ការនាំចូលត្រីឆ្ដោរតាមច្រកកោះធំ កំពុងក្លាយជាអាយ៉ៃឆ្លងឆ្លើយ រវាងគយ និងស្ថាប័នជំនាញ

ខេត្តកណ្ដាល៖ ការនាំចូលត្រីឆ្ដោរពីប្រទេសវៀតណាម តាមច្រកព្រំដែនកោះធំ នៃខេត្តកណ្ដាល ពេលនេះកំពុងតែក្លាយទៅជាប្រធានបទ នៃអាយ៉ៃឆ្លើយឆ្លងយ៉ាងក្ដៅគគុក រវាងក្រុមមន្ត្រីគយ ប្រចាំច្រក និងស្ថាប័នជលផល ដែលជាស្ថាប័នជំនាញ។
លោក មួង ដារ៉ា ប្រធានស្នាក់ការគយ និងរដ្ឋាករ ប្រចាំច្រកទ្វារទ្វេភាគីជ្រៃធំ បានថ្លែងថា កានាំចូលត្រីឆ្ដោរពិតជាមានមែន តាមច្រកព្រែកស្បូវ។ លោកថា ការដឹកត្រីឆ្ដោរជាអំពើខុសច្បាប់ ហើយអ្នកអនុញ្ញាតិ គឺមានតែមន្ត្រីជំនាញជលផលទេ បើខាងជំនាញមួយនេះ មិនអនុញ្ញាតិឲ្យឈ្មួញ ក៏មិនហានដឹកដែរ។
សេចក្ដីថ្លែងនេះ បានធ្វើឡើងបន្ទាប់ពីលោក ឃ្លាំង វណ្ណធុល នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល និងលោក លី សុជាតិ អនុប្រធានការិយាល័យប្រឆាំងបទល្មើសសេដកិច្ច នៃស្នងការនគរបាលខខេត្តកណ្ដាល បានចោទប្រធានគយប្រចាំច្រកខាងលើថា មិនអើពើចាត់វិធានការចំពោះការនាំត្រីឆ្ដោរចូលពីប្រទេសវៀតណាម ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ត្រីឆ្ដោរ ដែលច្បាប់ហាមឃាតិ ត្រូវបាននាំចូលពីប្រទេសវៀតណាមតាមរថយន្តយីឌុប ក្នុងមួយយប់ៗយ៉ាងហោចណាស់ក៍មានជាង ១២០ តោនដែរ ដោយមេឈ្មួញម្នាក់ដែលគេស្គាល់ឈ្មោះ “ យូ” ។ ត្រីដែលគេដឹងថា បានចិញ្ចឹម និង ប្រើប្រាសដោយសារធាតុគីមីទាំងនោះ ត្រូវបានគេធ្វើការបែងចែក ទៅតាមទីផ្សារនានា ទាំងនៅក្នុងរាជធានីភ្នំពេញ និង តាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជា ។
ពាក់ព័ន្ធករណីខាងលើ កាលពីពេលថ្មីៗនេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលបានព្រមានថា ចំពោះឈ្មួញទុច្ចរិតណា ដែលហ៊ាននាំចូលត្រីឆ្ដោរខុសច្បាប់ ពីប្រទេសវៀតណាមមកស្រុកខ្មែរ តាមច្រកណា អ្នកគ្រប់គ្រងច្រកនោះជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។ ប៉ុន្តែយ៉ាងណាក៍ដោយភាពជាក់ស្ដែង គេមិនដឹងថា មានមន្ត្រីប៉ុន្មានអ្នក នឹង ប្រឈមមុខចំពោះការស៊ើបអង្កេត ហើយត្រូវទទួលទោស ក្នុងម្រិតណានោះទេ ? ៕

{9}

៣(9)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *