កីឡាករ សេក គឹមសាន្ត , ភួងពិសិដ្ឋ ,នួន រ៉ាថេន និង បឺត សង្ឃឹមជួបគ្នាយប់ថ្ងៃសៅរ៍សប្តាហ៍នេះ

ភ្នំពេញ៖ អ្នកប្រដាល់ល្បីៗ មកពី៤ក្លិបផ្សេងគ្នា នឹងបង្ហាញវត្តមាន នៅលើសង្វៀន ប្រដាល់គុនខ្មែរ ដណ្តើមពានរង្វាន់ ជើងឯក TV5 Knock Out Series by K-cement ប្រភេទទម្ងន់៥៧គីឡូក្រាម ។ នេះគឺជាសប្តាហ៍ទី៤ ក្នុងវគ្គជម្រុះដំណាក់កាលទី១ ដែលតម្រូវឲ្យអ្នកប្រដាល់៤នាក់ ប្រជែងដណ្តើមយកកៅអីវគ្គ១៦នាក់ ដំណាក់កាលទី២ ។

អ្នកប្រដាល់ សេក គឹមសាន្ត មកពីក្លិបអង្គរមានជ័យ ត្រូវជួបប្រកួតជាមួយ កីឡាករ ភួង ពិសិដ្ឋ មកពី ក្លិបរាជសីហ៍ខេត្តរតនគិរីខណៈដែល កីឡាករ នួន រ៉ាថេន មកពី ក្លិបតាឯកដំបងដែកខេត្តព្រៃវែងប៉ះជាមួយ បឺត សង្ឃឹម អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាក ។ ការប្រកួតនេះ អនុវត្តតែ៣ទឹក ប៉ុណ្ណោះ ហើយក្នុង១ទឹក មានរយៈពេល៣នាទី សម្រាក២នាទី ដូច្នេះ កីឡាករទាំង៤នាក់ គ្មានពេលវេលា ដំអក បង្អងនោះទេ គឺត្រូវវាយសម្រុកសន្សំពិន្ទុ ចាបពីវិនាទីដំបូងតែម្តង ។

លោក សេង កដិការ អ្នកគ្របប់គ្រង់កម្មវិធីប្រដាល់ របស់ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ បានឲ្យដឹងថា ចំពោះរដូវកាលថ្មីនេះ ក្រុមការងារជ្រើសរើសកីឡាករ នៃសង្វៀនប៉ុស្តិ៍លេខ៥ បានសម្រាំងយកកីឡាករល្អៗស្ទើទាំងអស់ ក្នុងនោះ ពួកគេម្នាក់ៗ សុទ្ធតែធ្លាប់ឆ្លងកាត់ការប្រកួត ជាលក្ខណៈមិត្តភាព អន្តរជាតិ ប្រមាណជា៨៥ភាគរយ ដូច្នេះរដូវកាលនេះ មានតែ២៥ភាគរយប៉ុណ្ណោះ គឺកីឡាករមិនធ្លាប់បានឆ្លងកាត់ការ ប្រកួត ជាលក្ខណៈអន្តរជាតិសោះ ។ ដោយឡែក ការប្រកួតចម្រាញ់៣លើកកន្លងមកនេះ បានរកឃើញ អ្នកប្រដាល់ជើងខ្លាំងមិនធ្លាប់ចាញ់សោះ៦នាក់ គឺ ម៉ន រដ្ឋា ក្លិបការិយាល័យទី៥កងទ័ពជើងគោក , អ៊ឹង បូរ៉ា ក្លិបកុលបុត្រគុនខ្មែរ , លិញ ភារម្យ ក្លិបភារម្យគុនខ្មែរ , ធន់ មករា សមាគមកីឡាក្រសួងការពារជាតិ ,យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធ និង នីម នន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១៕

ព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series by K.cement ទម្ងន់ ៥៧ គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន ៣២ នាក់ចូលរួម ហើយចែកចេញជា ៤ ដំណាក់កាល និងមានរូបមន្តប្រកួតគឺ ដំណាក់ទី១ ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់។ ដំណាក់ទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយដំណាក់កាលទី៣ គឺជម្រុះក្នុង៨នាក់ ទុក៤នាក់ និងដំណាក់កាលទី៤ និង ទី៥ ជាការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ គឺពាក់កណ្តាលផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ៕

 

Loading...