ការធ្វើសមាហរណកម្ម​តំបន់ គឺជា​កាលានុវត្តភាព​ប្រវត្តិសាស្ត្រ សម្រាប់​ភាពជឿនលឿន និង វិបុលភាព​របស់​កម្ពុ​ជា​

ភ្នំពេញ: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ ការ ធ្វើសមាហរណកម្ម តំបន់ គឺជា​កាលានុវត្តភាព​ប្រវត្តិសាស្ត្រ សម្រាប់​ភាពជឿនលឿន និង​វិបុលភាព​របស់​កម្ពុជា ។

​សម្តេច​តេ​ជោ មានប្រសាសន៍​បន្តថា កម្ពុជា​គឺជា​ប្រទេស​បើកចំហ នៅ​តំបន់​អាស៊ី និង​អាស៊ាន ជា​ប្រទេស​ប្រកបដោយ​ជវភាព​ខ្ពស់ មាន​អំណោយផល ពី​ផល​លាភ​ប្រជារាស្ត្រ និង ជា​ប្រទេស ដែល​សំរេចបាន នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ប្រកប ដោយ​ចិ​រ​ភាព​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្ស​កន្លងមក ក៏ដូចជា​សម្រេចបាន​នូវ​ការកាត់បន្ថយ​ភាពក្រីក្រ យ៉ាង​ឆាប់រហ័ស ហើយ​ថែមទាំង​មាន សក្តានុពល​ឈានទៅ​ជា ប្រទេស​មាន​ចំណូល​មធ្យម មួយ​រឹងមាំ​។​
​ ​
សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក លើក​ទី​៤៥ បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ នៅ​ទីក្រុង​ដា​វ៉ូស​ក្លូ​ស្ទឺ​រ ប្រទេស​ស្វី​ស កាលពី​ព្រឹក ថ្ងៃទី​២៣ ខែមករា ឆ្នាំ ២០១៥ ដែលមាន​របៀបវារៈ​សំខាន់​ចំនួន​៥ ។​
​ ​
​តាម​ការផ្សាយ​របស់ ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹងថា​៖ នៅក្នុង​របៀបវារៈ ក្រោម​ប្រធានបទ តើ​សេដ្ឋកិច្ច​អាស៊ាន ទទួលផល​ប្រយោជន៍ ពី​សមាហរណកម្ម ក្នុង​តំបន់​ដ៏​ទូលំទូលាយ យ៉ាងដូចម្តេច ក្នុង​បរិការណ៍​សេដ្ឋកិច្ច សកលលោក​ថ្មី ដែល​ធ្វើឡើង នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៥​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថាៈ ការបង្កើតឡើង​នូវ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែលមាន​គោលដៅ សំរេច​ឲ្យ​បាន​នូវ​សក្តានុពល នៃ​លំហូ​ដោយ​សេរី នូវ​ទំនិញ​មូលធន និង​ពលករ​ជំនាញ និង​ផ្តល់​ជា​ឱកាស​ដ៏​ធំធេង សម្រាប់​អាស៊ាន ប្រែខ្លួន​ឲ្យ​ទៅ​ជាម​ជ្ឈ មណ្ឌល​ផលិតកម្ម នៃ​ពិភពលោក និង​ជាទី​ផ្សារ​តំបន់​ដ៏​ធំ​មួយ និង​ប្រកបដោយ​ភាព​ប្រកួតប្រជែង​។​
​ ​
​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា តាមរយៈ​ការពង្រឹង តួនាទី​ស្នូល​របស់ ខ្លួន អាស៊ាន​នឹង​អាច​ទាញយក ផលចំណេញ​ជាច្រើន ពី​និន្នាការ​ស្ទុះ​ឡើង ជាប្រចាំ​នៃ​សេដ្ឋកិច្ច​ចិន ការបង្កើតឡើង និង​បើកចំហ​ជា​បណ្តើរៗ នៃ​សេដ្ឋកិច្ច​ឥណ្ឌា និង​ចលនា​ការប្រែប្រួល​ថ្មី នៃ​សេដ្ឋកិច្ច​ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​បើក​ឡើង​នូវ​ឱកាស ពាណិជ្ជកម្ម និង​វិនិយោគ ដ៏​ច្រើន​បន្ថែម លើ​ទីផ្សារ​ប្រពៃណី​របស់ខ្លួន រួមមាន​ទីផ្សារ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។​ ​ ​ ​
​ ​ ​ ​
​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បន្ថែមថា អាស៊ាន​រំពឹងថា ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃគូ​ខាងក្រៅ តាមរយៈ​បណ្តាញ​នៃ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី អាស៊ាន​បូក ១ អាស៊ាន បូក ៣ និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ ព្រមទាំង​ការបោះ​ដៃ ទៅ​ត​ភ្ជាប់​ជាមួយនឹង ភាពជា​ដៃគូ​អន្តរ ប៉ា​ស៊ី​ហ្វី​ក នឹង​ដើរតួនាទី​ជា​យន្តការ​ដ៏​សំខាន់ សម្រាប់​អាស៊ាន ទាញយក ផលប្រយោជន៍ ពី​កាលានុវត្តភាព​ថ្មី ដែល កំពុងតែ​កើតមានឡើង ចំពោះមុខ​ស្រប​ជាមួយ និង ការបន្ត​កិច្ចប្រឹងប្រែង ដោះស្រាយ​បញ្ហា​ប្រឈម មួយចំនួន របស់ខ្លួន សម្រាប់​ធានា​នូវ​សមត្ថភាព ស្រូប​ទាញ​ប្រយោជន៍​ពី សមាហរណកម្ម​តំបន់ ដ៏​ទូលំទូលាយ​នោះ​។​ ​
​ដោយឡែក ចំពោះ​កម្ពុជា​វិញ សម្តេច​បាន​គូសបញ្ជាក់ថា ការធ្វើសមាហរណកម្ម​តំបន់ គឺជា​កាលានុវត្តភាព​ប្រវត្តិសាស្ត្រ សម្រាប់​ភាពជឿនលឿន និង​វិបុលភាព​របស់​កម្ពុជា ។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា កម្ពុជា​គឺជា​ប្រទេស​បើកចំហរ នៅ​តំបន់​អាស៊ី និង​អាស៊ាន ប្រកបដោយ​ជវភាព​ខ្ពស់ មាន​អំណោយផល ពី​ផល​លាភ​ប្រជារាស្ត្រ និង​ជា​ប្រទេស​ដែល​សំរេចបាន នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ប្រកបដោយ​ចិ​រ​ភាព ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ កន្លងមក ក៏ដូចជា សម្រេចបាន​នូវ​ការកាត់បន្ថយ ភាពក្រីក្រ​យ៉ាង​ឆាប់រហ័ស ហើយ​ថែមទាំង​មាន​សក្តានុពល ឈាន​ទៅជា​ប្រទេស មាន​ចំណូល​មធ្យម​មួយ​រឹងមាំ​។​ ​

