ការនាំចេញឈើតាមមាត់ច្រកទាន់ហន់ ខេត្តកំពត មិនស្ងប់នោះឡើយ

ខេត្តកំពត៖ ប្រភពពីអ្នកធ្លាប់រកស៊ីឈើប្រណីតនាំចេញទៅប្រទេសវៀតណាម បានធ្លោយមាត់ឲ្យដឹងថា សកម្មភាពនាំចេញឥឡូវស្ងប់ស្ងាត់មែនសំរាប់ឈើ ដែលនាំចេញតាមប៉ែកឦសាន និងខេត្តត្បូងឃ្មុំ តែសំរាប់ឈើគ្រញូង និងឈើប្រណីតផ្សេងៗទៀតដែលឈ្មួញលួចកាប់ និងប្រមួលទិញពីតំបន់ឱរ៉ាល់ហើយធ្វើការនាំចេញតាមមាត់ច្រកទាន់ហន់ខេត្តកំពតវិញ មិនស្ងប់នោះឡើយ ទោះបីមិនល្បីខ្ទរខ្ទារដូចនៅត្បូងឃ្មុំ ឬមណ្ឌលគិរីនាពេលកន្លងមក តែឈើនៅតែមានលួចនាំចេញស្ទើររាល់យប់ ។

អ្នកធ្លាប់រកស៊ីឈើតែបច្ចុប្បន្នមិនត្រូវបានគេអនុញ្ញាតឲ្យរកស៊ីតទៅទៀត បើហ៊ានរកស៊ីសមត្ថកិច្ចនឹងចាប់នោះ បានលួចបង្ហើបឲ្យដឹងថា បច្ចុប្បន្ននៅតំបន់ដែនអភិរក្សភ្នំឱរ៉ាល់ និងតំបន់ព្រៃដែលនៅជាប់ដូចជាក្នុងទឹកដីខេត្តកោះកុង ពោធិ៍សាត់ជាដើមនោះ គឺពួកឈ្មួញនៅតែនាំគ្នាបោះលុយទៅឲ្យប្រជាជនក្រីក្រ ចូលព្រៃកាប់យកមកលក់ឲ្យខ្លួនដដែល។ ចំណែកពួកឈ្មួញអ្នកមានលុយដែលបានសិទ្ធិសម្ងាត់ពិសេស គឺចាំតែទទួលទិញ និងស្តុកទុកនៅតំបន់ស្រុកឱរ៉ាល់ប៉ុណ្ណោះ។

ពេលប្រមូលទិញបានច្រើនទើបយប់ឡើងពួកគេជញ្ជូនដឹកចេញតាមរថយន្តយីឌុបបង្កប់ក្រោមពោត ដំឡូង ស្វាយជាដើម នាំចេញយកទៅលក់នៅប្រទេសវៀតណាម តាមមាត់ច្រកទាន់ហន់ ខេត្តកំពត។ ក្នុងនោះគេដឹងថា ឈើដែលឈ្មួញដឹកចេញពីស្រុកឱរ៉ាល់ គឺមាន ២ផ្លូវ ដោយផ្លូវទី១ គឺដឹកតាមផ្លូវជាតិលេខ៤៤ ចូលមកទីរួមខេត្តកំពង់ស្ពឺ ហើយឆ្ពោះតាមផ្លូវលេខ៤១ ចេញទៅស្រុកឈូកខេត្តកំពត និងផ្លូវទី២ គឺដឹកចេញពីឱរ៉ាល់តាមផ្លូវលេខ១៤២ ឆ្ពោះមកផ្លូវជាតិលេខ៤ ហើយបន្តដល់ត្រែងត្រយឹងបើកចូលតាមផ្លូវលេខ៤៣ ឆ្ពោះទៅចេញនៅស្រុកឈូក ខេត្តកំពត ដូចគ្នា ទើបបន្តទៅតាមផ្លូវលេខ៣១ ហើយបត់ចូលទៅតាមមាត់ច្រកទាន់ហន់តែម្ដង។

ឈ្មួញដែលរត់ការនាំឈើគ្រញូង ឈើប្រណីតចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យកទៅលក់នៅប្រទេសវៀតណាមតាមមាត់ច្រកទាន់ហន់ ហើយមានឥទ្ធិពលជាងគេ ត្រូវបានគេស្គាល់មានតែ ២នាក់ប៉ុណ្ណោះ គ្មានអ្នកណាហ៊ានប៉ះឡើយ គឺម្នាក់ឈ្មោះឡុង គេច្រើនហៅតាឡុងៗ និងម្នាក់ទៀតឈ្មោះថេង ធ្វើអង្គរក្ស។ ចំណែកឈ្មោះឡុង ក៏នាំចូលមកភ្នំពេញផងដែរ។ មេៗសមត្ថកិច្ចនៅតាមដងផ្លូវអ្នកណាក៏ស្គាល់មេឈ្មួញរត់ផ្លូវទាំងពីរនាក់នេះដែរ ព្រោះជាម៉ូយដាក់ខែនឹងគ្នា។

អ្នកធ្លាប់រកស៊ីឈើ តែបច្ចុប្បន្នលែងហ៊ានរកស៊ីព្រោះតែគេមិនឲ្យរក តែហ៊ានរកស៊ី ដឹកចេញគេចាប់នោះ បានលើកឡើងថា ស្រុកឱរ៉ាល់ស្ងប់ស្ងាត់មែន ថ្ងៃៗឡើងឃើញតែប្រជាជនក្រីក្ររកស៊ីដឹកឈើ អុស ធ្យូង និងឈើគ្រឿងកំប៉ិកកំប៉ុក កុំនឹកស្មានថាគ្មានអ្នករកស៊ីឈើប្រណីតឲ្យសោះ តាមពិតពួកគេឃុបឃិតគ្នារកស៊ីស្ងាត់បំផុត អ្នកគ្មានភារកិច្ចមិនងាយដឹងឡើយ គឺរថយន្តយីឌុបដឹកឈើគ្រញូង ឈើប្រណីតចេញស្ទើររាល់យប់ស្មោះ ៕

ddd

Loading...