កូរ៉េខាងជើងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកូរ៉េខាងត្បូង៣ថ្ងៃ

កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមមន្ត្រីបានប្រកាសថា កូរ៉េខាងជើងនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មួយក្រុមឲ្យទៅកាន់កូរ៉េខាងត្បូងដើម្បីចូលរួមពិធីបិទ​កីឡាអូឡាំពិករដូវរងារ ដែលក្នុងចំណោមគណៈប្រតិភូកូរ៉េខាងជើងនោះ មានមន្ត្រីម្នាក់ត្រូវបានចោទប្រកាន់ថាបានបាញ់ពន្លិចនាវាទាហានជើងទឹកកូរ៉េខាងត្បូងកាលពីឆ្នាំ២០១០ សម្លាប់នាវឹក៤៦នាក់ថែមទៀតផង ។

ដំណើរទស្សនកិច្ចថ្មីចុងក្រោយបំផុតនៃគណៈប្រតិភូកូរ៉េខាងជើងទៅកាន់កូរ៉េខាងត្បូងនេះ ស្របពេលដំណាលគ្នាផងដែរជាមួយគណៈប្រតិភូអាមេរិកដឹកនាំដោយកូនស្រីលោកប្រធានាធិបតីដូណាល់ ត្រាំ Ivanka បំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល ។

លោក Kim Yong Chol អនុប្រធានគណៈកម្មការមជ្ឈិមបក្សពលករ ដែលទៅកាន់កូរ៉េខាងត្បូង

សេចក្តីថ្លែងការរបស់ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានញ្ជាក់ថា គណៈប្រតិភូកូរ៉េខាងជើង ដែលនឹងដឹកនាំដោយលោក Kim Yong Chol អនុប្រធានគណៈកម្មការមជ្ឈិមបក្សពលករដែលកំពុងកាន់អំណាចនោះ នឹងស្នាក់អាស្រ័យនៅកូរ៉េខាងត្បូងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃអាទិត្យតទៅ ។

លោក Kim Yong Chol ក៏ជាប្រធាននាយកដ្ឋានរណសិរ្សបង្រួបបង្រួម, ជាការិយាល័យរបស់កូរ៉េខាងជើងដែលទទួលខុសត្រូវដោះស្រាយបញ្ហាអន្តរកូរ៉េ ។ លោកជាអតីតប្រធានការិយាល័យស៊ើបការទូទៅ ដែលជាភ្នាក់ងារចារកម្មកំពូលរបស់យោធាកូរ៉េខាងជើង ។ កូរ៉េខាងត្បូងធ្លាប់ចោទប្រកាន់លោក Kim Yong Chol ថាបានបាញ់ពន្លិចនាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងកាលពីឆ្នាំ២០១០។

រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Cho Myoung-gyon បានថ្លែងថា ការវាយប្រហារពីដែនអាកាសទៅលើនាវានោះគឺពិតជាប្រព្រឹត្តដោយកូរ៉េខាងជើង ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូងមិនអាចបញ្ជាក់ពិតប្រាកដថា តើអ្នកណាជាអ្នកទទួលខុសត្រូវនោះទេ។

កូរ៉េខាងជើងតែងតែច្រានចោលគ្រប់យ៉ាងទាក់ទងការបាញ់ពន្លិចនាវាកងទ័ពជើងទឹករបស់កូរ៉េខាងត្បូង។

ថ្លែងនៅក្នុងអង្គប្រជុំសភា លោក Cho បញ្ជាក់ថា « Kim គឺជាអ្នកទទួលបន្ទុកការងារកូរ៉េខាងត្បូង អាស្រ័យហេតុដូច្នេះហើយ ទើបបានជាយើងព្រមទទួលគាត់ ជាមួយក្តីសង្ឃឹមថា​ វាអាចជួយឲ្យទំនាក់ទំនងអន្តរកូរ៉េល្អប្រសើរ និងដោះស្រាយបញ្ហានុយក្លេអែរ» ។

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងប្រឹងស្តាប់ប្រសាសន៍មេដឹកនាំកូរ៉េខាងត្បូងអំឡុងបំពេញទស្សនកិច្ចនាពេលកន្លងមក

ការប្រកួតកីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូងបានរុញច្រាន់យ៉ាងខ្លាំងដល់ការភ្ជាប់ទំនាក់ទំនងរវាងកូរ៉េទាំងពីរ បន្ទាប់ពីស្ថានការតានតឹងផុយស្រួយបំផុតកើតមានឡើងជាង១ឆ្នាំ គឺក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលរាប់ភ្លេច និងសាកល្បងគ្រាប់បែកបរមាណូលើកទី៦ និងមានកម្លាំងខ្លាំងបំផុតប្រឆាំងតបតអង្គការសហប្រជាតិដែលអនុម័តដាក់ទណ្ឌកម្ម។

សូមបញ្ជាក់ថា លោកស្រី Kim Yo​ Jong ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីអំឡុងពេលបើកកីឡាអូឡាំពិក ក៏បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច៣ថ្ងៃនៅកូរ៉េខាងត្បូងផងដែរ ហើយបន្ទាប់ពីនេះ មេដឹកនាំកូរ៉េខាងជើងបានប្រកាសអំពីបំណងចង់ពិភាក្សាសម្រុះសម្រួលក្រោមបរិយាកាសកក់ក្តៅមួយ។

លោកស្រី Kim Yo Jong ត្រូវបានគេចាត់ទុកថា ជាមន្ត្រីជាន់ខ្ពស់បំផុតកូរ៉េខាងជើងដែលបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ៕

 

Loading...