កូននេនមួយអង្គត្រូវគ្រូឧប្បជ្ឈាយ៍វាយនឹងខ្សែភ្លើងរបួសបែកឈាមពេញខ្លួន

ខេត្តកំពង់ឆ្នាំង ៖ ព្រះសង្ឃដែលជាកូននេន ព្រះជន្ម ១១វស្សាមួយអង្គ បានរងរបួសបែកឈាមពេញខ្លួន ខណះដែលលោកសង្ឃ ជាគ្រូបង្រៀនក្នុងវត្ត ព្រះនាម ឌិត ប៉ែន ព្រះជន្មប្រមាណ ៣០ព្រះវស្សា បានយកខ្សែភ្លើង ប៉ុនម្រាមដៃបត់ជា២ វាយវាត់រាប់សិបខ្សែភ្លើង លើរាង្គកាយបណ្តាលអោយ រងរបួសធ្ងន់ ដោយគ្រាន់តែមានកំហុស យកសៀវភៅរបស់លោកគ្រូ មកសរសេរលេង តែប៉ុណ្ណោះ។

ករណីធ្វើអំពើទារុណកម្ម មកលើរាង្គកាយ លោកនេនតូចអង្គនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ ៤ ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នៅក្នុងវត្តធម្មវ័ន ស្ថិតនៅក្នុង ភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ លោក វាន់ នុត អាយុ ៤៥ឆ្នាំ និងលោកស្រី សួស ថា អាយុ ៤៣ឆ្នាំ រស់នៅភូមិ ត្រពាំងអំពិល ឃុំប្រស្នឹប ស្រុករលាប្អៀរ ជាញោមប្រុសញោមស្រី កូននេនរងគ្រោះខាងលើ បានអោយដឹងថា លោកនេនជាកូនរបស់គាត់ ព្រះនាម វ៉ាន់ វរៈ ព្រះជន្ម ១១វស្សា បានមកបួសរៀន ក្នុងវត្តធម្មវ័ន រយះពេល ២ព្រះវស្សា មកហើយ។

រឿងហេតុខាងលើនេះ លោកមិនបានដឹងច្បាស់ថា កើតឡើងដោយសារ រឿងហេតុអ្វីនោះឡើយ ប៉ុន្តែគ្រាន់ដឹងថា កូនរបស់លោក រងរបួសពេញខ្លួន ដោយសារព្រះសង្ឃ ជាគ្រូបង្ហាត់បង្រៀនអក្សរ ក្នុងវត្តធម្មវ័ន មានព្រះនាម ជាភាសាបាលី (បណ្ឌិតោ) ជាអ្នកវាយដំ មកលើព្រះកាយ របស់កូនលោក ដែលបង្កអោយមានរបួស បែកឈាមពេញខ្លួន ដែលមើលឃើញគួរអោយសាហាវពេក គឺជារឿងធ្វើទារុណកម្ម មកលើរាង្គកាយ យ៉ាងព្រៃផ្សៃបំផុត។

លោក វាន់ នុត បានបញ្ជាក់អោយដឹងថា រឿងនេះ ពួកលោកជាឪពុកម្តាយ កើតទុក្ខមិនសុខចិត្តឡើយ ពួកលោកនិងប្តឹងទៅ មន្ទីរធម្មការ និងសាសនាខេត្ត លោកស្នងការ នគរបាលខេត្ត អោយជួយផ្តល់ ភាពយុត្តិធម៌ ដល់កូននេន ពួកលោក និងសំណូមពរ ដល់ព្រះសង្ឃ ក្នុងវត្តធម្មវ័ន ទាំងអស់ជួយធ្វើជាសាក្សី និងផ្តល់យុត្តិធម៌ ដល់កូននេន ដ៏តូចមួយនេះផង។ ក្នុងពាក្យបណ្តឹងនោះ លោកប្តឹងទាមទារ សុំអោយផ្តន្ទាទោស ព្រះសង្ឈដែលប្រើ អំពើហិង្សាខាងលើនេះ ទៅតាមផ្លូវច្បាប់ និងទាមទារ អោយចេញថ្លៃព្យាបាល និងសងជម្ងឺចិត្តចំនួន ១០លានរៀលផងដែរ។