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្រៅពី​ការគ្រោង​ដាក់ចេញ នូវ​គោលនយោបាយ អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ជម្រុញ​ការវិនិយោគ លើ​ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹង​ការតភ្ជាប់ ការដឹកជញ្ជូន និង​ប្រព័ន្ធ​ឡូ​ជី​ស្ទីក ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ក្របខណ្ឌ​និយ័តកម្ម និង​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម ការកែលម្អ​ច្បាប់​វិនិយោគ និង​ប្រព័ន្ធ​លើកទឹកចិត្ត បណ្តុះបណ្តាល​ជំនាញ ក៏ដូចជា អភិវឌ្ឍន៍​សេវា និង​ប្រព័ន្ធ​គាំពារ​សង្គម ចាំបាច់​នានា ក្នុង​គោលបំណង​ចែករំលែក ស្ថានភាព​ឈ្នះ​ឈ្នះ ជាមួយ​កម្ពុជា​។​
​ ​
​ពាក់ព័ន្ធ​ទៅនឹង​របៀបវារៈ អំពី​សន្តិសុខ​ស្បៀង ពិភពលោក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានលើកឡើង នៅក្នុង​កិច្ចប្រជុំ ដ៏​មាន​សារៈសំខាន់​នោះ​ថា បញ្ហា​គ្រោះធម្មជាតិ យ៉ាងធ្ងន់ធ្ងរ ដូចជា គ្រោះរាំងស្ងួត និង​ទឹកជំនន់ ត្រូវបាន​ព្យាករណ៍​ថា នឹង​បន្ត​កើនឡើង ដោយសារតែ​ការប្រែប្រួល អាកាសធាតុ​។ ដូចនេះ ការដោះស្រាយ បញ្ហា​សន្តិសុខ​ស្បៀង នឹង​អាស្រ័យ​ជាសំខាន់ ទៅលើ​សមត្ថភាព​របស់​យើង ក្នុងការ​គ្រប់គ្រង និង​ការកាត់បន្ថយ​នូវ ផលប៉ះពាល់​ជា​អវិជ្ជមាន ពី​ការប្រែប្រួល​អាកាសធាតុ និង​ការ​បន្សាំ​ប្រព័ន្ធ​កសិកម្ម ទៅនឹង​គ្រោះធម្មជាតិ ដ៏​ធ្ងន់ធ្ងរ​នោះ​។

