កូរ៉េខាងជើងនិងកូរ៉េខាងត្បូងយល់ព្រមលើទិសដៅ “លុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែរ” នៅឧបទ្វីបកូរ៉េ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយកាលពីថ្ងៃសុក្រទី២៧ ខែមេសា ឆ្នាំ២០១៨ ដោយយល់ព្រមលើទិសដៅ “គ្មានអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ” ។

នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់ថ្នាក់ដឹកនាំកូរ៉េ ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ ភាគីទាំងពីរ បានប្រកាសថា នឹងស្វែងរកកិច្ចព្រមព្រៀងមួយដើម្បីបង្កើតសន្តិភាព “អចិន្ត្រៃយ៍” និង “រឹងមាំ” នៅលើឧបទ្វីប​ ។

សេចក្តីប្រកាសរួម មានដូចជាសន្យាបន្តកាត់បន្ថយសព្វាវុធ យោធា បញ្ឈប់ការធ្វើសកម្មភាពអរិភាព បង្វែរតំបន់ព្រំដែនឱ្យទៅជា “តំបន់សន្តិភាព” និងស្វែងរកកិច្ចពិភាក្សាពហុភាគីជាមួយបណ្តាប្រទេសដទៃទៀតដូចជាសហរដ្ឋអាមេរិកជាដើម ។

លោក Moon បានថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលថា “ការបង្កកនុយក្លេអ៊ែរដែលត្រូវបានដាក់ឱ្យអនុវត្តដោយកូរ៉េខាងជើង មានអត្ថន័យយ៉ាងសំខាន់” ។ វានឹងក្លាយជាជំហានសំខាន់មួយឆ្ពោះទៅរកការលុបបំបាត់ពេញលេញនូវបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ»។

ភាគីទាំងសងខាងក៏នឹងស្វែងរកការបញ្ចប់ជាអចិន្ត្រៃយ៍សង្គ្រាមកូរ៉េ ដែលមានរយៈពេល៦៥ ឆ្នាំ ក្រោយពីសង្គ្រាមនេះ បានបញ្ចប់នៅក្នុងបទឈប់បាញ់ជាជាងសន្ធិសញ្ញាសន្តិភាព ។

កូរ៉េទាំងពីរនឹងស្វែងរកកិច្ចប្រជុំជាមួយអាមេរិក ព្រមមួយអន្លើដោយចិនផងដែរ ភាគីទាំងពីរនេះ ដែលជាអ្នកចូលរួមបទឈប់បាញ់ ក្នុងគោលបំណងប្រកាសបញ្ចប់សង្គ្រាម និងបង្កើតរបបសន្តិភាពអចិន្ត្រៃយ៍ និងរឹងមាំ ។

លោក មូន និងលោក គីម ក៏បានទទួលយកនូវភាពកក់ក្ដៅ រាក់ទាក់ បន្ទាប់ពីបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា នឹងមិនមានសង្គ្រាមទៀតទេនៅលើឧបទ្វីបកូរ៉េ ។

ការប្រកាសនេះគឺជាចំណុចសំខាន់បំផុត នៃជំនួបកំពូលប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ និងជាលើកដំបូងនៅក្នុងរយៈពេលជាង១១ឆ្នាំ។

លោក មូ​ន ប្រធានាធិបតីកូរ៉េខាងត្បូង ក៏នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងផងដែរនៅចុងឆ្នាំ២០១៨នេះ ។

សេចក្តីថ្លែងការណ៍រួមមួយបានសរសេរថាដំណើរទស្សនកិច្ចរបស់លោក មូន នឹងធ្វើឡើងនៅក្នុងរដូវស្លឹកឈើជ្រុះ បន្ទាប់ពីរយៈពេល១១ឆ្នាំ ពេលដែលលោក Roh Moo-hyun អ្នកដឹកនាំនយោបាយចុងក្រោយកូរ៉េខាងត្បូងបានធ្វើដំណើរទៅកាន់រដ្ឋធានីរបស់កូរ៉េខាងជើង ដើម្បីចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទីពីរ ។

ប្រទេសទាំងពីរនឹងជួបជុំគ្រួសារដែលបែកបាក់គ្នានោះផងដែរ។ ប្រហែលជា 57.000 គ្រួសារនៅកូរ៉េខាងត្បូង សព្វថ្ងៃនៅតែមានសមាជិកគ្រួសារនៅកូរ៉េខាងជើង ហើយនេះជាបញ្ហារំខានបំផុតដែលនៅសេសសល់ពីជម្លោះ។

សេចក្តីថ្លែងការណ៍រួមដែលនិយាយសំដៅការចុះចាញ់របស់ជប៉ុន នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២នោះថា “កូរ៉េខាងត្បូង និងកូរ៉េខាងជើងយល់ព្រមបន្តកម្មវិធីជួបជុំគ្រួសារដែលបែកបាក់គ្នា ក្នុងឱកាសទិវារំដោះជាតិ ថ្ងៃទី១៥ ខែសីហាឆ្នាំនេះ” ។

លោក គីម បានសន្យាថា នឹងធានាថា កិច្ចព្រមព្រៀងដែលបានសម្រេចជាមួយលោកមូន នឹងត្រូវបានអនុវត្ត ខុសពីការសន្យាកាលពីលើកមុននោះទេ ។

លោកគីម បានថ្លែងថា កូរ៉េទាំងពីរនឹងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីធានាថា ពួកគេមិនបានធ្វើឲ្យកើតឡើងជាថ្មី “ប្រវត្តិសាស្ត្រអកុសល ដែលនាំឲ្យមានកិច្ចព្រមព្រៀងអន្តរកូរ៉េ… និងបានធ្វើឲ្យឆេះឆួល ក្រោយពេលចាប់ផ្តើម” ។ លោកបានបន្ថែមថា “វាអាចនឹងមានការលំបាក និងការខកចិត្តនៅតាមផ្លូវរបស់យើង ប៉ុន្តែជ័យជម្នះ មិនអាចសម្រេចបានដោយគ្មានការឈឺចាប់នោះទេ” ។

ភូមិ Panmunjom ជាកន្លែងដែលកិច្ចប្រជុំកំពូលនេះធ្វើឡើង ស្ថិតនៅក្នុងតំបន់គ្មានយោធា បែងចែកកូរ៉េទាំងពីរ «និមិត្តរូបនៃការបែងចែកគ្នា»។ ប៉ុន្តែប្រសិនបើវាក្លាយជានិមិត្តរូបនៃសន្តិភាព ខាងជើង និងខាងត្បូង ដែលមានឈាមជ័រតែមួយ ភាសាតែមួយ និងប្រវត្តិសាស្រ្តតែមួយ នឹងវិលត្រឡប់មកជាមនុស្សតែមួយនោះ មនុស្សគ្រប់ជំនាន់នឹងរីករាយជាមួយភាពរុងរឿង ៕ សុរ្ម័ន

Loading...