កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១២ខែ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តអគារ(ខ)មានបើកកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងាររយៈពេល ១២ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី លោកយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រីសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមា ជិកសមាជិកាជាច្រើនរូបទៀត ។

ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២០នេះ លទ្ធផលដែលក្រុមការងារសម្រេចបាន តាមរយៈការចុះរៀបចំវេទិកាសាធារណៈនៅតាម មូលដ្ឋាន ក្រុង ស្រុក ទាំង៨ បានចំនួន ៣០លើក ដែលមានសមាជិកសមាជិកាចូលរួមសរុប ៦.៨៤០នាក់ ស្រី ២.៩៦៣នាក់ ថ្នាក់ជាតិ ១៦៣នាក់ ស្រី ១៣៧នាក់ ថ្នាក់ក្រោមជាតិ ១.០៣៨នាក់ ស្រី ១៥៦នាក់ និងប្រជាពលរដ្ឋចូលរួមចំនួន ៥.៤៩០នាក់ ស្រី ២.៩៧៣នាក់។

តាមរយៈលទ្ធផលនៃការចូលរៀបចំវេទិកាសាធារណៈរយៈពេល ១២ខែ ឆ្នាំ២០២០នេះ យើងទទួលបាននូវសំណើ សំណូមពរ កង្វល់ និងទំនាស់សរុបចំនួន ២០៣ករណី ដោះស្រាយបានចំនួន ១៦១ ស្មើនឹង ៧៩% កំពុងដោះស្រាយចំនួន ៣៨ករណី ស្មើនឹង ១៨% មិនទាន់ដោះស្រាយចំនួន ៣ ស្មើនឹង ១% និងស្នើទៅថ្នាក់ជាតិ ១ករណី ស្មើនឹង ១%៕

Loading...