កីឡាការិនីវាយតឺន្នីសលេខ១ពិភពលោក Ashleigh Barty លើកពានរង្វាន់លំដាប់ WTA កម្មវិធី Stuttgart Open

កីឡាការិនីវាយតឺន្នីសលំដាប់លេខ១ពិភពលោក Ashleigh Barty បានផ្តួលកីឡាការិនី Aryna Sabalenka ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Stuttgart Open ដើម្បីដណ្តើមយកពានរង្វាន់ WTA ទី៣របស់នាងក្នុងឆ្នាំ២០២១នេះ ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៦ មេសា។

កីឡាការិនីសញ្ជាតិអូស្ត្រាលីវ័យ២៥ឆ្នាំរូបនេះបានវាយបកវិញក្នុងសិតទី៣ក្នុងការប្រកួតនៅក្នុងប្រទេសអាល្លឺម៉ង់ដើម្បីផ្តួលកីឡាការិនីលំដាប់ទី៥ពិភពលោក Sabalenka ក្នុងលទ្ធផល ៣-៦ ៦-០ និង ៦-៣ ។

Ashleigh Barty បានចំណាយពេល២៣នាទីដើម្បីឈ្នះសិតទី៣ ហើយខណៈដែលនាងត្រូវបានគេបំបាក់ដោយលទ្ធផល ៣-១ ក្នុងវគ្គទី១។ ពានរង្វាន់នេះគ្រាន់តែជាពានលើកទី២របស់នាងសម្រាប់ការប្រកួតលើទីលានក្រៅប្រទេសបន្ទាប់ពីនាងបានឈ្នះពានរង្វាន់ French Open ឆ្នាំ២០១៩ ។

Sabalenka មានវ័យ២២ឆ្នាំបានធ្វើឱ្យកីឡាការិនី Ashleigh Barty ពិបាកក្នុងការយកជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រនេះផងដែរ ដោយកីឡាការិនីរូបនេះមានបញ្ហារបួសតិចតួចក្នុងសិតទី២។ ក្រោយចប់ការប្រកួត Ashleigh Barty បាននិយាយទៅកាន់ Sabalenka ថា “សូមមានសុខភាពល្អ សូមឲ្យបានជាសះស្បើយពីរបួសក្នុងការប្រកួត អ្នកនឹងត្រលប់មកវិញដោយជោគជ័យ”។

គួរបញ្ជាក់ថា ការប្រកួតរបស់កីឡាការិនី Ashleigh Barty នៅ Stuttgart មិនទាន់ចប់នៅឡើយទេ ដោយនាងត្រូវចាប់ដៃគូជាមួយកីឡាការិនីអាមេរិក Jennifer Brady សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទល់នឹង Desirae Krawczyk និង Bethanie Mattek-Sands សញ្ជាតិសហរដ្ឋអាមេរិកទាំង២ ក្នុងការប្រកួតវាយតឺន្នីសជាគូ ៕

Loading...