កូនឈើប្រណីតជិត ២ពាន់ដើម ក្នុងសង្កាត់ចំនួន៥នៃខណ្ឌដង្កោ ដែលរដ្ឋបាលរាជធានី គ្រោងដាំលម្អ និងបង្កើនសោភ័ណ្ឌភាព

(ភ្នំពេញ) ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានគ្រោងដាំកូនឈើប្រណីតប្រភេទធ្នង់ អមសងខាងផ្លូវលេខ២១៧ ចាប់ពីស្ដុបចំការដូងដល់រង្វង់មូលនាងគួរស្រូវក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ការដាំកូនឈើទាំងនេះក្នុងន័យបង្កើនបរិស្ថានបៃតង ដែលរួមចំណែកលម្អសោភ័ណ្ឌភាព រាជធានីភ្នំពេញ និងអុកស៊ីហ្សែនខ្យល់ដង្ហើមដ៏ល្អ សម្រាប់ប្រជាពលរដ្ឋតាមដងផ្លូវ ។ បានថ្លែងគូសបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ និងដាំកូនឈើប្រណីតៗ នៅតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងខណ្ឌដង្កោ ដោយចាប់ផ្ដើមដាំពីស្តុបចំការដូង រហូតដល់រង្វង់មូលគួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាល ។ ប្រភេទឈើដែលត្រូវដាំតាមបណ្តោតផ្លូវនោះ គឺឈើប្រណីតៗ ដោយដាំអមសងខាងផ្លូវចន្លោះពីគ្នាប្រមាណ៨ម៉ែត្រ ដូច្នេះកូនឈើដែលត្រូវដាំមានប្រមាណចំនួន១.៨៤០ដើម ដែលចម្ងាយប្រវែង៧គីឡូម៉ែត្រសងខាង(ស្មើ១៤គីឡូម៉ែត្រ)។

លោក ឃួង ស្រេង ក៏ជំរុញដល់អាជ្ញាធរខណ្ឌ មន្ទីរកសិកម្ម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី និងក្រុមហ៊ុនទទួលម៉ៅការ ក្នុងការដាំកូនឈើទាំងនេះ ត្រូវចុះធ្វើការសិក្សា ទីតាំងដែលត្រូវដាំ និងធ្វើវេទិកាសាធារណៈ ដើម្បីបង្ហាញពីគោលបំណង របស់រដ្ឋបាលរាជធានីភ្នំពេញ ព្រោះយើងនឹងដាំកូនឈើនៅតាមដងផ្លូវនេះ ។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ ២១៧នេះចូលរួមសហការ និងថែទាំដើមឈើ ដែលបានដាំនៅមុខផ្ទះរបស់ពួកគាត់ឲ្យបានល្អ ហើយការដាំកូនឈើលម្អផ្លូវនេះ រដ្ឋបាលរាជធានីត្រូវការ ការចូលរួមពីប្រជាពលរដ្ឋដែលមានលំនៅឋានអមសងខាងផ្លូវ ក្នុងការចូលរួមដាំ មើលថែ និងថែទាំឲ្យកូនឈើនេះលូតលាស់បានល្អ ។
ពាក់ព័ន្ធនឹងការដាំដើមឈើប្រណិតៗនេះដែរ លោក ឃួង ស្រេង បានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែសិក្សាឲ្យបានច្បាស់លាស់មុនការដាំដើមឈើទាំងនេះ ។ ដោយត្រូវគិតគូរឲ្យបានរួចរាល់ អំពីទំហំនៃគម្រោងពង្រីកផ្លូវខាងលើ ក៏ដូចជាគិតគូរពីការដាក់ប្រព័ន្ធលូឲ្យហើយស្រេច ជៀសវាងមានបញ្ហា កាប់ដើមឈើចោល វាពិតជាសោកស្តាយ ៕

Loading...