ការបោះពុម្ព​ក្រដាស​ប្រាក់ រៀលថ្មីៗជំនួស​ឲ្យក្រដាស ប្រាក់​ចាស់ៗ​មិនប៉ះពាល់​ដល់តម្លៃប្រាក់​រៀលចុះ​ថោកនោះឡើយ

លោកជំទាវ ជា សេរី អគ្គនាយក​ធនាគារជាតិនៃកម្ពុជា បានមាន​ប្រសាសន៍ប្រាប់ព័ត៌មាន​​ថា ធនាគារ​ជាតិពិតជា​បាន​បោះពុម្ពក្រដាស​ប្រាក់រៀលថ្មីៗមែន ប៉ុន្តែធនាគារ​បោះពុម្ពក្រដាស​ប្រាក់ថ្មីនេះ គឺជំនួសក្រដាស​ប្រាក់​ចាស់ៗ​ដែល​ខូត​ខាតប៉ុណ្ណោះ ដូច្នេះវា​មិនផ្ដល់ផល​អាក្រក់សម្រាប់​សេដ្ឋកិច្ចកម្ពុជា ដោយសារ​តែបរិមាណប្រាក់​ច្រើនចរាចរ​លើទីផ្សារ ហើយក៏មិនធ្វើឲ្យប៉ះ​ពាល់ដល់ការ​ធ្លាក់ចុះប្រាក់​រៀលផងដែរ។

លោកជំទាវបានបន្តថា អត្រាប្តូរប្រាក់​រៀលធៀបនឹងប្រាក់​ដុល្លារអាមេរិក ហាក់បីដូចជា​ មានស្ថិរភាពល្អ ដោយ​សារធ​នា​គារ​ជាតិគ្រប់គ្រង​សាច់ប្រាក់បានល្អ។

អ្នកស្រី ស៊ាង លីម ម្ចាស់ហាង​អគារប្តូរបា្រក់ លីហួរដ៏ធំមួយ​នៅក្នុងរាជធានី​ភ្នំពេញបានប្រាប់ព័ត៌មាន​ ដែរ ថា លោក​ស្រីបានកត់សម្គាល់​ឃើញថា អត្រាប្តូរប្រាក់​រៀលធៀបនឹងដុល្លារអាមេរិក​មិនមានអ្វីគួរ​ឲ្យធ្លាក់ចុះ​នោះឡើយ ពោលគឺ​អត្រាប្តូរប្រាក់រៀល​ធៀបនឹងដុល្លារ​អាមេរិក ស្ថិតនៅក្នុងរង្វង់ ៤.០០០ រៀល ៤.០៥០ រៀល ក្នុង១ដុល្លារអាមេរិក។

លោកសី្រ ស៊ាង លីម បន្តថា ធនាគារជាតិនៃកម្ពុជា​​ពិតជា​បានបោះ​ពុម្ពក្រដាស​ប្រាក់ថ្មី ជំនួសឲ្យក្រដាស​ប្រាក់ចាស់​ៗ​ដែល​ខូចខាតពិតប្រាកដ​មែន។ លោកស្រីបញ្ជាក់​បន្ថែមថា ទីផ្សារយើងតូច បើសិនជាករណី​ធនាគារជាតិ​នៃកម្ពុជា​បោះពុម្ពក្រដាស​ប្រាក់ថ្មីៗច្រើនដោយមិន​ជំនួសក្រដាស​ប្រាក់ចាស់ៗដែលខូត​ខាតនោះទេ នោះយើង​នឹងដឹងភ្លាម ហើយបា្រកដ​ណាស់នឹងធ្វើ​ឲ្យប៉ះពាល់ដល់​ប្រាក់រៀលហើម និង ធ្លាក់ចុះ​ជាមិនខាន។

លោកស្រីបន្តថា រយៈពេល ៤-៥ ឆ្នាំកន្លងមកហើយ ធនាគារជាតិនៃ​កម្ពុជាបានគ្រប់​គ្រងអត្រាប្តូរប្រាក់​រៀលធៀប​នឹងប្រាក់​ដុល្លារ​អាមេរិកថេរ ៤០០០ រៀល ដើម្បីកុំឲ្យប៉ះ​ពាល់ដល់ បុគ្គលិក-កម្មករ-កម្មការិនី ដែលមាន​ប្រាក់ខែតិច និង ធ្វើឲ្យតម្លៃទំនិញ​ឡើងថ្លៃខ្ពស់​ផងដែរ។

យោងតាមមន្ត្រីពីធនាគារ​ជាតិនៃកម្ពុជាបាន​ឲ្យដឹងថា ការបោះពុម្ព​ក្រដាសប្រាក់ថ្មីនៅ​ក្នុងប្រទេសមួយ គឺ​ប្រ​ទេស​មួយ​នោះមានតម្រូវ​​ការចរន្តសាច់ប្រាក់​ចាំ​បាច់បំផុត ដូចជា ការបោះពុម្ព​ដើម្បីជំនួស​ក្រដាសចាស់​ដែលខូចខាត ការ​បោះ​ពុម្ពបន្ថែម​ដើម្បីបំពេញ​ថវិកាជាតិដែលប្រមូល​ពន្ធបានតិច និង បោះពុម្ព​បន្ថែម​ដើម្បីឆ្លើយ​តបទៅនឹង​ការ​កើនឡើង​សេដ្ឋកិច្ច​ជាតិ​របស់ខ្លួន។

សូមបញ្ជាក់ថា ធនាគារជាតិ​នៃកម្ពុជា បានបោះពុម្ពក្រដាស​ប្រាក់ប្រភេទថ្មីបី​ដងអំឡុងឆ្នាំ ២០១៣។ លើកទីមួយ ក្រដាសប្រាក់ប្រភេទ ១ ពាន់រៀល កាលពីខែកុម្ភៈ ឆ្នាំ ២០១៣។ លើកទីពីរ បានបោះពុម្ពប្រភេទ​ក្រដាសប្រាក់ ១សែនរៀល ចំពេលច​ម្រើនព្រះជន្មព្រះបាទ នរោត្ដម សីហមុនី កាលពីខែឧសភា ឆ្នាំ២០១៣ ហើយការ​បោះពុម្ព​លើកចុងក្រោយ​នៅក្នុងខែវិច្ឆិកា គឺប្រភេទក្រដាស​ប្រាក់ ២ ពាន់រៀលដើម្បី​អបអរសាទរខួប​អនុស្សាវរីយ៍លើកទី ៦០ ទិវាបុណ្យ​ឯករាជ្យជាតិ ៩ វិច្ឆិកា ២០១៣ និងកាលពីថ្មីៗនេះ ខែមករា ឆ្នាំ ២០១៥ ធនាគារជាតិនៃកម្ពុជា ក៏បាន​បោះពុម្ពក្រដាសប្រាក់ ១ រយរៀល និង ៥ រយរៀលផងដែរ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *