លទ្ធផលជំនួបពិភាក្សា៤ប្រទេសស្តីពីវិបត្តិអ៊ុយក្រែន

​ប្រភព​ពី​អ្នកចូលរួម​ក្នុង​កិច្ច​ពិភាក្សា​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ថា​ មេដឹកនាំ​ប្រទេស​អា​ល្លឺ​ម៉​ង់​ បារាំង​ រុ​ស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​បាន​សម្រេច​ព្រមព្រៀង​លើ​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​ស្ថិត​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ ។​

​លទ្ធផល​ដែល​សម្រេច​បាន​នៅ​ក្នុង​ជំនួប​ពិភាក្សា​ទាំង​យប់​ក្នុង​រដ្ឋធានី​ Minsk​ ប្រទេស​បេឡា​រុស​នោះ​មាន​ទាំង​កិច្ចព្រមព្រៀង​ឈប់​បាញ់​ផង​ដែរ​ដែល​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​តទៅ​ ហើយ​បន្តបន្ទាប់​ពី​នោះ​ទៀត​ គឺជា​ការ​ដក​អាវុធ​ធុន​ធ្ងន់​ចេញ​ឲ្យ​អស់ពី​ទីតាំង​ប្រឈម​មុខ​ដាក់​គ្នា​។​
​កិច្ចព្រមព្រៀង​ឈប់​បាញ់​ខាងលើ​នេះ​បាន​សម្រេច​ព្រម​ឡើង​ បន្ទាប់​ពី​អង្គការ​រូបិយ​វត្ថុ​អន្តរជាតិ​ IMF​ បាន​ផ្តល់​ទឹកប្រាក់​៤០​ពាន់​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ដើម្បី​ជួយ​ដល់​ប្រទេស​នេះ​គេច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​។​

​លោក​Steffen​ Seibert​ អ្នកនាំពាក្យ​របស់​អធិការបតី​អា​ល្លឺ​ម៉​ង់​លោកស្រី​ អេ​ង​ហ្គេ​ឡា​ ម៉ាក់​កែ​ល​បាន​ថ្លែង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ Twitter​ ថា​ ការ​ព្រមព្រៀង​ដែល​សម្រេច​ឡើង​បន្ទាប់​ពី​ជំនួប​ពិភាក្សា​នៅ​ទីក្រុង​ Minsk​ នោះ​គឺ​ផ្តល់​ក្តី​សង្ឃឹម​ដល់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ ។​ កិច្ច​ពិភាក្សា​មាន​រយៈពេល​១៧​ម៉ោង​នៅ​ក្នុង​ទីក្រុង​ Minsk​ ត្រូវ​បាន​បញ្ចប់​ ហើយ​បទ​ឈប់​បាញ់​ចាប់​មាន​ប្រសិទ្ធភាព​ពី​វេលា​ម៉ោង​សូន្យ​ ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ តទៅ​។​

​ប្រធានាធិបតី​ពូ​ទី​ន​ លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ បាន​ថ្លែង​ថា​ «​យើង​បាន​ព្រមព្រៀង​លើ​បញ្ហា​សំខាន់ៗ​»​។​ វិមាន​ក្រឹម​ឡាំង​បាន​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​រួម​មួយ​ថា​ មេដឹកនាំ​ទាំង​បួន​បាន​សម្រេច​អនុវត្ត​ និង​គោរព​ដែន​អ​ធិ​បេ​តយ្យ​ និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​ ។​

​លោក​ប៉េ​ត្រូ​ ប៉ូ​រ៉ូ​សេន​កូ​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​ថា​ «​លទ្ធផល​សំខាន់​ជាងគេ​ដែល​យើង​សម្រេច​បាន​គឺថា​ ចាប់ពី​ថ្ងៃ​សៅរ៍​ រហូត​ដល់​ថ្ងៃអាទិត្យ​ (​យើង​)​នឹង​មាន​សេចក្តី​ប្រកាស​មួយ​ដែល​ពុំ​មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់​ នោះ​គឺជា​កិច្ចព្រមព្រៀង​ឈប់​បាញ់​»​។​

​ប្រធានាធិបតី​បារាំង​ លោក​ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ បាន​ថ្លែង​ថា​ យើង​នៅ​មានការ​ងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​ដើម្បី​បញ្ចប់វិបត្តិ​អ៊ុយ​ក្រែ​ន​ ។​ ប៉ុន្តែ​កិច្ចព្រមព្រៀង​ដែល​សម្រេច​ពេល​នេះ​ ពិតជា​ឱកាស​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​បាន​ល្អ​ប្រសើរ​។​ លោក​បាន​ថ្លែង​ថា​ ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​រុ​ស្ស៊ី​ ដែល​មាន​ចំណុច​មួយ​ពួក​គេ​ហាក់​មិន​ចង់​យល់​ស្រប​ទាល់តែ​សោះ​ តែ​ទោះ​យ៉ាងណា​ ពួក​គេ​បាន​ចុះហត្ថលេខា​ទៅ​ហើយ​ដែរ​។​

​មេដឹកនាំ​អា​ល្លឺ​ម៉​ង់​,​ បារាំង​,​ រុ​ស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​បាន​ជួប​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​នៅ​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ ដែល​ចាប់ផ្តើម​ឡើង​តាំងពី​រសៀល​ថ្ងៃ​ពុធ​ ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ទីក្រុង​ Minsk​ ប្រទេស​បេឡា​រុស​៕​ យ៉ា​ត​ សុមេធ​

minsk-agreement

Loading...

Leave a Reply

Your email address will not be published. Required fields are marked *