កូនប្រុសតំណាងរាស្ត្រខេត្តរតនគិរី ល្បីខាងដឹកជញ្ជូនឈើប្រណីត

ខេត្តរតនគីរី៖ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានរិះគន់ថាកន្លងមកសមត្ថកិច្ចបង្ក្រាបតែឈ្មួញតូចតាច ដែលដឹកជញ្ជូនឈើប្រណីតទៅ​លក់នៅវៀតណាមប៉ុណ្ណោះ ចំណែកឈ្មួញធំៗដែលមានខ្នងបង្អែកក្រាស់ៗនៅតែអាចដឹកជញ្ជូនឈើទៅលក់នៅ​វៀតណាម​ យ៉ាងអនាធិបតេយ្យបាន។ ជាក់ស្ដែងឈ្មោះ ឡាំ វង់ ដែលគេស្គាល់ថាជាកូនប្រុសលោក ប៊ូ ឡាំ តំណាង​រាស្ត្រ​ខេត្តរតនគិរី កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតទៅលក់នៅប្រទេសវៀតណាម ដោយគ្មានសមត្ថកិច្ចណាប៉ះ​ពាល់ឡើយ។ មន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាសមត្ថកិច្ចចម្រុះតាមដងផ្លូវបានរក្សាភាពស្ងប់ស្ងាត់ពេលដែលឈ្មោះ ឡាំ វង់ ប្រើប្រាស់រថយន្តទំនើបៗដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកវៀតណាមតាមអំពើចិត្ត។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកវ៉ឺនសៃ បានឲ្យដឹងថាមួយរយៈពេលកន្លងទៅនេះ ឈ្មោះ ឡាំ វង់ អាងអំណាច​ឪពុក​ខ្លួនជាតំណាងរាស្ត្រ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីទីតាំងស្តុកឈើមួយកន្លែងនៅភូមិភ្នំកុក ឃុំវ៉ឺនសៃ ស្រុក​វ៉ឺនសៃ យ៉ាងគគ្រឹកគគ្រេងគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ទេ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មោះ ឡាំ វង់ បាន​ប្រើប្រាស់រថយន្ត២គ្រឿងក្នុងការដឹកជញ្ជូនឈើប្រណីតចេញពីស្រុកវ៉ឺនសៃ ឆ្លងកាត់ក្រុងបានលុង យកទៅលក់​នៅ​ប្រទេសវៀតណាមតាមអំពើចិត្ត។ ក្នុងនោះរថយន្ត១គ្រឿងម៉ាកហ្វ័រីន័រ ពាក់ស្លាកលេខភ្នំពេញ2L-5198 និង១គ្រឿងទៀត​ម៉ាកតាកូម៉ា ១បាំងកន្លះដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនតាមច្រកអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូន។

សមត្ថកិច្ចនៅតាមដងផ្លូវគ្រាន់តែឮឈ្មោះ ឡាំ វង់ ពួកគេមិនហ៊ានចាត់វិធានការទប់ស្កាត់នោះទេ គឺបណ្ដោយតាម​អំពើចិត្តព្រោះខ្លាចបាត់បង់តួនាទីនិងស័ក្តិពីលើស្មា។

សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តរតនគិរី បានឲ្យដឹងថាសូម្បីតែនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលឈរជើងនៅក្នុងខេត្តរតនគិរី ក៏មិនហ៊ានប៉ះពាល់ឈ្មួញឈើ ឈ្មោះ ឡាំ វង់ នោះដែរ។

កម្លាំងសមត្ថកិច្ច​តាមដង​ផ្លូវជាតិលេខ៧៨ បានដឹងយ៉ាងច្បាស់ថាឈ្មោះ ឡាំ វង់ ជាកូនប្រុសរបស់លោក ប៊ូ ឡាំ តំណាងរាស្ត្រខេត្តរតនគិរី ហើយជាក្មួយរបស់អភិបាលខេត្តរតនគិរី ដូច្នេះពួកគេមិនហ៊ានប៉ះពាល់នោះទេ។ ហេតុនេះ​ហើយទើបបច្ចុប្បន្នឈ្មោះ ឡាំ វង់ នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតប្រភេទធ្នង់ចេញពីស្រុកវ៉ឺនសៃ ឆ្លងកាត់ផ្លូវក្នុងស្រុកអូរជុំ រួចបន្តតាម​ផ្លូវជាតិលេខ៧៨ យកទៅលក់ឲ្យឈ្មួញយួនតាមច្រកអន្តរជាតិអូរយ៉ាដាវ​យ៉ាងសុខ​ស្រួល។

ទាក់ទងបញ្ហាខាង​លើនេះ​ក្រសួង​និងស្ថាប័នពាក់ព័ន្ធ គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះរយៈ​ពេលប៉ុន្មានខែកន្លងទៅនេះឈ្មោះ ឡាំ វង់ ដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាមយ៉ាងពេញបន្ទុក។

ជុំវិញជំនួញឈើប្រណិត និងកាងឈើប្រណិតរបស់កូនតំណាងរាស្ត្រ២រូបនោះទៅលក់នៅប្រទេវៀតណាម នៅព្រឹកថ្ងៃទី០២ ខែ១០ឆ្នាំ២០១៥នេះ លោកវង្ស សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមិនអាចសុំការបំភ្លឺណាមួយបានទេ ទូរស័ព្ទរបស់លោកជាប់រវល់។

លោក ឡាំ វង់ ជាកូនប្រុសរបស់លោក ប៊ូ ឡាំ តំណាងរាស្ត្រខេត្តរតនគិរី សារព័ត៏មាន ខេមប៉ុស្តិ៍ មិនអាចស្វែងរកការទំនាក់ទំនងបានទេ កាលពីល្ងាចថ្ងៃទី២តុលា ២០១៥ ។

មជ្ឈដ្ឋានទូរទៅតែងរិៈគន់ថ្នាក់លើ និងកងកម្លាំងខិលខូចមួយចំនួនតែងតែអោយញាតិសន្តានគូរកនរបស់ខ្លួនរកស៊ីជំនួញឈើប្រណិតទៅលក់អោយឈ្មួញនៅប្រទេសវៀតណាមយកលុយធ្វើមាន ធ្វើបាន ដោយមិនមានការអៀនខ្មាស់ និងកោតញញើតចំពោះច្បាប់ ឫបទបញ្ជា០១០២ របស់សម្តេចអគ្គសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា។

02-10-201559521

Loading...

Leave a Reply

Your email address will not be published. Required fields are marked *