ការប្រកួតជើងឯកកីឡាទោចក្រយានថ្នាក់ជាតិឆ្នាំ២០២០ សហព័ន្ធមានគោលដៅធំពីរ

(ភ្នំពេញ)៖ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក នូ ចំរើន បានថ្លែងថា ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះ សហព័ន្ធមានគោលដៅធំៗពីរ ដើម្បីអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជា កាន់តែរីកចម្រើនរបស់កីឡាករកីឡាការិនីឆ្ពោះទៅស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣។ការលើកឡើងបែបនេះបានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅទីស្នាក់ ការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា កាលពីរសៀលថ្ងៃទី១៩ខែមករាឆ្នាំ២០២១។

ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ត្រូវបានសហព័ន្ធប្រកាសរៀបចំការបប្រកួតជាថ្មី នៅថ្ងៃទី២២-២៣ខែមករាចុងសប្ដាហ៍ខាងមុខនេះនៅខេត្តសៀមរាប ។ លោក នូ ចំរើន បានបញ្ជាក់ថា ការប្រកួតនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៣៩០នាក់ មកពី ២៤សមាគម ក្លិប និងរាជធានី-ខេត្ត។ ប៉ុន្ដែរួមទាំងមន្ដ្រីគណៈកម្មការបច្ចេកទេស និងអ្នកស្ម័គ្រចិត្តទៀត អាចមាន អ្នកចូលរួមសរុបប្រមាណ ៥០០នាក់ ។ អ្វីដែលសំខាន់សហព័ន្ធនឹងយកឱកាសនេះ ដើម្បីពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេសនិងកីឡាករ-កីឡាការិនី ឆ្ពោះទៅស៊ី ហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។

លោកបន្ដថា គោលដៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះសហព័ន្ធមានគោលបំណងពីរ គឺទី១-អនុវត្តផែនការយុទ្ធ សាស្ដ្ររបស់សហព័ន្ធ ដោយមានការឯកភាពពីឯកឧត្តមប៉ាន សូរស័ក្ដិប្រធានសហព័ន្ធបានដាក់ចេញ គឺថាយើង ត្រូវ ពង្រឹងសមត្ថភាពគណៈកម្មការបច្ចេកទេសនិងគណៈកម្មការរៀបចំ ក្នុងដំណើរឈានទៅទទួល រៀបចំ ធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាទោចក្រយានលើឆាកអន្ដរជាតិផ្សេងៗ។ ទី២-គោល ដៅសំខាន់របស់សហព័ន្ធនោះ គឺតាមរយៈការប្រកួតនេះនិងមានការចូលរួមពីកីឡាករ-កីឡាការិនីពីគ្រប់រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ដល់ឱកាសដល់ពួកគាត់ក្នុងការបង្ហាញនូវទេពកោសល្យ ចំណេះដឹង និងជំនាញ ដូច្នេះការប្រកួតនេះក៏ដូចជាបានបង្ហាញពីការវិវឌ្ឍសមត្ថភាពនិងកម្រិតបច្ចេកទេសរបស់ពួកគាត់ផងដែរ។លើសពីនេះសហព័ន្ធក៏នឹងសម្លឹងរកអ្នកមានសមត្ថភាពត្រៀមប្រកួតស៊ីហ្គេម នៅវៀតណាម ចុងឆ្នាំ២០២១ នេះដែរ ។

ទន្ទឹមជាមួយគ្នាលោកស្រី ឈុន ណៃឈីវ តំណាងក្រុមហ៊ុនខាងលើ បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការក្លាយជាដៃគូឧបត្ថម្ភដល់សហព័ន្ធកីឡាជាតិកម្ពុជា ពិសេសកីឡាទោចក្រយានកម្ពុជា ដើម្បីរួមចំណែកជំរុញ ការអភិវឌ្ឍន៍វិស័យកីឡានេះឲ្យកាន់តែរីកចម្រើន និងឈានទៅប្រកួតដោយស្មើមុខស្មើមាត់លើឆាកអន្ដរជាតិ។ មិនតែ ប៉ុណ្ណោះ លោកស្រីក៏សង្ឃឹមថា នឹងក្លាយជាដៃគូសហការយូរអង្វែងជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយានផងដែរ៕

Loading...