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា គ​ន្លឹៈ​ក្នុង​ការធានា​ដោះស្រាយ បញ្ហា​សន្តិសុខ​ស្បៀង គឺ​ស្ថិតនៅលើ​ការប្តេជ្ញាចិត្ត និង ឆន្ទៈ​របស់​យើងទាំងអស់គ្នា ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ច សហប្រតិបត្តិការ​នានា ទាំង​ក្នុង​ក្របខណ្ឌ​តំបន់ និង​សកលលោក ព្រមទាំង​ការជំរុញ​អនុវត្ត កិច្ចព្រមព្រៀង ពាក់ព័ន្ធ​ទាំងឡាយ ដែល​យើងទាំងអស់គ្នា បានដាក់​ចេញមក ឲ្យ​បាន​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់បំផុត​។ ​ ​

​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ លើក​ទី​៤៥ នេះ មានការ​ចូលរួម ពី​មេដឹកនាំ​ពិភពលោក ប្រមាណ ៤០ ប្រទេស និង​បណ្តា​សង្គម​ស៊ីវិល បណ្ឌិតសភា ជ័យលាភី​រង្វាន់​ណូ​ប៊ែ​ល ថ្នាក់ដឹកនាំ​វ័យក្មេង អ្នកសារព័ត៌មាន និង ធុរជន​សំខាន់ៗ សរុប​ប្រមាណ​ជាង ២.៥០០ នាក់ មកពី ១៤០ ប្រទេស បាន​ជួបជុំគ្នា ក្នុង​គោលបំណង​ចែករំលែក ការ យល់ដឹង គំនិត​ផ្តួចផ្តើម និង​សកម្មភាព​ចាំបាច់​មួយចំនួន ដើម្បី​ឆ្លើយតប​ទៅនឹង បញ្ហា​ប្រឈម ដែល​កំពុង​កើតឡើង នាពេល​បច្ចុប្បន្ន ដែលមាន​ប្រធានបទ​សំខាន់ គឺ​បរិបទ​សកលលោក​ថ្មី​។ ​ ​

​ស្ថិតក្រោម​មូលបទ បរិបទ​សកលលោក​ថ្មី វេទិកា​សេដ្ឋកិច្ចពិភពលោក​ប្រចាំឆ្នាំ ២០១៥ នេះ​បាន​ផ្តល់នូវ គោលនយោបាយ​រួម ដោយ​ផ្តោត​ការយកចិត្តទុកដាក់ លើ​ការ ដោះស្រាយ បញ្ហា​ប្រឈម​ផ្នែក នយោបាយ សេដ្ឋកិច្ច សង្គម និង​បញ្ហា​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង ការផ្ទេរ​បច្ចេកវិទ្យា សម្រាប់​ជា​មូលដ្ឋាន ក្នុងការ​សម្រេចចិត្ត នាពេល​អនាគត ។

