ការនាំចេញ​ទំនិញ​កសិកម្ម​តាម​ខេត្ត​ជាប់​ព្រំដែន​ជាមួយនឹង​វៀតណាម​នៅតែ​មមាញឹក

​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ បាន​អះអាងថា ការនាំចេញ​ទំនិញ​កសិកម្ម​កម្ពុជា​តា​ម​ច្រកព្រំដែន​នៃ​បណ្តា​ខេត្ត​ជាប់ នឹង​វៀតណាម នៅតែ​មមាញឹក​ទោះជា​វិបត្តិ​កូ​វីដ ១៩ នៅតែ​គំរាមកំហែង ។

​លោក​បាន​ផ្សព្វផ្សាយ​ថា ក្នុងដំណាក់កាល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​បណ្តា ប្រទេស​លើ​សកលលោក​កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​ជាស​កល​នៃ​មេរោគ​កូ​វីដ ១៩ គឺ​បានធ្វើ​ឲ្យ​កសិផល​នៅ​កម្ពុជា​មានការ​កើនឡើង រួម​ជាមួយនឹង​ការកើនឡើង​នៃ​ការនាំ ចេញ​កសិផល​ទៅកាន់​ប្រទេសជិតខាង តាម​ច្រកទ្វារ​ភាគី ក្នុង​រយៈពេល​ជិត​បី​ខែ​ដើមឆ្នាំ ២០២១ គឺមាន​សកម្មភាព​យ៉ាងសកម្ម និង​មមាញឹក​បំផុត បើទោះបី​ប្រទេស​កម្ពុជា និង​បណ្តា​ជិតខាង បាននិងកំពុង​ប្រឈម​ជាមួយ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វិដ ១៩ យ៉ាងណាក៏ដោយ​។​

​លោក​បាន​ចែករំលែក​នៅ​ព្រឹក​ថ្ងៃនេះ ថា បរិមាណ​កសិផល​ដែល​បាន​នាំចេញ នៅក្នុង ត្រីមាស​ទី​១ ដើមឆ្នាំ ២០២១ ទៅកាន់​ប្រទេសជិតខាង​តាមរយៈ​ខេត្ត​បី គឺ រតនៈគីរី តាកែវ កំពត គឺមាន​ការកើនឡើង ហើយ​ផលិតផល​ដែល​នាំចេញ​គឺមាន ស្រូវ ដំឡូង មី​ស្រស់ ក្រៀម ស្វាយកែវ​រមៀត​ស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូង​លឿង​។

​លោក​បាន​អះអាងថា សម្រាប់ ខេត្ត​រតនគីរី មាន​នាំចេញ ចេកអំបូង​លឿង​ចំនួន ២៥.៥៦០ តោន​, ចំណិត​ដំឡូង​មី​ក្រៀម​បាន​ចំនួន ២០.០៩៤ តោន​, ម្នាស់​ស្រស់​បាន ៥៩២ តោន​, គ្រាប់ស្វាយចន្ទី​បាន ៨.០៦២ តោន​, ស្វាយកែវ​រមៀត​ស្រស់​បាន ៦៣៧​តោន​, ក្រូចថ្លុង​បាន ៧៧ តោន​, និង ខ្នុរ​បាន ២៤៨ តោន​។

​ដោយឡែក​សម្រាប់ ខេត្តតាកែវ លោក រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា គឺ​បាន​នាំចេញ​ស្រូវ ២០៦.១៦២ តោន និង ស្វាយកែវ​រមៀត​ស្រស់​បាន ២០.៣០៨ តោន​។

​លោក​បាន​បន្តទៀតថា សម្រាប់​ខេត្តកំពត​ស្រូវ​គឺមាន​បរិមាណ ៥៩.៧១០ តោន ហើយ សម្រាប់​ខេត្តស្វាយរៀង​បាន​នាំចេញ​កសិផល​មាន​ជាអាទិ៍​ដូចជា ស្រូវ​ចម្រុះ ១១៧.៨៨៣ តោន ដំឡូង​មី​ស្រស់​ចំនួន ២.២៧១​តោន ផ្លែស្វាយ​កែវ​រមៀត​ស្រស់ ៣៦.១៥៩​តោន និង​អំពៅស្ក ១៤៦ ០៤១​តោន​។ ដោយឡែក សម្រាប់​ខេត្តព្រៃវែង​វិញ​បាន​នាំ​ស្រូវ​ចេញ សរុប​ចំនួន ៧០៧.៤៣១​តោន និង​ស្វាយកែវ​រមៀត​បាន​ចំនួន ៨៩.៣៤០ តោន ៕​

Loading...