កីឡាករ ឃន គឹមហេង និង ម៉ឺន ដា អង្រួនសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥

ភ្នំពេញ៖ ជំនួបប្រកួតមិត្តភាព រវាងកីឡាករ ឃន គឹមហេង មកពីក្លិប តាព្រហ្មមានជ័យ និងកីឡាករ ម៉ឺន ដា មកពីក្លិបខ្លារខិនមានប្ញទ្ធិ បានអង្រួនសង្វៀនទូរទស្សប់ប៉ុស្តិ៍លេខ៥ ធ្វើឲ្យទស្សនិកជនជក់ចិត្តយ៉ាងខ្លាំង តាមការប្រើស្នៀត វាយតបតគ្នាតាំងពីទឹកដំបូងរហូតដល់ចប់ការប្រកួតពេញ៥ទឹក កាលពីល្ងាចថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៧ ។

ការប្រកួតរវាងកីឡាករទាំង២នាក់នេះ បានធ្វើលោកចៅក្រមដាក់ពិន្ទុទាំងរូប មិនអាចញ៉ែកឲ្យដាច់ថា កីឡាករម្នាក់ណាមានប្រៀបផ្នែកបច្ចេកទេសល្អជាងគ្នានោះទេ ។

ចំពោះសកម្មភាពប្រកួត៥ទឹករបស់កីឡាករឃន គឹមហេង និង ម៉ឺន ដា គឺផ្តើមចេញពី ឃន គឹមហេង ជាអ្នកបើកការវាយសន្ធប់មុន ប៉ុន្តែចាប់ពីទឹកទី២ អ្នកទាំងបានព្យាយាមវាយសងទៅវិញទៅមក រហូតធ្វើឲ្យកីឡាករ ម៉ឺន ដា មានស្មានបែកក្រោមភ្នែកខាងឆ្វេងក្នុងទឹកទី៣ផងដែរ។

ដំណក់ឈាមរបស់ម៉ឺន ដាក្នុងទឹកទី៣នោះ កាន់តែដុតកំហឹងរ៉ូលឲ្យ ម៉ឺន ដាបង្កើនការវាយបកមួយកម្រិតថែមទៀតទៅលើកីឡាករ ឃន គឹមហេង។ទីបំផត ឃន គឹមហេង និង ម៉ឺន ដា ត្រូវបានគណៈវិន្និច្ឆ័យសម្រេចឲ្យ លោកអាជ្ញាកណ្តាលស្មើគ្នា ដើម្បីទុកលទ្ធភាព ឲ្យអ្នកទាំងមានឱកាសប្រកួតសងសឹកគ្នាម្តងទៀត នៅពេល សមស្របណាមួយ។

ដោយឡែកកីឡាករ កុយ ចាន់តូ មកពីក្លិប គីសែមានប្ញទ្ធិអាជ្ញាធរអាវុធគីមី ប្រកួតឈ្នះកីឡាករ ឡាញ់ ផល្លា មកពីក្លិបអេភូថងកីឡាខណៈដែលកីឡាករ សៀង ទិតធិ មកពីក្លិបសម្បត្តិគុនខ្មែរ ឈ្នះកីឡាករ ប្រាក់ ស៊ីណាត មកពីក្លិប តាឯកដំបងដែកមានប្ញទ្ធិខេត្តព្រៃវែងដោយពិន្ទុ៕

Loading...