​បរិបទ​ថ្មី​នោះ នឹង​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ នូវ​ផលវិបាក​នានា ដែល​អាច​កើតមានឡើង ចំពោះមុខ និង រយៈពេល​វែង ក្នុង​អនាគត ដូចជា ឥទ្ធិពល​ជា​ប្រព័ន្ធ​នៃ កំហុស​ភូមិសាស្ត្រ នយោបាយ​ជ្រាលជ្រៅ ការធ្លាក់ចុះ នៃ​កិច្ចសហប្រតិបត្តិការ ទ្វេភាគី និង​ការកើតឡើង​នៃ យុទ្ធសាស្ត្រ​ប្រកួតប្រជែង​។ ធ្វើ​ឲ្យ​មាន​ប្រក្រតីភាព​ឡើងវិញ នៃ​គោលនយោបាយ​រូបិយវត្ថុ តាមរយៈ​ការកាត់បន្ថយ ការផ្គត់ផ្គង់​សាច់ប្រាក់ ពី​ធនាគារកណ្តាល និង​ធ្វើ​ឲ្យ​អត្រា​ការប្រាក់ កើនឡើង​វិញ នៅពេល​អនាគត ។

​ការបាត់​ជំនឿ ទៅលើ​ស្ថាប័នរដ្ឋ និង​ឯកជន រួមទាំង​ការធ្លាក់ចុះ នៃ​កិច្ចសន្ទនា រវាង​រដ្ឋាភិបាល និង ធុរជន ក្នុង​ក្របខណ្ឌ​ទូលំទូលាយ​។ ទំហំ​និង​ល្បឿន​នៃ ភាពជឿនលឿន​ផ្នែក​បច្ចេកទេស វិទ្យាសាស្ត្រ ដែល​ចាត់ទុកជា​កត្តា​ជម្រុញ និង ធ្វើ​ឲ្យ​មាន​ឥទ្ធិពល ប៉ុន្តែ​វា​ក៏​ជា​កត្តា​រំខាន និង​គំរាមកំហែង​ផងដែរ​។ ​អសមត្ថភាព ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរ ឡើង នៃ​ការគ្រប់គ្រង និង​អភិបាលកិច្ច ដែលមាន​វិសាលភាព​ទូលំទូលាយ ជាពិសេស​ធនធានធម្មជាតិ និង​លំហូ​ព័ត៌មានវិទ្យា ។ ផលវិបាក​នៃ​ប្រព័ន្ធ​អេកូឡូស៊ី សង្គម និង អាជីវកម្ម ដែល​ប៉ះពាល់​ដល់​បម្រែបម្រួល អាកាសធាតុ​ភាព អត់​ការងារ​ធ្វើ​របស់​យុវជន និង​វិសមភាព​ចំណូល ជាដើម​។​ ​ ​
​ក្នុងន័យ​ឆ្លើយតប ចំពោះ​បញ្ហា​ប្រឈម ទាំងអស់នោះ វេទិកា​សេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ​២០១៥ បាន ផ្តោតលើ​គោលដៅ​យុទ្ធសាស្ត្រ កំណែទម្រង់​ពិភពលោក និង​អភិវឌ្ឍន៍ ក្នុង​ក្របខណ្ឌ សកល តំបន់ និង កម្រិត​វិស័យ តាមរយៈ​ការដាក់ចេញ នូវ​របៀបវារៈ មួយចំនួន រួមមាន​៖

១-​របៀបវារៈ ស្តីពី​វិធីសាស្ត្រ ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​អភិបាលកិច្ច​សកល តាមរយៈ​កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋ និង​ឯកជន ។ ការពិភាក្សាគ្នា​នេះ ត្រូវបាន​រៀបចំឡើង ដោយមាន​កិច្ចសហប្រតិបត្តិការ យ៉ាង​ជិតស្និទ្ធ ជាមួយនឹង​អង្គការ​អន្តរជាតិ​នានា ក្នុង​គោលដៅ​ផ្តល់ នូវ​ធាតុ​ចូល​ក្រៅផ្លូវការ ដែលមាន​សារៈសំខាន់ សម្រាប់​ការលូតលាស់ របស់​ពិភពលោក ។

២-​របៀបវារៈ​សេដ្ឋកិច្ច​កិច្ច មាន​គោលបំណង ប្រមូលផ្តុំ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ដើម្បី​ផ្តល់​មតិយោបល់ ចំពោះ កំណើនសេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​និរន្តរភាព ធ្វើយ៉ាងណា ដើម្បី​សំរេចបាន នូវ​ក្តីសង្ឃឹម ដោយ​ទប់ទល់ និង​កំណើន​ទាប នៃ​សេដ្ឋកិច្ចពិភពលោក និង ការលេចឡើង នៃ​ហានិភ័យ ភូមិសាស្ត្រ នយោបាយ នៅក្នុង​ប្រទេស​មួយចំនួន​។

