ការមិនទទួលខុសត្រូវរបស់សមត្ថកិច្ចជំនាញ នឹង ធ្វើឲ្យព្រៃឈើនៅតំបន់ភ្នំព្រេច

ខេត្តមណ្ឌលគិរី៖ ការកាប់បំផ្លាញព្រៃឈើ នៅតំបន់ភ្នំព្រេច ដែលមានទីតាំង ក្នុងឃុំស្រែឈូក ស្រុកកែវសីមា និង ឃុំពូជ្រី ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់ខេត្តក្រចេះ ពេលនេះត្រូវគេរាយការណ៍ថា កំពុងតែស្ថិតក្នុងសភាពរាលដាល យ៉ាងអនាធិបតេយ្យ ខណៈដែលសមត្ថកិច្ចជំនាញពុំមានការទទួលខុសត្រូវ ។ ក្នុងស្ថានភាពបែបនេះគេជឿថា តំបន់ភ្នំព្រេច ដ៍សំបូរព្រៃឈើ មិនយូរប៉ុន្មាន និង ក្លាយ ជាទីវាលរហោស្ថាន ។
ផ្អែកតាមប្រភពឲ្យដឹងថា មានឈ្មួញប្រកបដោយឥទ្ធិពលជាច្រើននាក់ដែលក្នុងនោះ ម្នាក់ត្រូវគេស្គាល់ឈ្មោះ ឃី ផេង ជាថៅកែខារ៉ាអូខេ ដាយមិនស៊ីតធី ក្នុងក្រុងក្រចេះ និង មានតួនាទីជាមន្ត្រីយោធានៅតំបន់ប្រតិបត្តិការសឹករងក្រចេះផងដែរ នោះ បានប្រើប្រាស់កម្លាំងកម្មករជាច្រើននាក់ កាប់ទន្ទ្រានព្រៃនៅចំណុចភ្នំង៉ត , អូរជើងរើង ល្ប៉ោះល្មាញ និង ធ្លាក់រហូតដល់ចំណុច DA ទៀតផង ។ ជាមួយគ្នាក៍មានការដឹកឈើចេញក្នុងមួយថ្ងៃៗ ប្រមាណពី ៣០ ទៅ ៤០ រថយន្តយីឌុប និង រាប់រយគោយន្ត ដោយពុំមានការអើពើ ពីសមត្ថកិច្ចជំនាញឡើយ ។
ឈ្មួញឈើ ឈ្មោះ ឃី ផេង ដែលប្រើប្រាស់តួនាទីជាមន្ត្រីយោធាជាខែលនោះ មិនអាចទាក់ទងសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ កាលពីព្រឹកមិញ , ប៉ុន្តែយ៉ាងណាក៍ដោយឈ្មួញឈើដុះស្លែរូបនេះធ្លាប់ថ្លែងប្រាប់ ANN កាលពីពេលកន្លងទៅ ដោយទទួលស្គាល់ថា គេពិតជាបានកាប់ឈើ នៅតំបន់ខាងលើមែន ប៉ុន្តែមិនមែនមានតែគេទេ គឺមានឈ្មួញជាច្រើនទៀត ក៍បានកាប់នៅទីនោះដែរ ។
ទាក់ទងបញ្ហានេះ លោក វង់ សុខសេរី ដែលទើបត្រូវបានផ្លាសមកកាន់តួនាទីជានាយខណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរី បានថ្លែងកាលពីព្រឹកថ្ងៃទី ៩ ធ្នូ នេះថា តំបន់ភ្នំព្រេច មិនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើទេ គឺវាស្ថិតក្រោមការគ្រប់គ្រងរបស់ដែនជម្រកសត្វព្រៃ ។
ចំណែកលោក សំរ៉ង់ ឌីវិចិត្រ នាយកដែនជំរកសត្វភ្នំព្រេចកន្លងទៅធ្លាប់បានប្រាប់ANN ថា ពុំមានការកាប់បំផ្លាញព្រៃឈើ នៅតំបន់ដែលលោក គ្រប់គ្រងទេ , ប៉ុន្តែអាចមានការកាប់នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើ ។
ការឆ្លើយទម្លាក់បញ្ហាដាក់គ្នារបស់សមត្ថកិច្ចដោយពុំមានទំនួល ខុសត្រូវនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនលើកឡើងថា វាបានផ្ដល់លទ្ធភាពយ៉ាងដាច់បង្ហៀរដល់ការប្រព្រឹត្តបទល្មើសព្រៃឈើ ហើយមិនយូរប៉ុន្មានភ្នំព្រេច នឹង អស់ឈើ ៕

IMG_2085 - Copy(1)

IMG_2094

Loading...

Leave a Reply

Your email address will not be published. Required fields are marked *