កូរ៉េខាងជើងនឹងបន្តបដិសេធ សំណើសុំចរចាពីសហរដ្ឋអាមេរិក

(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា នឹងមិនអើពើឡើយចំពោះការសំណើ សុំចរចាគ្នាឡើងវិញពីសហរដ្ឋអាមេរិក រហូតទាល់តែទីក្រុងវ៉ាស៊ីនតោន លុបចោលគោលនយោបាយអរិយភាពរបស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាងជាមុនសិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP។

ការប្រកាសខាងលើដែលធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយអនុរដ្ឋមន្ត្រីការបរទេសទី ១ កូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ (Choe Son Hui) កើតមានតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហរដ្ឋអាមេរិក ត្រូវជួបពិភាក្សាគ្នាជាមួយសមភាគីកូរ៉េខាងត្បូង នៅក្នុងទីក្រុងសេអ៊ូល ក្នុងថ្ងៃព្រហស្បតិ៍នេះ។

លោកស្រី Choe Son Hui បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងតែងតែលឺពីសហរដ្ឋអាមេរិក តាំងពីររបបថ្មីឡើងកាន់អំណាច នោះគឺវោហាសាស្ត្រចោទប្រកាន់ ការគំរាមកំហែងពីកូរ៉េខាងជើង និងវោហាសាស្ត្រគ្មានការពិត ស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង»។ លោកស្រីបន្ថែមទៀតថា កូរ៉េខាងជើងបានបញ្ជាក់រួចហើយ អំពីគោលជំហររបស់ខ្លួន នោះគឺគ្មានការកែប្រែនោះទេ ពោលគឺកិច្ចចរចា ឬកិច្ចសន្ទនារវាងអាមេរិក និងកូរ៉េខាងជើងនឹងមិនកើតឡើងឡើយ ទាល់តែសហរដ្ឋអាមេរិកលុបចោល គោលនយោបាយអរិយភាពរបស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាងជាមុនសិន។

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ ប្អូនស្រីបង្កើតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺអ្នកនាងគីម យ៉ូ ចុង ក៏បានព្រមានសហរដ្ឋអាមេរិក ឱ្យបញ្ឈប់ធ្វើសកម្មភាពបង្ករឿងផងដែរ ប្រសិនបើចង់បានសន្តិភាព។ ការព្រមាននេះកើតមានឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា កូរ៉េខាងជើងមិនបានឆ្លើយតបអ្វី នឹងសហរដ្ឋអាមេរិកនោះទេ នៅក្រោយឆាកការទូតជាមួយរដ្ឋបាលលោក ចូ បៃដិន៕

Loading...