កិច្ចពិភាក្សាការងារស្តីពីការបង្កើនសមត្ថភាពក្នុងការគ្រប់គ្រង និងការពារជំងឺឆ្លងសត្វនៅកម្ពុជា

ភ្នំពេញ៖ នៅវេលាម៉ោង ៣:៣០ រសៀល ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោកបណ្ឌិត Ronelo Abila តំណាងអង្គការសុខភាពសត្វពិភពលោកប្រចាំអាស៊ីអាគ្នេយ៍ (OIE) និងសហការីចូលសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការបង្កើនសមត្ថភាពក្នុងការគ្រប់គ្រង និងការពារជំងឺឆ្លងសត្វនៅកម្ពុជា។

ដោយមានការគាំទ្រជាខ្លាំងពីស្នាក់ការធំរបស់អង្គការ OIE លោកបណ្ឌិត Abila បានដឹកថាសប្តាហ៍ក្រោយគណៈប្រតិភូជាន់ខ្ពស់និងក្រុមអ្នកជំនាញនិងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីជួយធ្វើកំណែទម្រង់លើការងារច្បាប់ផលិតកម្មសត្វ និងសុខភាពសត្វ ឲ្យកាន់តែមានប្រសិទ្ធភាព។ ហើយលោកបណ្ឌិតក៏បានអញ្ចើញលោករដ្ឋមន្ត្រីចូលរួមជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារនៅស្នាក់ការធំរបស់អង្គការនៅខែឧសភាខាងមុខនេះផងដែរ។

លោករដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះអង្គការ OIE ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយបន្តជួយលើកកម្ពស់សមត្ថភាពរបស់មន្ត្រីជំនាញក្រសួង និងប្រជាកសិករឲ្យយល់ច្បាស់អំពីសារៈសំខាន់នៃសុខភាពសត្វ និងជាពិសេសមធ្យោបាយបង្ការ និងទប់ស្កាត់ជំងឺឆ្លងសត្វនៅកម្ពុជា។

ដោយកម្ពុជានៅមានទំហំផ្ទៃដីធំទូលាយ និងមានសក្តានុពលខ្ពស់លោករដ្ឋមន្ត្រីក៏បានស្នើរឲ្យអង្គការ OIE គិតគូរគាំទ្រដល់ការចិញ្ចឹមគោជាលក្ខណៈរយៈពេលយូរអង្វែងរបស់ប្រជាកសិករ ដើម្បីបង្កើនផលិតភាពផលិតកម្ម បង្កើនប្រាក់ចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាក់ស្រុក។

ទន្ទឹមនឹងនេះ តមតាមការអញ្ជើញជាអធិបតីរបស់អង្គការ OIE ក្នុងពិធីបើកសន្និបាតបូកសរុបការងារ លោករដ្ឋមន្ត្រីនិងពិចារណាលើការអញ្ជើញចូលរួម និងផ្តល់ចម្លើយនាពេលឆាប់ៗខាងមុខនេះ៕

 

Loading...