ការបូមខ្សាច់របស់ក្រុមហ៊ុន ឡេង ជិញនៅស្រុកស្អាងធ្វើឲ្យ លំនៅឋានពលរដ្ឋជាង៣០ខ្នងប្រឈមការបាក់ចុះទន្លេ

ខេត្តកណ្តាល៖ ច្រាំងទន្លេស្ថិតនៅក្នុងភូមិកោះគ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កំពុងតែប្រឈម និងការបាក់ស្រុត ហើយអាចនាំយកផ្ទះប្រជាពលរដ្ឋ ជាង៣០ខ្នង ទៅជាមួយផងដែរ។

បញ្ហានេះត្រូវបានប្រជាពលរដ្ឋអះអាងថា កើតឡើងដោយសារតែ សាឡង់បូមខ្សាច់របស់ក្រុមហ៊ុន ឡេង ជិញ បូមអែបច្រាំងទន្លេនៅពេលយប់។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះគរ បាននិយាយថា ច្រាំងនៅក្នុងភូមិរបស់ពួកគាត់ មានការបាក់ស្រុតជាបន្តបន្ទាប់ ធ្វើឲ្យ ផ្ទះនៅមាត់ទន្លេ បានបាក់ស្រុតចូលទៅក្នុងទន្លេ ជាបន្តបន្ទាប់ផងដែរ ប៉ុន្តែបញ្ហានេះ វាកំពុងបន្តគំរាមកំហែងដល់ផ្ទះពលរដ្ឋ ជាង៣០ខ្នងទៀត ដែលអាចបាក់ស្រុតចូលទៅក្នុងទន្លេផងដែរ។

ប្រជាពលរដ្ឋរាយការណ៍ថា គ្រោះបាក់ច្រាំងនេះ កើតឡើង ដោយសារតែសាឡង់បូមខ្សាច់របស់ក្រុមហ៊ុន ឡេង ជ្រិញ ធ្វើសកម្មភាពបូមមិនគោរពតាមការផ្សព្វផ្សាយរបស់ក្រសួងរ៉ែ និងថាមពល ឬអាជ្ញាធរនោះទេ។

ប្រជាពលរដ្ឋបានបន្តថា ដោយពិនិត្យទៅឃើញ ក្រុមហ៊ុនធ្វើសកម្មភាពមិនគោរពច្បាប់នោះ ទើបពួកគាត់បានប្តឹងទៅអាជ្ញាធរ ប៉ុន្តែអាជ្ញាធរ នៅមិនទាន់យកចិត្តទុកដាក់ ឬទៅអើតមើលនោះទេ។

ប្រជាពលរដ្ឋមូលដ្ឋានថា សាឡង់បូមខ្សាច់នៅមិនឆ្ងាយពីច្រាំងទន្លេប៉ុន្មាននោះទេ គឺប្រហែលជា២០ម៉ែត្រជាងប៉ុណ្ណោះ ដោយបានធ្វើសកម្មភាពបូម នៅទីតាំងដដែលៗ ទើបបង្កឲ្យច្រាំងទន្លេបាក់ស្រុតបែបនេះ។

ប្រជាពលរដ្ឋរងគ្រោះទាំងនេះ សូមសំណូមពរដល់ក្រសួងរ៉ែ និងថាមពល ចុះពិនិត្យសាឡង់បូមខ្សាច់របស់ក្រុមហ៊ុន ឡេង ជិញ នេះផង និងបានទាមទារ ឲ្យក្រុមហ៊ុននេះសង់ច្រាំងទន្លេ និងផ្ទះសម្បែងពួកគាត់ ដែលបានខូចខាត ដោយសារការបាក់ច្រាំងទន្លេនេះ៕

Loading...