កីឡាការិនី កែ ឡេង ប្តេជ្ញាប្រជែងមេដាយជើងឯកទ្វីបអាស៊ី នៅម៉ាឡេស៊ីជាថ្មី​ម្ដង​ទៀត

ភ្នំពេញ៖ ម្ចាស់មេដាយមាសជើងឯកកម្រិតពិភពលោក៣សម័យកាល វីរៈកីឡាការិនី កែ ឡេង បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីប្រជែង មេដាយពីក្នុងព្រឹត្តិការណ៍កីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី២ ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោកស្រី កែ ឡេងបានអះអាងថា នៅពេលអំឡុង ហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិថា បើប្រៀបធៀបការប្រកួតជើងឯកពិភពលោក និងការ ប្រកួតជើងឯកអាស៊ីនេះ គឺប្រហាក់ប្រហែលគ្នាទេ ដោយសារកីឡាការិនី នៅក្នុងទ្វីបអាស៊ីនេះ មានធនធាន និងថ្វីដៃខ្លាំងៗ។ លោកស្រីបន្តថា ប្រសិនបើលោកស្រីនៅមាន កម្លាំងថាមពល ល្អនោះ គឺលោកស្រីនៅតែបន្តចូលរួមប្រកួតប្រជែងមេដាយមកជូនជាតិជាបន្តទៀត។

ទាក់ទងនឹងការហ្វឹកហាត់ និងបច្ចេកទេសក្នុងការប្រកួតនោះ ត្រូវបានម្ចាស់មេដាយមាស កម្រិត​ជើងឯក ពិភពលោក៣ជំនាន់នេះ លោកស្រីបានអះអាងយ៉ាងដូច្នេះថា “សម្រាប់នាងខ្ញុំ ត្រៀមវាយយកពិន្ទុ ដែលនាងខ្ញុំមិនទាន់ សន្និដ្ឋានថា នឹងអាចយកឈ្នះ ឬប្រជែងមេដាយ ពីព្រឹត្តិការណ៍នេះនៅឡើយ ពីព្រោះថាវិញ្ញាសានេះគឺលំបាក ខ្លាំងជាការប្រកួតលើ វិញ្ញាសាផ្សេងៗទៀត ប៉ុន្តែទោះជាយ៉ាងណានាងខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បី ដណ្តើមលទ្ធផលដ៏ល្អមួយមកជូនជាតិ”។ កីឡាការិនី កែ ឡេង ត្រូវប្រកួតលើវិញ្ញាសាវាយយក ពិន្ទុ និងត្រូវចូល រួមជាមួយនឹងកីឡាការិនីកម្ពុជា ២នាក់ទៀត លើវិញ្ញាសា៣នាក់ទល់៣នាក់ ១វិញ្ញាសាទៀត។

ចំពោះការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកអាស៊ី ឆ្នាំ២០១៨ ដែលប្រទេសម៉ាឡេស៊ីទទួល ធ្វើជា ម្ចាស់ផ្ទះនោះ គឺសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាគ្រោងនឹងបញ្ជូនកីឡាការិនី៤នាក់ និងយុវជន៤នាក់។ កីឡាការិនី៤នាក់ គឺអ្នកស្រី កែ ឡេង, អ៊ុន ស្រីយ៉ា ឌួង ឌីណា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ខណៈយុវជន ៤នាក់ រួមមាន៖ កីឡាករ ឃួន លីហ៊, កុយ សុភក្រ្តា, ភាព វ៉ាឃីម និងកីឡាករ កៅ ភក្តី ដោយប្រកួតលើ ២វិញ្ញាសាដែរ គឺវិញ្ញាសាវាយយក ពិន្ទុ និងវិញ្ញាសា៣នាក់ទល់៣នាក់យុវជនអាយុក្រោម ១៨ឆ្នាំ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកទ្វីបអាស៊ី លើកទី២ នៅប្រទេសម៉ាឡេស៊ីនេះមាន បណ្តាប្រទេស នានាចូលរួមចាប់ពី១០ប្រទេសឡើងទៅ ពោលគឺចាប់ពីចន្លោះពី ១០ដល់ ១៧ប្រទេស ខណៈសហព័ន្ធប៊ូល និង ប៉េតង់ ទ្វីបអាស៊ីមានសមាជិកពេញសិទ្ធិរបស់ខ្លួន ពេលនេះមាន២២ប្រទេស៕

Loading...