ការប្តូរពីរបបម៉ៅការទៅស្វ័យប្រកាសអាចធ្វើឱ្យអាជីវកម្មខ្នាតតូចប្រឈមនឹងការបិទទ្វារ

ភ្នំពេញ៖ការ ប្រកាន់យកមធ្យោបាយប្រមូលពន្ធ តាមរបបម៉ៅការត្រូវបានគេអនុវត្តជាទូទៅយូរមកហើយនៅប្រទេស កម្ពុជា។ ការអនុវត្តតាមរបបម៉ៅការនេះ សម្រាប់តែអាជីវកម្មមួយចំនួនដែលគ្មានផែនការហិរញ្ញវត្ថុជាក់លាក់ ឬគ្មានគណនេយ្យករគ្រប់គ្រងលំហូរសាច់ប្រាក់ ច្បាស់លាស់នាពេលកន្លងមក។ ជាមួយវិធានការរបស់រដ្ឋាភិបាលក្នុងការកែប្រែការប្រមូលពន្ធពី របបម៉ៅការ ទៅជារបបស្វ័យប្រកាសវិញ កំពុងបង្កក្តីបារម្ភជាទូទៅដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា។
ចាប់តាំងពីដើមឆ្នាំ2016មក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលការប្រមូលពន្ធតាមរបបម៉ៅការ ដោយអនុវត្តតាមរបបស្វ័យប្រកាសវិញ ដែលការផ្លាស់ប្តូរដ៏លឿនបែបនេះ បានធ្វើឱ្យម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនជួបនឹងការលំបាកជា ខ្លាំង រហូតអាចឈានទៅរកការបិទមុខរបរទៀតផង។
យុវជន ពិន រតនៈ ត្រូវជាកូន និងជាអ្នកមើលការខុសត្រូវផ្ទះសំណាក់បែបលក្ខណៈគ្រួសារដែលមាន20 បន្ទប់ យីហោ ម៉េង មានជ័យ ស្ថិតក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញនេះ បាននិយាយថាអាជីវកម្មផ្ទះសំណាក់របស់ក្រុមគ្រួសារលោក មិនមានភាពទៀងទាត់ចំពោះវត្តមានភ្ញៀវមកស្នាក់នៅនោះទេ ដោយពេលខ្លះមួយយប់មិនមានភ្ញៀវជួលមួយបន្ទប់ផង ហើយយប់ខ្លះទៀតទទួលបានត្រឹម4-5បន្ទប់ប៉ុណ្ណោះក្នុងចំណោម20 បន្ទប់។ ដោយសារតែចំនួនភ្ញៀវមកស្នាក់នៅមិនទៀងទាត់ បានបង្ខំឱ្យគ្រួសារលោកត្រូវរកថវិកាពីប្រភពផ្សេងៗដូចជា ខ្ចីបងប្អូន ឬពីធនាគារជាដើម សម្រាប់ផ្គត់ផ្គង់លើការចំណាយផ្សេងៗប្រចាំខែ ។
នៅពេលសួរអំពី មធ្យោបាយបង់ពន្ធត្រូវអនុវត្តយ៉ាងដូចម្តេចដែរ? យុវជនរូបនេះបានរៀបរាប់ថាកន្លងមកការបង់ពន្ធគឺធ្វើឡើងតាមរបប ម៉ៅការ ព្រោះគេមិនដែលមានតួលេខរបាយការណ៍ហិរញ្ញវត្ថុជាក់លាក់ និងចំណូលពិតប្រាកដនោះទេ។ នៅពេលសួរថា តើលោកយល់យ៉ាងណាចំពោះការអនុវត្តឱ្យបង់ពន្ធតាមស្វ័យប្រកាសវិញ? យុវជននេះនិយាយថា មិនដឹងធ្វើយ៉ាងម៉េចទេ ព្រោះរាល់ថ្ងៃភ្ញៀវមកស្នាក់នៅមិនទៀងទាត់ហើយខែខ្លះក៏ខាតដែរ។
ពិន រតនៈ បាននិយាយថា៖ “ការ បង់ពន្ធយើងមិនដែលគេចវេះនោះទេ តែនៅពេលដែលអាជីវកម្មរបស់យើងទប់ទល់នឹងចំណាយប្រចាំខែមិនចង់ រួចផង ហើយត្រូវបន្ថែមបន្ទុកចំណាយលើការបង់ពន្ធកាន់តែច្រើនថែមទៀត នោះវាកាន់តែធ្វើឱ្យយើងលំបាកហើយអាចសម្រេចចិត្តបោះបង់នូវមុខ របរនេះ”។
