ការអនុម័តថវិការបស់សហភាពអឺរ៉ុបទប់ទល់នឹងកូវីដ-១៩ត្រូវជាប់គាំងដោយសារប្រទេសហុងគ្រី និងប៉ូឡូញធ្វើពហិកា

ប្រទេសហុងគ្រី និងប៉ូឡូញបានរារាំងការអនុម័តថវិការបស់សហភាពអឺរ៉ុបដើម្បីផ្តល់មូលនិធិជួយប្រទេសក្នុងតំបន់អឺរ៉ុបក្នុងវិបត្តិកូវីដ-១៩។ កញ្ចប់ថវិកានោះមានប្រមាណ៧៥០លានអឺរ៉ូ ប្រមាណ៨៨៨លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA កាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ។

ឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកទាំង២៧របស់អឺរ៉ុប នៅទីក្រុងប្រ៊ុចសែលមិនអាចគាំទ្រថវិកាបានទេ ពីព្រោះប្រទេសទាំងពីរខាងលើបានប្រឆាំង និងធ្វើពហិកាការអនុម័តនេះ។

ហុងគ្រីនិងប៉ូឡូញរងការរិះគន់ថា បានរំលោភលើគោលការណ៍ប្រជាធិបតេយ្យដែលមានចែងនៅក្នុងសន្ធិសញ្ញាបង្កើតសហភាពអឺរ៉ុប។ បច្ចុប្បន្ននេះសហភាពអឺរ៉ុបកំពុងស៊ើបអង្កេតប្រទេសទាំងពីរពីបទធ្វើឱ្យអន្តរាយដល់ឯករាជ្យភាពរបស់តុលាការ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការមិនមែនរដ្ឋាភិបាល។ ប្រការនេះបានគំរាមធ្វើឱ្យប្រទេសទាំង២ខាតបង់ទឹកប្រាក់រាប់ពាន់លានអឺរ៉ូក្នុងការផ្តល់មូលនិធិរបស់សហគមន៍អឺរ៉ុប។

រដ្ឋសហភាពអឺរ៉ុបបានព្រមព្រៀងរួចហើយលើថវិកាប្រហែល១,១១១លានអឺរ៉ូសម្រាប់ឆ្នាំ២០២១-២០២៧ និងកញ្ចប់ថវិកាបន្ថែមសម្រាប់វិបត្តិកូវីដ-១៩ បន្ទាប់ពីឆ្លងកិច្ចប្រជុំកំពូលរយៈពេល៤ថ្ងៃកាលពីខែកក្កដាកន្លងទៅ ៕

 

Loading...