កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពី “ក្របខណ្ឌតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥ (IDP)”

ភ្នំពេញ៖ ព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ​ហិរញ្ញវត្ថុ, លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន​គណៈកម្មា​ធិការ​គោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និង​ពិភាក្សា​លើ “ក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥ (Industrial Development Policy – IDP)” និងការរៀបចំនូវ “សូចនាករ​គន្លឹះកម្រិតយុទ្ធសាស្ត្រ និងកម្រិតវិស័យ” សម្រាប់ការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម​កម្ពុជានេះ ។ កិច្ចប្រជុំ មាន ការអញ្ជើញ​​ចូលរួម​ពីសំណាកលោកទេសរដ្ឋមន្ត្រី, លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​របស់ រាជរដ្ឋាភិបាល ។

រៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្របខណ្ឌតាមដាន និងវាយតម្លៃ ការអនុវត្ត IDP នេះ មាន គោលបំណង៖ ១. រៀបចំ​ឱ្យមានប្រព័ន្ធតាមដាន និងវាយតម្លៃការអនុវត្ត IDP ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ, ២. កំណត់អំពីដំណើរការ, វិធីសាស្រ្ត, យន្តការ និងស្ថាប័នទទួលខុស​ត្រូវក្នុង​ការរាយការណ៍, គ្រប់គ្រង​ និងវិភាគ ទិន្នន័យ និងការរៀបចំរបាយការណ៍តាមដាន និងវាយតម្លៃ និង ៣. កំណត់ពីបញ្ហាប្រឈម និងហានិភ័យ ក្នុង ការតាមដាន និងវាយតម្លៃ ។ ក្នុងន័យនេះ, ការតាមដាន និងវាយតម្លៃការអនុវត្ត IDP បានចែកចេញជា ៣ កម្រិត គឺ៖

កម្រិតយុទ្ធសាស្ត្រ ឬកម្រិតម៉ាក្រូ ផ្តោតលើចក្ខុវិស័យ រួមទាំងគោលបំណង និងគោលដៅ ជា​លទ្ធផល​ចុងក្រោយ ឬរយៈពេលវែង (Final Outcome) ដែលជាបច្ច័យចូលរួមក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម,

កម្រិតវិស័យ ផ្តោតលើក្របខណ្ឌយុទ្ធសាស្ត្រ ជាលទ្ធផលបន្ទាប់ ឬ រយៈពេលមធ្យម (Immediate Outcome) នៃគោលនយោបាយ, និងកម្រិតប្រតិបត្តិ ផ្តោតលើវិធានការគន្លឹះបួនជាក់ស្ដែង និងវិធានការគោលនយោបាយ និងផែនការ សកម្មភាព ជាលទ្ធផលដំបូង ឬ រយៈពេលខ្លី (Outputs)។

ជារួម, អង្គប្រជុំ បានឯកភាពថា ក្របខណ្ឌតាមដាន និងវាយតម្លៃនេះ នឹងដើរតួជាត្រីវិស័យ​ក្នុង​ការរៀបចំ និងអនុវត្តប្រព័ន្ធ​តាមដាន និងវាយតម្លៃការអនុវត្ត IDP ដ៏ពេញលេញមួយដែលមានលក្ខណៈ​គ្រប់​ជ្រុងជ្រោយ, មានតម្លាភាព និងមានការចូលរួមពិគ្រោះយោបល់ពីគ្រប់តួអង្គពាក់ព័ន្ធ ដោយមានកំណត់​នូវ​សូចនាករ និង​គោលដៅ​ថ្មី​បន្ថែម​ទៀត ដែលអាចវាស់វែងបាន ហើយឆ្លើយតបទៅនឹងអាទិភាពនៃតម្រូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ។ ទោះបីជាយ៉ាងនេះក្តី, សូចនាករសរុប​មានចំនួនច្រើន ដែលទាមទារ​ការពិនិត្យឡើងវិញ​ផ្អែក​លើ​ទិដ្ឋភាព​ទិន្នន័យ និងភាពប្រទាក់ក្រឡាគ្នាជាមួយនឹង​គោលបំណងគោលនយោបាយដែលបានកំណត់ក្នុង IDP ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធាន​អង្គប្រជុំ ​បាន​ថ្លែង​​អំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ​ដែលបានខិត​ខំ​ប្រឹងប្រែង និង​ចូលរួម ​យ៉ាង​សកម្មក្នុ​ង​ការរៀបចំ និង​ផ្តល់ធាតុចូល​ដ៏មានសារៈសំខាន់ ក្នុងការរៀបចំក្រប​ខណ្ឌ​តាមដាន និង​វាយតម្លៃនេះ ព្រមទាំងលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ​ បន្តខិតខំអនុវត្ត និងផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយ ស្មារតីយកចិត្តទុកដាក់ខ្ពស់ តាមមុខសញ្ញា និងភាពពាក់ព័ន្ធរៀងៗខ្លួន ៕

 

 

Loading...