៣-​របៀបវារៈ​តំបន់ មេដឹកនាំ​ទាំងអស់ បានធ្វើ​ការសិក្សា​ស៊ីជម្រៅ អំពី​ការផ្លាស់ប្តូរ​សង្គម និង នយោបាយ ដែល​បាន និង​កំពុង​កើតមានឡើង នៅក្នុង​តំបន់​ផ្សេងៗ​គ្នា នៃ​ពិភពលោក ដោយមាន​ប្រតិបត្តិ​ករគ​ន្លឹៈ ពាក់ព័ន្ធ​នយោបាយ រចនា សម្ព័ន្ធ​គ្រប់គ្រង ដែល​នឹង​គូសបញ្ជាក់​យ៉ាងច្បាស់ ពី​ការ​ប្រឈម ក្នុងប្រទេស និង​តំបន់​។

៤-​របៀបវារៈ ស្តីពី​ឧស្សាហកម្ម និង​ធុរកិច្ច មេដឹកនាំ​ទាំងអស់ បានធ្វើការ​ពិភាក្សាគ្នា យ៉ាង​ស៊ីជម្រៅ ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ នៃ​ការអភិវឌ្ឍ ឧស្សាហកម្ម និង​អាជីវកម្ម តាម​ម៉ូ​ដែល​ប្រព័ន្ធ​អេកូឡូស៊ី ជាពិសេស​ក្នុង​បរិបទ នវានុវត្តន៍​វិទ្យាសាស្ត្រ បច្ចេកទេស និង​នយោបាយ តាមរយៈ កិច្ចសន្ទនា​ក្រៅផ្លូវការ រវាង​ថ្នាក់ដឹកនាំ ក្នុង​វិស័យ​ដ៏​មាន​អាទិភាព​នោះ ជាមួយនឹង​រដ្ឋាភិបាល ដើម្បី​ទទួលយក​នូវ មតិយោបល់ និង​សំណើរ​ផ្សេងៗ ក្នុង​គោលដៅ​កសាង​ទំនុកចិត្ត ទៅវិញទៅមក​។

​និង​ទី​៥-​របៀបវារៈ ស្តីពី​អនាគត​មេដឹកនាំ​ទាំងអស់ បានលើកឡើង​នូវ ទស្សនៈ​នវានុវត្តន៍ ការរកឃើញ​ថ្មីៗ ដែល​អាច​កែប្រែ ពិភពលោក ដោយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយនឹង​សកម្មភាព​ប្រែប្រួល ដោយ​គិត​តាំងពី​វិស័យ​សិល្បៈ សារព័ត៌ មាន វេជ្ជសាស្ត្រ និង​បច្ចេកវិទ្យា រួមទាំង​ការពិភាក្សា ទៅលើ​បញ្ហា​ប្រឈម​សកល ផងដែរ​។​ ​ ​ ​ ​
​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) គឺជា​ស្ថាប័ន​មិន​រកប្រាក់​ចំណេញ ដែល​ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ ១៩៧១ ដែលមាន​ការិយាល័យ​ក​ណ្តា​ល នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ។

​វេទិកា​សេដ្ឋកិច្ចពិភពលោក មាន​តួនាទី​សំខាន់ គឺ​ធ្វើ​ឲ្យ​ប្រសើរឡើង នៃ​រដ្ឋ​នីមួយៗ នៅ លើ​ពិភពលោក តាមរយៈ​កិច្ចសហប្រតិបត្តិការ រវាង​ដៃគូ​សាធារណៈ និង ឯកជន ដោយ​សម្របសម្រួល រវាង​មេដឹកនាំ នយោបាយ ធុរកិច្ច​វិជ្ជាករ និង​មេដឹកនាំ​ដទៃទៀត សហ ការ​គ្នា រៀបចំ​កម្មវិធី សម្រាប់​ពិភពលោក​តំបន់ និង ឧស្សាហកម្ម ដើម្បី​កំណត់​ឲ្យ​ច្បាស់ នូវ​ការ​ប្រឈម​ដំណោះស្រាយ និង​សកម្មភាព​អនុវត្ត ជាក់ស្តែង​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *