កូននាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់យក្ខឡោមត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

ខេត្តរតនគិរី÷ កម្លាំងអាវុធហត្ថក្រុងបានលុងឆ្មក់ចុះបង្ក្រាបករណីចែកចាយ រក្សាទុកនិងជូញដូរដោយខុសច្បាប់នូវសារធាតុញៀនឈានទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់សកម្មក្នុងការជួញដូរគ្រឿងញៀន។

ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង០០នាទី​ នៅថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០២០​ នៅត្រង់ចំណុចផ្ទះសំណាក់(យីហោ)ប៉ូទិក ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង។

យោងតាមរបាយការណ៍ពីអាវុធហត្ថខេត្តបានឲ្យដឹងថា ក្នុងការចុះបង្ក្រាបគ្រឿងញៀននេះ មានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងបានលុង​ចំនួន០៦នាក់​ ដឹកនាំដោយ​លោកវរសេនីយ៍ត្រី​ ហៃ​ វណ្ណារ៉ា​ មេបញ្ជាការអាវុធហត្ថក្រុងបានលុង​ និងមានការសម្របសម្រួលដោយលោក​ រ៉ា​ ប៉ូរ៉ាន់ឌី​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបជាក់ស្តែងករណី​ ចែកចាយ​ រក្សារទុក​ និងនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

របាយការណ៍បានបញ្ជាក់ទៀតថា ជាលទ្ធផល
បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ​ ការី​ ទិត្យ​ ភេទប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ។

ក្នុងនោះសមត្ថកិច្ចបានដកហូតសម្ភារនិងវត្ថុតាង ម្ស៉ៅក្រាមពណ៌ស ថ្លា ០១កញ្ចប់ មានទម្ងន់ ២,០៦ក្រាម​ ទូរស័ព្ទដៃចំនួន ០១គ្រឿងឿង និងម៉ូតូចំនួន ០១គ្រឿង​ជាមធ្យោបាយប្រើប្រាស់ក្នុងការដឹកជញ្ជូននិងចែកចាយផងដែរ។

​បច្ចុប្បន្ន​ ជនសង្ស័យនិងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្ត​កំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើនេះធ្លាប់ជាប់ពន្ធនាគារចំនួន២ដងហើយ ពាក់ព័ន្ធករណីគ្រឿងញៀន លើកនេះចែកចាយគ្រឿងញៀនទៀត មិនរៀងចាលសោះ ត្រូវកម្លាំងអាវុធហត្ថក្រុងបានលុងឃាត់ខ្លួនហើយត្រូវជាកូនលោកនាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់យក្ខឡោមឈ្មោះ ង៉ាយ ការី៕

Loading...