ការត្អូញត្អែររបស់ម្ចាស់អាជីវកម្ម ប្រហែលគ្មានការយោគយល់ច្រើនតទៅទៀតទេ ខណៈរដ្ឋាភិបាលកាលពីពេលថ្មីៗនេះបានអះអាងថា របបម៉ៅការបានប្រើប្រាស់មន្ត្រីប្រមូលពន្ធរហូតដល់60% ដោយប្រមូលពន្ធបានតិចតួចបំផុត គឺតិចជាង1%នៃចំណូលពន្ធសរុប។ ការប្រមូលពន្ធតាមរបបម៉ៅការបានបង្កភាពស្មុគស្មាញយ៉ាងច្រើនរវាង អ្នកជាប់ពន្ធ និងអ្នកប្រមូលពន្ធ។
កាលពីមុនរដ្ឋាភិបាលបាន បង្រៀន និងណែនាំម្ចាស់អាជីវកម្មឱ្យអនុវត្តតាមរបបម៉ៅការ តែដល់ពេលដូររបៀបអនុវត្តន៍មកយកពន្ធតាមរបបស្វ័យប្រកាសវិញ គឺមិនបានទុកពេលវេលាសមរម្យព្រមទាំងបណ្តុះបណ្តាលម្ចាស់អាជីវកម្ម ឱ្យយល់ពីយន្តការជាមុននោះទេ។ នេះបើតាមលោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
លោកឧកញ៉ាបាន លើកឡើងថា ការចាប់អនុវត្តភ្លាមបែបនេះបានធ្វើឱ្យអាជីវករ និងម្ចាស់អាជីវកម្មសហគ្រាសជាច្រើនទៀតយល់ថាជាការអនុវត្តលឿនពេក។ លោកឧកញ៉ាបានបញ្ជាក់ថា៖ “រឿងយកពន្ធតាមរបបស្វ័យប្រកាសគឺលឿន ពេក! ពួកគាត់មិនដែលអនុវត្តតាមរបៀបនេះពីមុនមក ដូច្នេះពួកគាត់តែងយល់ថាអាចប្រឈមបញ្ហាកាន់តែច្រើន”។
លោក បានបន្តថា មន្ត្រីពន្ធដារ ជាពិសេសរាជរដ្ឋាភិបាលគួរទុកពេលណែនាំ និងអប់រំអំពីរបៀបអនុវត្តថ្មីនេះ ដើម្បីចៀសវាងការព្រួយបារម្ភរបស់ម្ចាស់សហគ្រាសក្នុងស្រុកដែលកំពុង ប្រឈមបញ្ហាយ៉ាងច្រើនស្រាប់មកហើយ។
លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) និងជានាយិកាក្រុមហ៊ុននំស្រួយលីលី បាននិយាយថា តាមបទពិសោធន៍គ្រប់គ្រងសមាគមស្ត្រីកម្ពុជា លោកស្រីមើលឃើញថា សមាជិកជាង300សហគ្រាស ភាគច្រើនលើសលុបជាប្រភេទអាជីវកម្មខា្នតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដែលគ្មានប្រព័ន្ធគ្រប់គ្រងប្រាក់ចំណូល និងចំណាយត្រឹមត្រូវនោះទេ។ ពួកគាត់អនុវត្តអាជីវកម្មតាមបែបប្រពៃណី ដោយមិនបានគិតគូរដល់ប្រាក់ចំណេញសម្រាប់ទុកបង់ពន្ធជូនរដ្ឋនោះទេ។ គាត់គិតតែពីការទិញចូល និងលក់ចេញដោយទទួលបានចំណេញតិចតួចបំផុត។
លោកស្រី បានប្រាប់ថា លោកស្រីក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍លក់ដូរខ្នាតតូចដែរ ហើយដឹងថាការលក់ដូរខ្នាតតូចៗមិនចំណេញច្រើននោះទេ ដោយដើមទុន10ដុល្លារចំណេញបានត្រឹម50សេនក៏មានដែរ។
អ្នកស្រីបានអះអាងថា៖ “អាជីវកម្ម នៅកម្ពុជាខុសពីប្រទេសគេ។ ប្រទេសជឿនលឿនគេបានគិតគូររួចជាស្រេចថា តើផលិតផលមួយត្រូវលក់ថ្លៃប៉ុន្មានប្រាក់ចេញប៉ុន្មានសម្រាប់ ខ្លួនឯង ហើយប៉ុន្មានទៀតសម្រាប់ទុកបង់ពន្ធជូនរដ្ឋ? តែនៅកម្ពុជាសម្រាប់អាជីវកម្មខ្នាតតូច ពួកគាត់មិនដែលបានគិតដល់ការបង់ពន្ធជូនរដ្ឋដោយបែងចែកភាគរយផលចំណេញ តាមផលិតផលដែលត្រូវលក់នោះទេ”។
