ការហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជាកំពុងត្រូវបានយកចិត្តទុកដាក់ពង្រឹងយន្តការលើផែនការឆ្ពោះទៅស៊ីហ្គេម

ភ្នំពេញ៖ ក្រៅអំពីការរៀបចំ ការងារទូទៅ នៅក្នុងឆ្នាំ២០២១ យើងពឹងផ្អែកទៅលើផ្នែក បច្ចេកទេស របស់កីឡាករ កីឡាការិនី ជម្រើសជាតិដែរ ដើម្បីត្រៀមទៅចូលរួម ប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដោយស៊ីហ្គេម ឆ្នាំ២០២១ គឺជាហ្គេម យុទ្ធសាស្ត្រវាស់ស្ទង់សមត្ថភាព ក្រុមជម្រើសជាតិ ឆ្ពោះទៅស៊ីហ្កេម ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការថ្លែងបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា នៅក្នុងការត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម គឺការហ្វឹកហាត់របស់ ក្រុមជម្រើសជាតិកម្ពុជា កំពុងត្រូវបាន ក្រសួង អប់រំ យុវជន និងកីឡា មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ក៏ដូចជា អគ្គនាយកដ្ឋានកីឡា យកចិត្តទុកដាក់ពង្រឹង យន្តការលើការប្រមូលផ្តុំហ្វឹកហាត់ ឱ្យមានប្រសិទ្ធភាព ជាងមុនដែរ ខណៈ ដែលក្នុងស្ថានភាព នៃវិបត្តិជំងឺកូវីដ-១៩នេះ ក្រុមជម្រើសជាតិ គ្រប់ប្រភេទកីឡាទាំងអស់ ត្រូវបានរំសាយការហ្វឹកហាត់ លក្ខណៈប្រមូលផ្តុំ និងបន្តការហ្វឹកហាត់ នៅតាមផ្ទះរៀងៗខ្លួន ឬបំបែកជាក្រុមតូចៗ។

លោក អគ្គលេខាធិការ បានបន្ថែមថា ការហ្វឹកហាត់ នៅប្រទេសចិន គឺយើងសង្ឃឹមថា គុណភាពបច្ចេកទេស របស់ក្រុមជម្រើសជាតិកម្ពុជា នឹងអាច មានសន្ទុះកើនឡើងខ្លាំង ដែលកម្ពុជា គ្រោងនឹងបញ្ជូនក្រុមជម្រើសជាតិ ចន្លោះពី១២ ទៅ១៣ប្រភេទកីឡា ក្នុងចំណោម ប្រភេទកីឡា សរុបជិត៣០ប្រភេទកីឡា ដែលត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម។

ទន្ទឹមនេះ នៅឆ្នាំ២០២១ បើស្ថានភាព វិបត្តិជំងឺនេះធូស្រាល CAMSOC មានផែនការ នឹងបញ្ជូនក្រុមជម្រើសជាតិ ទៅហ្វឹកហាត់ នៅក្រៅប្រទេស រយៈពេលខ្លីចន្លោះពី១សប្តាហ៍ ទៅ១ខែម្តង មួយប្រភេទកីឡា ជាដើម ប្រសិនបើ មិនមានការផ្លាស់ប្តូរ ក្នុងការហ្វឹកហាត់ ឬការប្រកួត ជាមួយដៃគូល្អៗ ទេ គឺនឹងអាចធ្វើឱ្យ មានបញ្ហាស័ក្តិសិទ្ធភាព បច្ចេកទេស របស់ក្រុមកីឡា ៕

Loading...