កូរ៉េខាងជើង ប្រកាស​មិន​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ដោយសារ​មូលហេតុ​នេះ​

​សេ​អ៊ូ​ល ៖ ក្រសួង​កីឡា​របស់​កូរ៉េខាងជើង​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ៦ ខែមេសា​នេះ​ថា​ខ្លួន​នឹងមិន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​នៅ​ឆ្នាំនេះ​ដើម្បី​ការពារ​អត្ត​ព​លិ​ក​របស់ខ្លួន​ពី​ជំងឺឆ្លង​កូ​វីដ​១៩​។​នេះ​បើ​យោង​ប្រភពពី​សារព័ត៌មាន CNA​។​

​ក្រសួង​បាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ដែលមាន​ឈ្មោះ Joson Sports ថា​ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អូឡាំពិក​របស់​កូរ៉េខាងជើង​នៅ​ថ្ងៃទី ២៥​ខែមីនា កន្លងទៅ ដោយមាន​ការចូលរួម​ពី​សំណាក់ រដ្ឋមន្ត្រី​កីឡា លោក Kim Il Guk​។​

​គណៈកម្មាធិការ​បាន​និយាយថា​ការសំរេច​មិន​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​លើក​ទី ៣២ ដើម្បី​ការពារ​អត្ត​ព​លិ​ក​ពី​វិបត្តិ​សុខភាព ដែល​បណ្តាលមកពី​វីរុស​កូ​វីដ​១៩​។​

​ក្រសួង​បាន​និយាយថា កិច្ចប្រជុំ​នេះ​ក៏បាន​ពិភាក្សាគ្នា​ផងដែរ​ពី​ការអភិវឌ្ឍ​សមត្ថភាព​អត្ត​ព​លិ​ក​ដើម្បី​ទទួលបាន​មេដាយ​កាន់តែច្រើន នៅក្នុង​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ព្រមទាំង​លើកកម្ពស់​សកម្មភាព​កីឡា​សាធារណៈ​នៅ​រយៈពេល​៥​ឆ្នាំ​ខាងមុខ​។​

​សេចក្តីប្រកាស​របស់​ក្រុង​ព្យុងយ៉ាង​បានបញ្ចប់​ក្តីសង្ឃឹម​របស់​ក្រុង​សេ​អ៊ូ​ល​ក្នុងការ​ប្រើប្រាស់​ព្រឹត្តិការណ៍​អូឡាំពិក​ដែល​ត្រូវបាន​ពន្យារ​ពេលនេះ​ដើម្បី​បង្កឱ្យមាន​ដំណើរការឡើង​វិញ​នៅក្នុង​កិច្ចពិភាក្សា​ដែល​បាន​ជាប់គាំង​ស្តីពី​រំសាយ​នុយ​ក្លែ​រ​អ៊ែរ​របស់​កូរ៉េខាងជើង​៕

Loading...