នាយិកាក្រុមហ៊ុននំស្រួយលី លី បានបន្តទៀតថាកម្ពុជាត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ការរឹតបន្តឹង ពន្ធតាមរបបស្វ័យប្រកាស ឬរបបពិតនេះដោយរដ្ឋត្រូវទុកពេល និងបង្កើនការបណ្តុះបណ្តាលដល់អាជីវកម្មទាំងនោះដើម្បីឱ្យគាត់យល់ពី ការគ្រប់គ្រងសង្វាក់ផលិតកម្ម ជាពិសេសការគ្រប់គ្រងខាងហិរញ្ញវត្ថុតែម្តង។
កាលពីថ្ងៃទី9 ខែតុលា ឆ្នាំ2014 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសមួយស្តីពីការចុះបញ្ជីពន្ធដារ។ គោលបំណងនៃប្រកាសនេះ គឺពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការចុះបញ្ជីពន្ធដារ ដើម្បីគ្រប់គ្រងទិន្នន័យសហគ្រាសនីតិបុគ្គល ឬក្រុមអាជីវកម្ម ឬសហគ្រាសឯកបុគ្គល ឬបុគ្គលទាំងឡាយឱ្យបានកាន់តែប្រសើរឡើង ពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យកាន់តែមានលក្ខណៈល្អប្រសើរ និងពង្រឹងការគាំទ្រដល់ការគ្រប់គ្រងការដាក់លិខិតប្រកាស ការធ្វើសវនកម្ម និងការប្រមូលបំណុលពន្ធ ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព។
នៅក្នុងប្រការ5 នៃប្រកាសនោះបានចែងពីកាតព្វកិច្ចនៃការចុះបញ្ជីពន្ធដារ ដោយកំណត់ថា ការចុះបញ្ជីត្រូវធ្វើឡើងក្នុងរយៈពេល15ថ្ងៃក្រោយពីចាប់ផ្តើមធ្វើ សកម្មភាពសេដ្ឋកិច្ច ឬក្រោយពីពេលទទួលបានការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬក្រសួងស្ថាប័នពាក់ព័ន្ធ។ ការចុះបញ្ជីពន្ធដារនេះតម្រូវឱ្យបង់ថ្លៃ400,000រៀលសម្រាប់ពន្ធ ស្វ័យប្រកាស ហើយ20,000រៀលសម្រាប់របបម៉ៅការ។
រាជរដ្ឋាភិបាលបាន កំណត់ថា អ្នកជាប់ពន្ធតូច ជាសហគ្រាសដែលមានផលរបរប្រចាំឆ្នាំចាប់ពី250លានរៀល (ឬ ប្រហែល62,500ដុល្លារ) ដល់700លានរៀល (ឬប្រមាណ175,000ដុល្លារ) ចំណែកអ្នកជាប់ពន្ធមធ្យម ជាសហគ្រាសដែលមានផលរបរប្រចាំឆ្នាំលើសពី700លានរៀល(ឬប្រមាណ 175,000ដុល្លារ) ដល់2,000លានរៀល (ប្រមាណ50ម៉ឺនដុល្លារ) និងអ្នកជាប់ពន្ធធំ ជាសហគ្រាសដែលមានផលរបរប្រចាំឆ្នាំលើសពី 2,000លានរៀលឡើងទៅ។
លោកស្រី កែវ មុំ បានប្រាប់ថា សម្រាប់អាជីវកម្មក្រុមហ៊ុននំស្រួយលីលី បានចាប់ផ្តើមបង់ពន្ធតាមរបបស្វ័យប្រកាសនេះរយៈពេលពីរឆ្នាំមកហើយ។ តែនៅពេលសួរថា តើការបង់ពន្ធតាមរបបស្វ័យប្រកាស និងរបបម៉ៅការ តើមួយណាមានភាពងាយស្រួលជាង? លោកស្រីហាក់នៅអល់អែកក្នុងការផ្តល់ចម្លើយដោយបែងចែកគុណសម្បត្តិ និងគុណវិបត្តិនៃរបៀបបង់ពន្ធទាំងពីរនេះ។ លោកស្រីបានលើកហេតុផលថា វាជាការលំបាកក្នុងការប្រៀបធៀបគ្នា ព្រោះការបង់ពន្ធតាមរបបស្វ័យប្រកាសមានចំនួនតិច ហើយអាជីវកម្មដែលបន្តបង់ពន្ធតាមរបបម៉ៅការមានចំនួនច្រើននៅឡើយ។
