កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលមួយគ្រាប់បន្ថែមទៀត

ទីភ្នាក់ងារព័ត៌មាន យ៉នហាប់ បានស្រង់ប្រភពយោធាកូរ៉េខាងត្បូងផ្សព្វផ្សាយថា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលមួយគ្រាប់បន្ថែមទៀត ។ នេះបើតាមប្រភពប៊ីប៊ីស៊ីផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ។

កាសែតរ៉យទ័រ ស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិកនិយាយថា ការសាកល្បងមីសីលនៃកូរ៉េខាងជើងពេលនេះ មិនទទួលបានជោគជ័យឡើយ ។ គេមិនដឹងច្បាស់ទេថា តើកាំជ្រួចមីស៊ីលដែលកូរ៉េខាងជើងបាញ់នោះ ហោះបានក្នុងរយៈចម្ងាយប៉ុន្មាន ។

អគ្គមេបញ្ជាការយោធាកូរ៉េខាងត្បូង ថ្លែងថា មីស៊ីលនោះត្រូវគេបាញ់ចេញពីភាគខាងត្បូងនៃខេត្ត Pyeongan ភាគខាងជើងទីក្រុងព្យុងយ៉ាង វេលាព្រឹកព្រលឹមថ្ងៃសៅរ៍ ពេលវេលានៅក្នុងតំបន់ ។

គ្មាននរណាម្នាក់ដឹងថា មីស៊ីលដែលបាញ់សាកល្បងពេលនេះ មានប្រភេទអ្វីនោះទេ ។ កូរ៉េខាងជើង ក៏មិនបានប្រកាសផ្សព្វផ្សាយអ្វីនោះដែរ ។

ការបាញ់សាកល្បងរបស់កូរ៉េខាងជើងពេលនេះ កើតឡើងក្រោមប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលរដ្ឋមន្ត្រីការបរទេសអាេមរិក លោក Rex Tillerson បានអំពាវនាវឲ្យពិភពលោកជួយជ្រោមជ្រែងបង្ខំឲ្យកូរ៉េខាងជើងបោះបង់មហិច្ឆតាអាវុធនុយក្លេអ៊ែរ ។

ស្ថានការណ៍តានតឹងខ្លាំងឡើងក្នុងតំបន់ រយៈពេលចុងក្រោយនេះ ដោយទាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើងសុទ្ធតែធ្វើសមយុទ្ធកម្លាំងយោធារៀងៗខ្លួន ។

ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផងទេ កូរ៉េខាងជើងក៏បានសាកល្បីងមីស៊ីល ហើយមិនទទួលបានជោគជ័យ ។ យោធាអាមេរិកអះអាងថា មីស៊ីលនោះបានផ្ទុះក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះដែលបានបាញ់សាកល្បង ។

ពីរបីថ្ងៃមុននេះ អាមេរិកបានដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលនៅក្នុងទឹកដីកូរ៉េខាងត្បូង ។ ប្រព័ន្ធមីស៊ីល THAAD នោះត្រូវគេបង្កើតឡើងដើម្បីបាញ់កម្ទេចរាល់ប្រភេទមីស៊ីលចម្ងាយមធ្យម និងចម្ងាយខ្លីដែលហោះចូលមកក្នុងគោលដៅដែលគេបានកំណត់ ។

គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះអាមេរិក ក៏ដូចជានាវាមុជទឹកផងដែរបាននិងកំពុងវត្តមាននៅក្នុងឧបទ្វីបកូរ៉េ ។ មេដឹកនាំអាមេរិក ដូណាល់ ត្រាំបានបញ្ជាឲ្យកម្លាំងយោធាទាំងនោះទៅកាន់ឧបទ្វីប ហើយបានព្រមានថា បើកូរ៉េខាងជើង នៅតែបន្តផ្គើនបាញ់សាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែរទៀតនោះ អាមេរិកនឹងបើកការវាយប្រហារមិនខាន ។ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង​ក៏បានបញ្ជាឲ្យកងកម្លាំងយោធាត្រៀមលក្ខណៈធ្វើសមរភូមិផងដែរ ។

ដោយឡែកប្រទេសចិនដែលសម្ពន្ធមិត្តតែមួយគត់ ហើយតែរារាំងសកម្មភាពនានាជួយដល់កូរ៉េខាងជើងនោះ ពេលនេះ បានថ្លែងអំពាវនាវកុំឲ្យទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែរបន្ថែមទៀតអី បើពុំដូច្នោះទេ ទីក្រុងបេ៉កាំងនឹងដាក់ទណ្ឌកម្មបន្ថែមតាមការអំពាវនាវពីលោកដូណាល់ ត្រាំនោះហើយ ។

ចាំមើលថា តើមហាអំណាចពិភពលោក នឹងដោះស្រាយចំពោះកូរ៉េខាងជើងបានយ៉ាងដូចម្តេចឬ បើកូរ៉េខាងជើងមិនព្រមស្តាប់តាមខ្សែញាក់ ហើយថែមទាំងផ្គើនបាញ់សាកល្បងមីស៊ីលមួយគ្រាប់ថ្មីចុងក្រោយបន្ថែមទៀតនេះ? ៕

Loading...