កុមារីអាយុ៣ឆ្នាំអភ័ព្ទ ត្រូវឪពុក ម្តាយខ្វះព្រហ្មវិហារធម៌នាំយកទៅបំបរបង់ចោលលើភ្នំសំពៅ

ខេត្តបាត់ដំបង ៖ កុមារីម្នាក់ដែលទើបតែមានអាយុប្រមាណជាង៣ឆ្នាំ ត្រូវបានឪពុក ម្តាយចិត្តមា យកទៅបំបរបង់ចោលនៅក្នុងព្រៃ លើខ្នងភ្នំគួរឲ្យសង្វេគ ដែលតំបន់នេះពោរពេញដោយសត្វស្វាព្រៃជាច្រើនផង តែជាសំណាងល្អត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញមុនពេលសត្វស្វាធ្វើសកម្មភាពហែកចែកគ្នាស៊ី។

លោក ម៉ី ឆេងលី មេប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំសំពៅ បានបញ្ជាក់ថា ហេតុការណ៍នេះគឺត្រូវបានប្រជាពលរដ្ឋ ដែលជាភ្ញៀវទេសចរណ៍ ព្រមទាំងសមត្ថកិច្ចដែលកំពុងធ្វើការ ចេញល្បាតបានប្រទះឃើញក្មេងស្រីម្នាក់ ដែលមានអាយុប្រមាណជាង៣ឆ្នាំ ត្រូវបានឪពុកម្តាយចិត្តតិរច្ឆានយកទៅបំបរបង់ចោល នៅលើកំពូលភ្នំសំពៅ កាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ដែលទីតាំងនេះ ស្ថិតក្នុងភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកមេប៉ុស្តិ៍បានបន្តថា ការប្រទះឃើញនេះ គឺកុមារីត្រូវបានគេចងកន្សែងធ្វើជាអង្រឹងដាក់ឲ្យដេកនៅទីនោះតែម្នាក់ឯង ព្រមទាំងមានរបស់របរក្មេងលេងមួយចំនួននៅក្បែរអង្រឹងនោះផង ដូច្នេះធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយគ្មានអ្នកណាម្នាក់នៅក្បែរនឹងកុមារីនេះឡើយ។

បើតាមប្រភពមួយចំនួនដែលលក់ដូរនៅជើងភ្នំបាននិយាយថា នៅម៉ោងប្រហែលជា៧ព្រឹក មុនពេលកើតហេតុមួយសន្ទុះ គេបានឃើញមានម៉ូតូសង់កូរ៉េមួយគ្រឿង ដែលមានមនុស្សប្រុសជិះគ្នាពីរនាក់ បានឌុបគ្នាជិះឡើងទៅលើខ្នងភ្នំសំពៅនេះ ព្រមទាំងមានក្មេងស្រីរូបនេះនៅអង្គុយចំកណ្តាលផង ដោយគេមិនបានដឹងថា ជនទាំងពីរនាក់នេះយកក្មេងទៅបំបរបង់ចោលបែបនេះសោះ រហូតដល់ពេលមានការភ្ញាក់ផ្អើលទើបដឹង។

បញ្ហានេះលោកមេប៉ុស្តិ៍បានសង្កត់ធ្ងន់ថា កុមារីរូបនេះគឺជាមនុស្សមិនគ្រប់លក្ខណៈដោយជើង ដៃកម្រើកមិនរួច និងដើរ ឬ លូនក៏មិនបានដែរ សូម្បីតែនិយាយក៏មិនកើតដោយចេះតែយំតែម្យ៉ាងប៉ុណ្ណោះ ហើយក៏ជាសំណាងល្អដែរ ព្រោះបើទុកតែបន្តិចទៀតដោយគ្មានអ្នកណាឃើញទេនោះ កុមារីរូបនេះប្រាកដជាក្លាយទៅជាចំណីសត្វស្វាព្រៃជាមិនខាន ព្រោះនៅលើខ្នងភ្នំសំពៅនាពេលបច្ចុប្បន្ន សំបូរដោយសត្វស្វាយ៉ាងច្រើនផង។

ក្រោយពេលកើតហេតុគេមិនបានដឹងថា កុមារីរូបនេះគឺជាមនុស្សរស់នៅក្នុងភូមិ ឃុំណានោះទេ ដោយសារតែក្មេងស្រីរូបនេះ មិនចេះនិយាយ ដោយសមត្ថកិច្ចបានប្រគល់ទៅឲ្យអាជ្ញាធរឃុំ ដើម្បីនាំយកទៅដាក់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ខេត្តបាត់ដំបងហើយ ដោយនៅទីនោះមានអ្នកមើលថែបានល្អ៕

ses (2) copy

Loading...

Leave a Reply

Your email address will not be published. Required fields are marked *