កិច្ចប្រជុំចង្អៀតនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ស្តីពីសេចក្ដីព្រាង យុទ្ធសាស្រ្តស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ

(ភ្នំពេញ)៖ ឯកឧត្តមអគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ​គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បា​នដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ “សេចក្ដីព្រាងយុទ្ធសាស្រ្តស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ” ដោយ​មាន​ការ​​អញ្ជើញ​​ចូល​រួម​ពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា, ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នៅទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២០។

​​​ជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីធានាបាននូវសុវត្ថិភាពរបស់សិស្សានុសិស្ស, បុគ្គលិកសិក្សា, បុគ្គលិកបម្រើការផ្សេងទៀត និងសហគមន៍ទាំងមូល ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកម្ពុជាផ្អាកដំណើរការចាប់តាំងពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០ កន្លងមក ។ ការវាយតម្លៃ​របស់ក្រសួងអប់រំ យុវជន និងកីទ្បា បានបង្ហាញឱ្យឃើញថា នៅក្នុងឆ្នាំ ២០២០ និង ២០២១ នេះគ្រឹះស្ថានសិក្សាគ្រប់ប្រភេទនឹងមិនអាចមានដំណើរការបានដូចមុនពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ឡើយ ។

គ្រឹះស្ថាន- សិក្សា ត្រូវសម្របសម្រួលទៅតាម “ជីវិតរស់នៅធម្មតាតាមគន្លងបែបថ្មី” (New Normal Life) តាមរយៈការអនុវត្ត “វិធានការសុវត្ថិភាពសិក្សា” ដើម្បីការពារសុវត្ថិភាពអ្នកសិក្សា, បុគ្គលិកសិក្សា, បុគ្គលិកបម្រើការផ្សេងទៀត និងផ្តល់ទំនុកចិត្តដល់មាតាបិតា ។ ក្នុងបរិការណ៍នេះ, ក្រសួងអប់រំ យុវជន និងកីទ្បា បានរៀបចំ “យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាទ្បើងវិញ” ដោយឈរលើអភិក្រម ២ គឺ៖ ១. ការបើកដំណើរការឡើងវិញតាមដំណាក់កាល នូវគ្រឹះស្ថានសិក្សាដែលអាចអនុវត្តបានត្រឹមត្រូវតាម “ស្តង់ដាសុវត្ថិភាពសុខភាព” និង ២. ការបន្តអនុវត្តវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ គឺការសិក្សាក្នុងថ្នាក់រៀន, ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេទ្បិចត្រូនិក (distance and e-learning) និងតាមបែបប្រពៃណី (សន្លឹកកិច្ចការជំនួយ) រួមទាំងការធ្វើស័្វយសិក្សា (សម្រាប់សិស្សនៅទីជនបទ) ។

ដោយឈរ លើអភិក្រមទាំងពីរនេះ “យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាទ្បើងវិញ” ត្រូវបានរៀបចំទ្បើងដោយឈរលើគោលការណ៍ ចំនួន ០៥ ចំណុច រួមមាន៖ ១. ក្រសួងរៀបចំការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជា ៣ ដំណាក់កាល បន្តបន្ទាប់គ្នា ។
២. គ្រឹះស្ថានសិក្សាមិនទាន់អាចដំណើរការឡើងវិញពេញលេញនៅឡើយ និងត្រូវអនុវត្តនូវវិធីសាស្ត្រចម្រុះគឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងតាមប្រព័ន្ធប្រពៃណី (សម្រាប់ទីជនបទ) រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ។
៣. ការអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញតាមដំណាក់កាលនីមួយៗ បន្ទាប់ពីគ្រឹះស្ថានសិក្សា ទាំងនោះបានត្រៀមខ្លួនរួចរាល់ និងអនុវត្តបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពដែលកំណត់ដោយក្រសួងសុខាភិបាល និងលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា​ និងការបង្រៀន ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ។
៤. ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវ ខ្ពស់ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។
៥. ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក៏ឈរលើគោលការណ៍នៃទីតាំងភូមិសាស្រ្តនៃកម្រិតហានិភ័យរបស់ការរាលដាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ ក៏បាន​ថ្លែង​អំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារនៃក្រសួង-​ស្ថាប័នពាក់​ព័ន្ធ​ ​ដែលបានផ្តល់ជាធាតុចូល និងរៀបចំឯកសារដ៏មានសារៈសំខាន់នេះ​​​ និងស្នើឱ្យក្រសួង-​ស្ថាប័នពាក់​ព័ន្ធបន្តផ្ដល់កិច្ចសហការ និងកែសម្រួលឯកសារនេះតាមស្មារតីនៃអង្គប្រជុំ ដើម្បី​ឱ្យឯកសារនេះមានភាពពេញលេញ, គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ ៕

Loading...