ការធ្វេសប្រហែសបណ្តាលឲ្យក្មេងតូចៗចំនួន៤នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកបាទី

ខេត្តតាកែវ៖ នេះអាចជាការធ្វេសប្រហែសរបស់អាណាព្យាបាលដែលបណ្តោយឲ្យកូនតូចៗឃ្លាត់ពីភ្នែក ពីដៃ លុះដល់ពេលកើតរឿងចៃដន្យដែលមិននិកស្មានដល់ទើបស្តាយ ក្រោយ ដូចជាក្មេងតូចៗទាំងបួននាក់នៅស្រុកបាទី ត្រូវបាត់បង់ជីវិតត្រឹមមួយប៉ប្រិចភ្នែកក្នុងករណីលង់ទឹកស្រះ។

ហេតុការណ៍ដ៏គួរឲ្យសង្វេគមួយនេះ បានកើតឡើងនៅ ភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ នៅរសៀលម៉ោង១៦និង០០នាទី ថ្ងៃទី២០ ខែមិថុនា ២០១៩ ដោយមានក្មេងប្រុសស្រីចំនួន៤នាក់នាំគ្នាទៅលេងទឹកស្រះក្បែរវាលស្រែចង្ងាយពីផ្ទះជីដូនជាង២០០ម៉ែត្រ បណ្តាលឲ្យលង់ទឹកស្រះស្លាប់ទាំងអស់គ្នាដោយមិនអាចជួយសង្គ្រោះបាន។

ករណីនេះដែរប៉ូលីសស្រុកបាទីបានឲ្យដឹងថា ក្មេងដែលលង់ទឹកស្លាប់ខាងលើនោះមាន៤នាក់ ត្រូវជាបងប្អូនជីដូនមួយនិងគ្នា ដែលគេមុនពេលកើតហេតុ ពួកគេបាននាំគ្នាដើរលេងនៅតាមវាលស្រែក្បែរនោះ លុះមកដល់ចំណុចកើតហេតុ ក៏នាំគ្នាចុះលេងទឹកស្រះដែលមានចម្ងាយពីផ្ទះជីដូនរបស់ខ្លួនប្រហែលជាង២០០ម៉ែត្រ ក៏បណ្តាលឲ្យលង់ស្លាប់ទាំងអស់គ្នាតែម្តងទៅ។ ប៉ូលីសបន្តថា ក្មេងដែលស្លាប់ទាំង៤នាក់នោះមានឈ្មោះ៖ ទី១ ឈ្មោះ ហៀង សុខឃីម ភេទស្រី អាយុ០៥ឆ្នាំ, ទី២ឈ្មោះ ហៀង វីត ភេទប្រុស អាយុ០៣ឆ្នាំ ដែលមានឪពុកឈ្មោះ សួរ សេហាក់ និងម្តាយឈ្មោះ ផាន់ ចាន់ណា, ទី៣ឈ្មោះ នៅ ស្រីឡេង ភេទស្រី អាយុ០៣ឆ្នាំ, និងក្មេងរងគ្រោះទី៤ ឈ្មោះ នៅ ស្រីលាក់ ភេទស្រី អាយុ០៤ឆ្នាំ មានម្តាយឈ្មោះ សេក ស្រីម៉ុម ដែលក្មេងទាំង៤នាក់រស់នៅភូមិ ឃុំកើតហេតុខាងលើ។

ក្រោយពេលផ្អើលឆោរឡោរបាត់ក្មេងមិនបានប៉ុន្មានផងដោយមានការសង្ស័យលង់ទឹក ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បាននាំគ្នាចុះរាវរកនៅក្នុងស្រះ ក៏ប្រទះឃើញក្មេងៗទាំងនោះ លង់លិចទៅបាតស្រះទាំង ០៤នាក់តែម្តង។

ករណីនេះពិតជាសង្វេគនិងអណោចអាធ័មជាទីបំផុត សម្រាប់គ្រួសារនៃសពដែលត្រូវជាឪពុកម្តាយរបស់ក្មេងរងគ្រោះ ហើយនេះក៏ជាសារមួយដែរសម្រាប់អាណាព្យា បាលគ្រប់រូបដែលមានកូនតូចៗ ត្រូវប្រុងប្រយ័ត្នជាប់ជាប្រចាំជៀសវាងកើតហេតុការណ៍ដូចករណីខាងលើនេះ នាំឲ្យកើតការស្តាយក្រោយមួយជីវិត៕

 

Loading...