ុន្តែតម្រូវឲ្យប្រជាពលរដ្ឋ មករកសេវាតម្រូវការដែលខ្លួនចង់បានដោយខ្លួនឯងផ្ទល់ ដើម្បីជៀសវាងការចំណាយប្រាក់កាសលើសេវារត់ការ តាមរយៈអ្នកដទៃ យើងដឹងហើយថា ប្រសិនបើយើងពឹងគេ គេនឹងយកសេវាជើងសារពីបងប្អូនក្នុងតម្លៃណាដែលព្រមព្រៀងគ្នាតាមការស្ម័គ្រចិត្ត ប៉ុន្តែបើបងប្អូនចំណាយពេលតែបន្តិច ហើយមកស្វែងរកសេវាកម្មដោយខ្លួនឯងគឺ លឿនអស់លុយតិច ព្រោះការិយាល័យច្រកចេញចូលតែមួយមានគ្រប់សេវាតាមប្រកាសក្រសួងមហាផ្ទៃ ។ រាល់ទម្រង់បែបបទ និងលិខិតផ្សេងៗសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដើម្បីបំពេញ ត្រូវបានរៀបចំឲ្យមានលក្ខណៈសាមញ្ញ ខ្លី ច្បាស់លាស់ និងងាយយល់ ។

ក្នុងឱកាសនោះលោកអភិបាលក៏ជំរុញឲ្យប្រសួងនានា មានសេវាបម្រើប្រជាពលរដ្ឋ តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវយកមកដាក់នៅអង្គភាពចក្រចេញចូលតែមួយ រាជធានភ្នំពេញ ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋចាបពីពេលនេះតទៅ ។ គួររំលឹកថា៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបានបង្កើត និងដាក់ឲ្យដំណើរការជាផ្លូវកានូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្នុងស្រុក/ខណ្ឌ ក្រុង, គោលដៅចំនួន៤០រួចហើ ការិយាល័យនេះនឹងត្រូវពង្រីកនៅតាមខណ្ឌ និងស្រុកគោលដៅផ្សេងៗទៀត ដើម្បីផ្តល់សេវាដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។

សូមជម្រាប់ផងដែរ៖ការិយាល័យច្រកចេញចូលតែមួយ រាជធានីភ្នំពេញ និងដាក់ឲ្យដំណើរជាផ្លូវ ចាប់ពីថ្ងៃព្រហស្បតិ៍ទី២៦ខែកក្កដាឆ្នាំ២០១៨ខាងរទៅ ៕

 

 

Loading...