ដោយឡែកកូននេនរងគ្រោះ បានមានសង្ឃដីកា នៅក្នុងមន្ទីរពេទ្យខេត្តថា មុនពេលកើតហេតុលោកបានយកសៀវភៅ របស់លោកគ្រូ បំណងយកមកសរសេរអក្សរ តែមិនទាន់បានសរសេរផង ក៏ត្រូវលោកចាប់ព្រះអង្គ យកមកវាយវាត់តែម្តង គឺយកខ្សែភ្លើង ប៉ុនម្រាមដៃបត់ជា២កំណាត់ វាយវាត់រាប់សិបខ្សែភ្លើង ធ្វើអោយព្រះអង្គ ឈឺចុកចាប់ខ្លាំងណាស់ បាត់ស្មារតីម្តងៗទៅហើយ គឺវាយនៅចំពោះមុខ ព្រះសង្ឃជាង ២០អង្គ ដែលកំពុងរៀនសូត្រ នៅក្នុងវត្ត ប៉ុន្តែគ្មាន ព្រះសង្ឃអង្គណា ហ៊ានចូលជួយលោកឡើយ និងនៅក្នុងល្ងាចនោះ ព្រះគ្រូចៅអធិការវត្តធម្មវ័ន មិនបានគង់នៅក្នុងវត្តទេ។

ក្រោយពេលកើតហេតុ ប្រមាណ ២ម៉ោង ឪពុកម្តាយរបស់នេនរងគ្រោះ បានទៅប្តឹងផ្ទាល់មាត់នៅ អធិការដ្ឋាន នគរបាលស្រុក និងបានប្តឹងផ្ទាល់មាត់ ទៅសមត្ថកិច្ចដែរ។ បន្ទាប់មក សមត្ថកិច្ច ក៏បានទៅដល់វត្តធម្មវ័នភ្លាមៗ ដើម្បីសាកសួរព្រះសង្ឈ ដែលគង់ក្នុងវត្ត អំពីបញ្ហាខាងលើនេះ ទើបដឹងថា មូលហេតុដែលព្រះអង្គ វាយទៅលើនេនខាងលើនេះ ដោយសារតែនេនអង្គនេះ ធ្លាប់បានគាស់រើរកកាយ ហឹបដាក់លុយរបស់ព្រះអង្គ ២ទៅ ៣ដង មកហើយ លើកនេះព្រះអង្គទ្រាំមិនបាន ក៏វាយប្រដៅខ្លះៗតែម្តងទៅ ដើម្បីថ្ងៃក្រោយ អោយរៀងចាល។

ទាក់ទងក្នុងរឿនេះ ព្រះសង្ឃព្រះនាម ឌិន ប៉ែត ជាគ្រូបង្រៀនព្រះសង្ឃ ក្នុងវត្តធម្មវ័ន អ្នកយកព័ត៌មាន មិនអាចរកលេខទូរស័ព្ទ ទាក់ទងសុំការបំភ្លឺ ពីព្រះអង្គបានឡើយ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ។ ក្នុងរឿងនេះដែរ មតិសារធារណៈបាននិយាយថា វត្តធម្មវ័ន ហៅវត្តក្រាំងដីមាស នេះ គឺធ្លាប់តែឮថា ជាវត្តមួយដែលមានវិន័យ ស្អាតស្អំណាស់ ជាវត្តគំរូ ក្នុងខេត្តកំពង់ឆ្នាំង ទាំងមូល មិនគួរអោយកើតមាន រឿងបែបនេះឡើយ ដើម្បីស្តារមុខមាត់វត្តនេះ ឡើងវិញមានតែប្រគល់ព្រះសង្ឈ ដែលប្រើអំពើហិង្សា អោយច្បាប់ជាអ្នកចាត់ការទៅ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *