កីឡាករ ផាន់ ពិសិដ្ឋ និង សង គង់ ឈ្នះកៅអីជុំទី២នៅកម្មវិធី TV5 Knock Out Series

ភ្នំពេញ៖ កីឡាករ ផាន់ ពិសិដ្ឋ ក្លិបពុទ្ធសេរីវង្សកីឡា និង សង គង់ អ្នកប្រដាល់ក្លិបអេភូថងកីឡា ពួកគេបានវាយឈ្នះគូប្រកួតក្នុងវគ្គជម្រុះសប្តាហ៍ទី៥ ជើងឯក TV5 Knock Out Series ទម្ងន់៥៧គីឡូក្រាម ក្រោយពីពួកគេទាំងពីរបានវាយឈ្នះលើដៃគូ កាលពីយប់ថ្ងៃសៅរ៍ ទី១៧ កុម្ភៈ ២០១៨ លើសង្វៀនTV5 ព្រែកកំពឹស ។

កីឡាករផាន់ ពិសិដ្ឋ វាយឈ្នះយកកីឡាករ លី ភា មកពីក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នាពេល៣ទឹក។ ដូច្នេះផាន់ ពិសិដ្ឋ ត្រូវបន្តការប្រកួតក្នុងដំណាក់កាលទី២វគ្គ១៦នាក់រីឯ លី ភាត្រូវចប់ភារកិច្ចត្រឹមប៉ុណ្ណឹង ។

ចំណែកឯកីឡាករ សង គង់ បានយកឈ្នះកីឡាករជើងចាស់ គួន ប៊ុនហ៊ីម មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ដោយពិន្ទុប្រផុតប្រផើយដែរ ។ ក្នុងការប្រកួត៣ទឹកនោះ គួន ប៊ុនហ៊ីម វ៉ីសត្រួវសង គង់ វាយឲ្យសន្លប់ក្នុងទឹក១ទៅហើយ។ ប៉ុន្តែប៊ុនហ៊ីមអាចបន្តការប្រកួតបានវិញបន្ទាប់អាជ្ញាកណ្តារាប៨ម្តងចំនួន២ដងក្នុងមួយទឹកនោះ ។ យ៉ាងណា ប៊ុនហ៊ីម បានស្តារកិត្តិយសបានខ្លះៗមកវិញ នៅក្នុងការប្រកួតទឹកទី៣ក្រោយ ប៉ុន្តែហួសពេលទៅហើយ ព្រោះ ប៊ុនហ៊ីម ចាញ់ សង គង់ចំនួនទឹកម្យ៉ាងអាជ្ញាកណ្តល រាប់៨ដល់ចំនួន២ដងឯណោះ។ដូច្នេះ សង គង់ បានឡើង ប្រកួត ដំណាក់កាលទី២ រីឯ គួន ប៊ុនហ៊ីម ត្រូវចាកចេញពីកម្មវិធី។

ចំពោះ ការប្រកួតជាលក្ខណៈអន្តរជាតិ ជំនួបរវាងសូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែក បានផ្តួលអ្នកប្រដាល់ជនជាតិថៃ ឈ្មោះPheth Thorng អោយសន្លប់ក្នុងទឹកទី២។ រីឯ កីឡាករ ផាន រះ អ្នកប្រដាល់ជើងចាស់ក្លិបតាព្រហ្មមានជ័យ បានវាយចាញ់ កីឡាករលន បញ្ញា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ក្នុងទឹកទី៣៕

 

Loading...