យោងតាម តួលេខជំរឿនសហគ្រាសឆ្នាំ2011 កម្ពុជាមានសហគ្រាសគ្រប់ប្រភេទជាង53ម៉ឺន ដោយរាប់ទាំងធុនតូចបំផុត តូច និងមធ្យម ប៉ុន្តែបើយោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សម្រាប់ឆ្នាំរយៈពេលពេញមួយឆ្នាំ2015 សហគ្រាសធុនតូច និងមធ្យម ផ្នែកកម្មន្តសាលនៅកម្ពុជា ដែលបានចុះបញ្ជីការអាជីវកម្មស្របច្បាប់នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម មាន38,831កន្លែងដោយបានបង្កើតការងារសរុបចំនួនជាង194,053នាក់។
លោកស្រី កែវ មុំ បាននិយាយថា៖ “ជាមួយ ការកម្រិតឱ្យទៅបង់ពន្ធតាមរបបស្វ័យប្រកាសនេះ ខ្ញុំជឿថា អាជីវកម្មខ្លះនឹងឈានទៅផ្អាកអាជីវកម្មមួយរយៈសិនដើម្បីសិក្សាមើល ពីផលប៉ះពាល់ ហើយអាជីវកម្មខ្លះអាចផ្តាស់ប្តូរទៅកាន់មុខរបរថ្មី ឬក៏បិទទ្វារអាជីវកម្មតែម្តង រួចទៅធ្វើការងារឱ្យគេជំនួសវិញក៏ថាបាន”។
ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ជឿជាក់ថាការអនុវត្តការប្រមូលពន្ធតាមរបបស្វ័យប្រកាស គឺជារឿងដែលចៀសមិនរួច គ្រាន់តែរយៈពេលនៃការអនុវត្តពេញលេញមិនអាចធ្វើបានភ្លាមៗនោះទេ។
មន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ សុំមិនឆ្លើយចំពោះការត្អូញត្អែររបស់សហគ្រាសឯកជននោះទេ។
កាល ពីថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2016 កន្លងទៅថ្មីៗនេះប្រតិបត្តិករក្នុងវិស័យអប់រំឯកជន ក៏បានសម្តែងក្តីបារម្ភចំពោះការរឹតបន្តឹងការយកពន្ធរបស់ រដ្ឋាភិបាលផងដែរ។ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមឧត្តមសិក្សាកម្ពុជា និងជាអ្នកជំនាញក្នុងរបបពន្ធដារនេះបានលើកឡើងនៅក្នុងបទបង្ហាញ ស្តីពីការប្រមូលពន្ធលើវិស័យអប់រំនៅកម្ពុជាក្នុងឆ្នាំ2016 ដោយបានលើកពីការព្រួយបារម្ភចំពោះការយកពន្ធលើវិស័យអប់រំនៅ កម្ពុជា ក្នុងឆ្នាំ2016នេះ ដែលវានឹងអាចមានផលប៉ះពាល់ ដល់វិស័យអប់រំ ខណៈវិស័យអប់រំនៅកម្ពុជា មានកម្រិតទាបនៅឡើយ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់។
បើទោះបីជាបែបនេះក្តីលោក ឧកញ៉ា តែ តាំងប៉របានលើកទឹកចិត្តឱ្យម្ចាស់សហគ្រាស និងអាជីវកម្មទាំងអស់ទៅចុះបញ្ជីនៅក្រសួងឧស្សាហកម្ម និងសិប្បកម្មឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យក្រសួងមួយនេះ និងសម្ព័ន្ធសហគ្រាសខ្នាតតូច និងមធ្យមរកលទ្ធភាពជួយអន្តរាគមន៍ ដើម្បីចៀសវាងការបិទទ្វារដោយសាររឿងបង់ពន្ធនេះ។
លោកឧកញ៉ាមានប្រសាសន៍ថា៖ “ខ្ញុំ ជឿថា ទាំងរដ្ឋាភិបាល និងពន្ធដារមិនចង់ឃើញការបិទទ្វារអាជីវកម្មណាមួយនោះទេ ហើយខ្ញុំក៏សូមអំពាវនាវឱ្យម្ចាស់អាជីវកម្មណាមួយដែលមានបញ្ហាសូម បញ្ជូនព័ត៌មានស្តីពីការលំបាកទាំងនោះមកខ្ញុំ ដើម្បីឱ្យខ្ញុំបានលើកបញ្ហានោះជាមួយរដ្ឋាភិបាល ក្នុងនាមជាសហប្រធានផ្នែកឯកជន”៕

IMG-12

Loading...

Leave a Reply

Your email address will not be published. Required fields are marked *