កិច្ចព្រមព្រៀងឈប់បាញ់នៅភាគពាយព្យស៊ីរី ជារឿងសំខាន់បំផុតដើម្បីបញ្ចប់ជម្លោះកុំឲ្យរីកធំជាងនេះ

អគ្គលេខាធិការអង្គការសហប្រជាជាតិ​ បានអំពាវនាវ​ឲ្យឈប់បាញ់ភ្លាមៗ​នៅ​ភាគពាយព្យស៊ីរី មុនពេលស្ថាន​ការ​នៅទីនោះ​ហួស​ពី​សមត្ថភាពគ្រប់គ្រង ។ នេះបើតាមប្រភពព័ត៌មាន albawaba ​ផ្សាយ​នៅថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ២០២០ ។

ការអំពាវនាវ​បានការស្វាគមន៍​ដោយប្រទេស​ចំនួន​១៣ ក្នុងចំណោម​១៥ប្រទេស នៃសមាជិកក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ខណៈដែលបើកកិច្ចប្រជុំបន្ទាន់ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ សម្ពន្ធមិត្ត​ស៊ីរី​ គឺរុស្ស៊ី ហើយនិងប្រទេសចិន ​បានជំទាស់​ការប៉ុនប៉ងឲ្យមានបទឈប់បាញ់នោះ ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ​អំពាវនាវដូច្នេះ ក្រោយការវាយប្រហារតាមអាកាស​​នៅទីតាំង​ចុងក្រោយរបស់ក្រុមបះបោរ​ក្នុងខេត្តអ៊ីដលីប ទឹកដីគ្រប់គ្រង​រឹងមាំនោះ សម្លាប់​ទាហានតួកគី​យ៉ាងតិច​៣៣នាក់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ការវាយប្រហារនេះបាននាំឲ្យមានការតានតឹង​បន្ថែមទៀត​រវាង​ក្រុមប្រឆាំង​គាំទ្រដោយតួកគី និងរុស្ស៊ី ហើយមានការលើកឡើងថា ​អាច​នឹងផ្ទុះសង្គ្រាម​​ហួស​ពី​សមត្ថភាព​គ្រប់គ្រង ខណៈជនភៀសខ្លួនស៊ីរីរាប់លាននាក់​បាននិងកំពុងតែលតោល​នៅ​តំបន់មជ្ឈិមបូព៌ា​ ។

លោក Guterres បានថ្លែង​ថា លោកបានទាក់ទង​ជាប្រចាំ​ និងជិតដិតជាមួយរុស្ស៊ី ហើយនិងតួកគី អំពាវនាវ​ឲ្យមានកិច្ចឈប់បាញ់​នៅក្នុងតំបន់​អ៊ីដលីប ។ ប៉ុន្តែ​«យើងមិនទាន់សម្រេចបាននៅឡើយទេ»។ «បើគ្មានសកម្មភាពបន្ទាន់ទេ» លោកបានព្រមានថា «ហានិភ័យ​ និងស្ថានភាពតានតឹងខ្លាំងជាងនេះ នឹង​ កើតឡើងគ្រប់ម៉ោង»។

សមាជិកក្រុមប្រឹក្សាសហភាពអឺរ៉ុប​ចំនួនបួន -បារាំង, អាល្លឺម៉ង់, ប៊ែលហ្ស៊ិក និងអ៊ីស្តូនី (Estonia)-​បានថ្លែងការណ៍រួមគ្នាថា «ស្ថានការតានតឹងយោធានៅក្នុងខេត្តអ៊ីដលីប​ត្រូវតែបញ្ឈប់» ។ យើងទាមទារ​ឲ្យបញ្ឈប់​យុទ្ធនាការយោធា​នៅស៊ីរី​ ដែលមានការគាំទ្រពីរុស្ស៊ី, អនុវត្ត​ឲ្យបាន​ពេញលេញ​តាមការ​អំពាវនាវ​របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ចុះកិច្ចព្រមព្រៀងឈប់បាញ់ ហើយ​និងចាប់ផ្តើម​ដំណើរការ​ ការងារមនុស្សធម៌​ឲ្យបានភ្លាមៗ ។ យើងសូមជំរុញ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិពន្លឿន និងបង្កើន​ការចូលរួម​របស់ពួកគេ​ជាមួយ​ភាគីពាក់ព័ន្ធដើម្បីធានា​ដល់កិច្ចឈប់​បាញ់ភ្លាមៗ​នៅភាពពាយព្យស៊ីរី ។

ប្រទេសសហគមន៍អឺរ៉ុបទាំង​៤បានស្នើ​កោះប្រជុំបន្ទាន់ ព្រមមួយអន្លើដោយអង់គ្លេស, សហរដ្ឋអាមេរិក និងសាធារណរដ្ឋ​​ដូមីនីកែន (Dominican) ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Kelly Craft បានថ្កោលទោសការវាយប្រហារទៅលើកងទ័ពតួកគី “ក្នុងន័យដែលអាចធ្វើទៅបាន” ដោយហៅពួកគេថា“ អយុត្តិធម៌ទាំងស្រុង គ្មានសតិអារម្មណ៍ និងព្រៃផ្សៃ” ។ លោកស្រីបានបញ្ជាក់ជាថ្មីម្តងទៀត នូវការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យមាន“បទឈប់បាញ់ជាបន្ទាន់ សុពលភាពរយៈពេលយូរ និងអាចផ្ទៀងផ្ទាត់បាន” ៕

Loading...