ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ បានបិទបញ្ចប់ជាមួយបរិយាកាសសន្ដិសុខ និងសណ្ដាប់ធ្នាប់

ភ្នំពេញ៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រថ្មីមួយទៀតរបស់កម្ពុជា គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានបិទបញ្ចប់ជាផ្លូវការហើយ នៅវេលាម៉ោង៣រសៀល ក្រោមបរិយាកាសសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណនៅទូទាំងប្រទេស ប្រកបដោយភាពល្អប្រសើរជាទីបំផុត ។

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ឲ្យដឹងថា ជារួមបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃការបោះឆ្នោតអាណត្តិទី៦នេះ បានបិទបញ្ចប់ដោយភាពល្អប្រសើរ គ្មានអំពើហិង្សា គ្មានគំរាមកំហែង និងការរំខានអ្វីមួយនោះឡើយនៅតាមការិយាល័យបោះឆ្នោត ទូទាំងប្រទេសកម្ពុជា ជាង២ម៉ឺនការិយាល័យនោះ។

សម្រាប់រាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន ផងដែរថា បរិយាកាសសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ បានបិទបញ្ចប់ទៅយ៉ាងល្អប្រសើរជាទីបំផុត។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតអាណត្តិទី៦នេះ ​កម្លាំងសមត្ថកិច្ចទាំងនគរបាល ទាំងអាវុធហត្ថ និងយោធាជាង៨ម៉ឺននាក់ ត្រូវបានដាក់ពង្រាយការពារសន្ដិសុខ ធានាសម្ដៅឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន។

ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍​ ជួន សុវណ្ណ បានលើកឡើងថា ប្រជាពលរដ្ឋជាច្រើនកុះករនៅរាជធានីភ្នំពេញ បាននាំគ្នាទៅចូលរួមការបោះឆ្នោត ក្រោមបរិយាកាសរីករាយ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ តាំងពីពេលបើកទ្វារម៉ោង៧ព្រឹក រហូតដល់ម៉ោងបិទបញ្ចប់ ៕

 

Loading...