ការនាំអង្ករចេញរបស់កម្ពុជា នៅតែជួបបញ្ហាប្រឈមដដែល ខាងផ្នែកដឹកជញ្ជូន

ភ្នំពេញ: សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំអង្ករចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ គិតត្រឹមរយៈពេល ០៣ខែ ឆ្នាំ២០២១នេះ ឃើញថា ធ្លាក់ចុះប្រមាណ ៣៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ដោយសារកង្វះកុងតឺន័រ។ ប្រសិនបើការដឹកជញ្ជូន ត្រឡប់មកជាធម្មតាវិញ នោះការនាំអង្កចេញ យ៉ាងហោចណាស់ ក៏នឹងអាចមានកំណើន ប្រមាណ ២០ ភាគរយដែរ។

លោក លុន យ៉េង អគ្គលេខាធិការ នៃសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ កន្លងទៅ បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជាថា ការនាំអង្ករចេញ ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២១ នេះ មានចំនួនសរុបប្រមាណជាង ១៥ ម៉ឺនតោន ថយចុះចំនួនជាង ៧ ម៉ឺនតោន ស្មើប្រមាណជាង ៣៣ ភាគរយ ដែលចំនួននេះ តិចជាងបរិមាណនាំចេញ ក្នុងរយៈពេលដូចគ្នា ទៅនឹងឆ្នាំ២០២០ មូលហេតុដោយសារខ្វះកុងតឺន័រ ហើយការខ្វះនេះ ក៏មិនមែនមានតែកម្ពុជាដែរ គឺសកលតែម្តង។

លោកបានឲ្យដឹងថាៈ “មិនមែនរាល់ថ្ងៃ អត់កុងតឺន័រ កុងតឺនឺរ មាន ប៉ុន្តែវាមិនអាចប្រើប្រាស់សមស្រប សម្រាប់ប្រើដាក់ជាចំណីអាហារ អង្ករបាន ព្រោះអង្ករ ដែលដាក់ហើយ ត្រូវឃ្លុំបេ ត្រូវបាញ់ថ្នាំសម្លាប់សត្វល្អិត ត្រូវអីៗទៀត ដល់អ៊ីចឹងបញ្ហាធំគឺទី១.ខ្វះកុងតឺន័រ ទី២.កប៉ាល់ដែលត្រូវចូលមក បន្ថយចំនួនជើង ធ្វើឲ្យតម្លៃដែលដឹកជញ្ជូនចេញពីយើង ដឹកជញ្ជូនតាមកប៉ាល់ ផ្លូវទឹកពីនេះ ទៅដល់គោលដៅ វាឡើងខ្លះ ជាពិសេសវាឡើង សម្រាប់ប្រភេទដឹកកុងតឺន័រទេ បើត្រឹមទំនិញ ដែលអូស ឬអត់អីទេ អត់ជាថ្លៃ ថ្លៃតែទំនិញកុងតឺនឺរ ចឹងវាឡើងមិនមែនឡើងតិច វាឡើង៥ដងឯណោះ តម្លៃបើគិតជាភាគរយ គឺ៥ ០០ ភាគរយ”។

លោក លុន យ៉េង បានលើកឡើងបន្តថាៈ ដោយសារបញ្ហានេះ ធ្វើឲ្យរាំងស្ទះដល់ការនាំចេញអង្ករ របស់កម្ពុជា ពេលនេះ គឺតម្លៃដឹកជញ្ជូនទៅអឺរ៉ុប ដែលកំពុងបន្តហក់ឡើង យ៉ាងខ្ពស់ គឺចន្លោះពី ៤ពាន់ទៅ ៥ពាន់ដុល្លារ ក្នុង ១កុងតឺន័រ (ប្រភេទ ២០ ហ្វីត) តម្លៃនេះ កើនពីចន្លោះ ៨០០ ទៅ ១ពាន់ដុល្លារ កាលពីឆ្នាំមុន។ ដោយឡែក ទាក់ទិនតម្លៃអង្ករកម្ពុជា នៅទីផ្សារអន្តរជាតិ លោកបានបញ្ជាក់ថា ពុំមានការប្រែប្រួលច្រើន គួរឱ្យកត់សម្គាល់នោះទេ ដោយសារតែការបញ្ជាទិញ ពុំសូវមានច្រើនទេ។

ពាក់ព័ន្ធការនាំចេញវិស័យស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេលត្រីមាសទី១ នៃឆ្នាំ២០២១នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា មានចំនួន ១៥៣.៦៨៨ តោន ថយចុះចំនួន ៧៧.២៦០ តោន ធ្លាក់ចុះ ៣៣,៤៥ ភាគរយ តិចជាងបរិមាណនាំចេញ ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២០ ដែលមានចំនួនជាង ២៣ ម៉ឺនតោន។ ក្នុងនោះ ក្រុមហ៊ុននាំចេញអង្ករ ចំនួន ៥១ ក្រុមហ៊ុន បាននាំអង្ករចេញ ទៅកាន់ទិសដៅចំនួន ៤១ ប្រទេស ក្នុងនោះប្រទេសចិន ឈរលំដាប់ទី១, បារាំង ឈរលំដាប់ទី២, ម៉ាឡេស៊ី ឈរលំដាប់ទី៣៕

Loading...