កិច្ចប្រជុំវិភាក្សាមួយដែលសាលាដំបូងខេត្តរតនគិរីបានរៀបចំឡើងដើម្បីពង្រឹងអង្គភាពពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌

ខេត្តរតនគិរី៖ កិច្ច​ជួបប្រជុំ​វិភាក្សាមួ​យ ដែល​សាលា​​ដំបូង​ខេត្ត បាន​រៀបចំ​ឡើង ដើម្បី​ពង្រឹង​អង្គភាព​ពាក់ព័ន្ធ ក្នុង​វិស័យ​យុត្តិធម៌ ព្រហ្មទណ្ឌ រវាង​ស្ថាប័ន​អយ្យការ ដើម្បី​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​និតិ​វិធី​ច្បាប់ និង​រកដ​ដំណោះស្រាយ​អំពី​បញ្ហា​ប្រឈម នៅ​ពេល​អនុវត្ត​ច្បាប់​។​

កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​អង្គារ៍ ៦​រោច ខែ​មាឃ ឆ្នាំ​រការ នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​០៦ ខែ​កម្ភះ ឆ្នាំ​២០១៨ នៅ​អាគារ សណ្ឋាគារ រតន​ស៊ី​ធី ដោយ​មាន​ការចូលរួម រវាង​ស្ថាប័ន​អយ្យការ ដែលមាន លោក ឈុន ច័ន្ទ​សីហា អនុប្រធាន​សាលាដំបូង​ខេត្ត លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចៅក្រម​សាលាដំបូង​ខេត្ត ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ប្រធាន​ពន្ធនាគារ​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្ត លោក​ប្រធាន​ពន្ធដា​ខេត្ត លោក​ប្រធាន​សាខា​កាំកុងត្រូល និង​លោកស្រី អ្នកនាង​កញ្ញា​ ។

លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី បាន​បញ្ជាក់​ក្នុង​ឳ​កាស​នោះ​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស​មួយ​ដែល​ស្ថាប័ន​អយ្យការ សាលាដំបូង​ខេត្ត និង​មន្ត្រីនគរបាល​យុត្តិធម៌ បាន​ជួបជុំគ្នា ដើម្បី​ប្រជុំ​ពង្រឹង​ការងារ​អង្គភាព​ពាក់ព័ន្ធ ក្នុង​វិស័យ​យុត្តិធម៌​ព្រហម្ម ដើម្បី​លើក​ទិសដៅ ផែនការ​ឆ្នាំ​២០១៨ និង​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ក្នុង​សកម្មភាព​អនុវត្ត​។ ក្នុង​គោលបំណង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការអនុវត្ត​ច្បាប់ ដើម្បី​ធ្វើឲ្យ​មាន​កំណើន​សេចក្ដីទុកចិត្ត​ពី​ប្រជាពលរដ្ឋ ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ និង ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ល្អ ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ ជាពិសេស ការចែករំលែក​ព័ត៌មាន ការពិភាក្សា​អំពី​បញ្ហា​ប្រឈម ការដោះស្រាយ​រួម​គ្នា ក្នុង​ការអនុវត្ត​ច្បាប់ ការចាត់ការ​លើ​បណ្ដឹង​អាជ្ញា លើកកម្ពស់​ការគោរព​សិទ្ធិ​ពលរដ្ឋ និង​កុមារ​។​

ដើម្បី​ញ៉ាំង​គោលបំណង​ខាងលើ​ឪ្យ​បានសម្រេច ព្រះរាជអាជ្ញា​ត្រូវ​រៀបចំ និង​ដឹកនាំ​អង្គប្រជុំ ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​យុត្តិធម៌​ព្រហ្មទណ្ឌ ឲ្យបាន​ទៀងទាត់ យ៉ាងហោចណាស់ ២​ខែម្ដង​។ បើ​ករណី​ចាំបាច់ និង​បន្ទាន់ ព្រះរាជអាជ្ញា ត្រូវ​រៀបចំ​ប្រជុំ​ជាមួយ​អង្គភាព​នោះ​ភ្លាម ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្ដែង​ឲ្យទាន់​ពេលវេលា​។​

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ មាន​ការពិភាក្សា​សំណួរ ដោះស្រាយ​បញ្ហា​ប្រឈម​នានា រវាង​ស្ថាប័ន​អយ្យការ និង​មន្ត្រីនគរបាល​យុត្តិធម៌ ដែល​បាន​អនុវត្ត​ច្បាប់​ជួប​បញ្ហា​ប្រឈម​កន្លងមក​ផងដែរ​។ ហើយ​កិច្ចប្រជុំនេះ​ត្រូវបាន​បញ្ចប់​នៅ​វេលា​ម៉ោង​១១.៣០​នាទី ដោយ​បាន​ពិភាក្សា​ផ្ដល់យោបល់​អំពី​ច្បាប់ និង​នីតិវិធី​ផ្សេងៗ អំពី​ច្បាប់​ផងដែរ​៕

 

 

 

Loading...