កីឡាករពិការ យ៉យ កោសល ៖ អាស៊ានប៉ារ៉ាលើកទី៩ សង្ឃឹម៧០ភាគរយ នាំយកមេដាយមកជូនជាតិ

ភ្នំពេញ ៖  ដោយមានទេពកោសល្យពីកំណើត កីឡាករជនពិការ យ៉យ កោសល បានបង្ហាញពីការរំពឹងខ្ពស់ក្នុងការប្រកួតដណ្តើមយកមេដាយ ពីព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅប្រទេសម៉ាឡេស៊ី បើទោះបីនេះ ជាលើកដំបូងសម្រាប់ យ៉យ កោសល ប៉ុន្តែការជឿជាក់យ៉ាងមុតមាំនេះ ដោយសារ កោសល បានឆ្លងកាត់ការហ្វឹកហាត់ជាមួយគ្រូជនជាតិកូរ៉េ​និង គ្រូខ្មែរ ប្រកបដោយសមត្ថភាពខ្ពស់ ព្រមទាំងសិក្សាស្វែងយល់បន្ថែម ពីវិស័យកីឡាវាយកូនឃ្លីលើតុ តាមរយៈយូធូបបន្ថែម ។

កីឡាករ យ៉យ កោសល បានបញ្ជាក់ថា មុនពេលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជ្រើសរើសឲ្យចូលហ្វឹកហាត់ កីឡាវាយកូនឃ្លីលើតុ រូបគេធ្លាប់លេងកីឡាបាល់ទះ និងធ្លាប់ជាគ្រូបង្ហាត់កីឡាបាល់ទាត់ផងដែរ ។ ប៉ុន្តែបច្ចុប្បន្នកីឡាទាំង២ប្រភេទនេះរូបគេ បានបញ្ចប់សកម្មភាពចូលរួមអស់ហើយ ដោយមកចាប់យកតែកីឡាវាយកូនឃ្លីលើតុមួយប៉ុណ្តោះ ដើម្បីត្រៀមលក្ខណៈ ប្រកួតជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមរយៈពេលត្រឹមតែ១ខែ។

កីឡាករ យ៉យ កោសល ធ្លាប់បានហ្វឹកហាត់ជាមួយគ្រូបង្វឹកជនជាតិ កូរ៉េបាន១សប្តាហ៍ រួចទៅហ្វឹកហាត់បន្តជាមួយគ្រូរបស់សហព័ន្ធវាយកូនឃ្លីលើតុកម្ពុជាបន្ថែម ដើម្បីពង្រឹងសមត្ថភាព ។ ប៉ុន្មានថ្ងៃខាងមុខនេះរូបគេនឹងត្រូវទៅហ្វឹកហាត់ចំនួន១សប្តាហ៍បន្ថែមនៅប្រទេសកូរ៉េ ទើបត្រឡប់មកកម្ពុជាវិញ ត្រៀមចេញទៅប្រកួតតែម្តង។ ជុំវិញការចេញទៅចូលរួមព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១របស់ យ៉យ កោសល នេះដែរគេហាក់មានជំនឿចិត្ត៧០ភាគរយអាចដណ្តើមមេដាយមកជូនជាតិ ៕

Loading...