កុមារា ម៉ុន វាសនា​​ ត្រូវ​បាន​ផ្តាច់​ជំនួយ​ ដោយសារ​រូប​គេ​មិន​ព្រម​ស្ដាប់​ និង​ ទទួល​យក​ការ​​ណែនាំ​ពី​​គ្រូ

​ភ្នំពេញ៖ ​​យោង​តាម​សេចក្ដី​​ជូន​ដំណឹង​​ នៅ​លើ​ទំព័រ Facebook របស់​សាលា​ អន្តរជាតិ​ ហ្រ្វេដហ្វត (Fredfort International School) ​បាន​ឲ្យ​ដឹង​ថា គម្រោង​​ជំនួយ​ជួយ​​ដល់​កុមារ ម៉ុន វាសនា នឹង​ត្រូវ​បាន​បញ្ចប់​ចាប់​ពី​ថ្ងៃ​ទី​១០ ​ខែ​មិនា ​ឆ្នាំ​២០១៥ នេះ​ត​ទៅ ​ដោយ​មូល​ហេតុ កុមារា ម៉ុន វាសនា មិន​អាច​ទទួល​យក​​នូវ​ការ​បណ្ដុះបណ្ដាល ទាំង​ចំណេះដឹង​ទូទៅ ក៏​ដូច​ជា​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​​វិជ្ជាជីវៈ។

​ ​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​​ខាង​លើ ​បាន​បន្ថែម​ទៀត​ថា ជា​ពិសេស​​អ្វី​ដែល​ជា​ឧបសគ្គ​​ធំ​បំផុត​ ​សម្រាប់​​ប្អូន ម៉ុ​ន វាសនា ​គឺ​រូប​គេ​មិន​ព្រម​ស្ដាប់ ​និង​ទទួល​យក​​ការ​ណែនាំ​ ពី​អ្នក​គ្រប់គ្រង​ ក៏​ដូច​ជា​អ្នក​បង្ហាត់​​បង្រៀន​ឡើយ​។ សាលា​​បាន​ បញ្ជាក់​​ថា ប៉ុន្តែ​ទោះ​បី​ជា កុមារា​ ម៉ុន វាសនា ត្រូវ​បាន​​សាលា​ផ្ដាច់​ជំនួយ​ក៏​ដោយ​ តែ ​លោក​នាយក និង​ភរិយា ​នៅ​តែ​បន្ត​ជួយ​ដល់​ឪពុកម្ដាយ​របស់​​​រូ​ប​គេ​ដដែល​ ក្នុង​ការ​ផ្ដល់​ការងារ​ដល់​ឪពុក​របស់​ប្អូន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ក៏​នឹង​​ផ្ដល់​ថវិកា​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​ពង្រឹង​របរ​រកស៊ី ​របស់​ម្ដាយ​ កុមារា ម៉ុន វាសនា នៅ​ឯ​ស្រុក​កំណើត​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន​​ផង​ដែរ​។

លើសពី ​នេះ បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​សាលា ​បាន​ឲ្យ​ដឹងទៀត​ថា ​ដោយ​មាន​​ការ​ពិភាក្សា​គ្នា​រវាង​អាណាព្យាបាល​របស់​គេ​ ម៉ុន វាសនា នឹង​ត្រូវ​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ​នៅ​ថ្ងៃ​ទី​០៩ ​ខែ​មីនា ២០១៥ នេះ​។
គួរ ​រម្លឹក​ថា ​​ក្មេង​ប្រុស ម៉ុ​ន វាសនា ហៅ ទិ​ត្យ ​​ត្រូវ​បាន​បុរស​​ពីរ​នាក់ ជា​ម្ចាស់​ចម្ការ​ដូង​​ចាប់​ធ្វើ​ទារុកម្ម​និង​​​​ជ្រមុជ​ក្បាល​​​ចូល​ក្នុង ​ពាង​ទឹក​​ស្ទើរ​ស្លាប់​ កាលពី​ថ្ងៃ​ទី​​​២៨ ខែ​សីហា ឆ្នាំ​២០១៤ ​​ដោយ​សារ​តែ​រូប​គេ បាន​ចូល​ទៅ​លួច​​បេះ​​ផ្លែ​​ដូង​ ​ក្នុង​ចម្ការ​​មួយ​កន្លែង ​​នៅ​ក្នុង​ភូមិ​កំពង់​ព​ពិល ​ ឃុំ​កំពង់​ពពិល ​ស្រុក​ពារាំង ​ខេត្ត​ព្រៃ​វែង។

​ក្រោយ​មក​ ​ក៏​ត្រូវ​បាន​​​សប្បុរសជន​នានា​ និង​​​ម្ចាស់​ជំនួយ​​មួយ​ចំនួន ​មាន​ការ​អាណិត​អាសូរ ​នាំ​គ្នា​ធ្វើ​ការ​ជួយ​ឧបត្ថម្ភ​ជា​​​ថវិកា ក៏​ដូច​ជា​ការ​ជួយ​​ផ្គត់ផ្គង់​ឲ្យ​សិក្សា​ពី​លោក​នាយក សាលា​អន្តរជាតិ​ ហ្រ្វេដហ្វ​ ខាង​លើ​ផង​ដែរ៕

mon-veasna 1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *