កូនអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត លោក ស៊ីន ច័ន្ទឆាយា ​ស្លាប់ព្រឹកមិញនេះ

ភ្នំពេញ៖ លោក ស៊ីន ច័ន្ទឆាយា កូនប្រុសបង្កើត របស់អធិរាជ សំឡេងមាស លោក ស៊ីន ស៊ីសាមុត បានទទួលមរណភាព នៅម៉ោងជាង ១១ថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០១៥នេះ ដោយសារកើតខ្យល់គរ ដួលបោកក្បាល នៅក្នុងផ្ទះរបស់លោក។ នេះបើយោងតាម ប្រធានសមាគម សិល្បករខ្មែរ លោក សុះ ម៉ាច បានថ្លែងប្រាប់នៅមុននេះបន្តិច។

លោក សុះ ម៉ាច បន្តថា មុនពេលកើតហេតុ លោក ស៊ីន ច័ន្ទឆាយា បានអញ្ជើញទៅផឹកកាហ្វេ នៅក្បែរផ្ទះដូចសព្វមួយ ដង។ ក្រោយត្រឡប់ ពីផឹកកាហ្វេ ចូលដល់ក្នុងផ្ទះ ស្រាប់តែរអិលជើងដួលបោកក្បាល ដាច់សរសៃឈាមស្លាប់តែ ម្តង។ បច្ចុប្បន្នសពរបស់លោក ស៊ីន ច័ន្ទឆាយា ត្រូវបានតម្កល់ធ្វើបុណ្យ នៅក្នុងគេហដ្ឋាន ស្ថិតក្នុងសង្កាត់ទឹកល្អក់ទឹកទី៣ ខណ្ឌទួលគោក។

សូមបញ្ជាក់ថា លោក ស៊ីន ច័ន្ទឆាយា រួមនិងម្តាយរបស់លោក នៅពេលថ្មីៗនេះ ទើបតែបានទាមទារកម្មសិទ្ធិបញ្ញាលើចម្រៀងឪពុករបស់លោក ចំនួន ៧៣បទ ដើម្បីកុំឲ្យមានថតចម្លង ឬលួចទំនុកច្រៀង ទៅធ្វើអាជីវកម្មបន្ត។

សូមបញ្ជាក់ថា លោក ស៊ីន ច័ន្ទឆាយា កើតនៅថ្ងៃច័ន្ទទី០២ ខែមិថុនា ឆ្នាំ១៩៥៨ ក្នុងសង្កាត់លេខ៣ នាទីក្រុងភ្នំពេញ។ លោក ស៊ីន ច័ន្ទឆាយា ជាកូនទី២របស់លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី ខាវ ថងញ៉ុត។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ លោក ស៊ីន ច័ន្ទឆាយា រស់នៅ និងធ្វើការនៅ ខេត្តក្រចេះ រួចផ្លាស់មកធ្វើការ នៅក្រុងភ្នំពេញនាឆ្នាំ១៩៨៩។ លោកចាប់ផ្ដើមចូលថតចម្រៀង នៅពេលលោកមកទីក្រុងភ្នំពេញ ឲ្យផលិតកម្មខ្មែរក្រៅស្រុកមួយចំនួន។ បន្ទាប់មកលោកក៏បានផ្អាកដោយសារលោក មានជំងឺហើមបំពង់សំឡេង នាឆ្នាំ១៩៩៣ ដោយទទួលការណែនាំពី វេជ្ជបណ្ឌិតឲ្យលោកឈប់ច្រៀងជាបណ្ដោះអាសន្ន។

ថ្វីត្បិតតែ លោក ស៊ីន ច័ន្ទឆាយា មិនបានទទួលការណែនាំ បង្ហាត់បង្រៀននូវបទពិសោធន៍ល្អៗ ក្នុងការច្រៀងពីឪពុកលោកមែន ប៉ុន្តែមតកឈាមជ័រ សិល្បៈ ដែលលោកឆាយា បានមកពី លោក ស៊ីន ស៊ីសាមុត ជាឪពុក គួបផ្សំជាមួយ ទេពកោសល្យផ្ទាល់ខ្លួន ពីកំណើត លោក ស៊ីន ច័ន្ទឆាយា ក៏ចេះច្រៀងពីរោះម៉្យាង ទៅតាមសំឡេងធម្មជាតិរបស់លោក។

លោក ស៊ីន ច័ន្ទឆាយា បានរៀបការជាមួយអ្នកស្រី សំ សាន។ ភរិយារបស់លោក ស៊ីន ច័ន្ទឆាយា ក៏បានបម្រើសិល្បៈចម្រៀងដែរ ក្នុងឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៨៩។ អ្នកទាំងពីរមានកូន៣នាក់ គឺកូនប្រុស២នាក់ និងកូនស្រីម្នាក់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *