កូរ៉េទាំងពីរចេញសេចក្តីប្រកាសរួមក្រោយការចរចារយៈពេល២ថ្ងៃ

កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ដោយបញ្ឈប់ការប្រឈមមុខនៃការបាញ់កាំភ្លើងធុនធ្ងន់ដាក់គ្នា ដែលនាំឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែប្រឈមមុខដោយកងកម្លាំងយោធាខ្លាំងឡើងនោះ ។

ស្ថិតនៅក្រោមកិច្ចព្រមព្រៀងដែលបានសម្រេចឡើងកាលពីយប់ ឈានចូលថ្ងៃអង្គារ ទី២៥ ខែសីហា ក្រោយពីការចរចារយៈពេលជាង២ថ្ងៃកន្លងមកនោះ កូរ៉េខាងជើងបានប្រកាសជាឱឡារិកសោកស្តាយចំពោះហេតុការណ៍កាលពីពេលថ្មីៗដែលបានបណ្តាលឲ្យកម្លាំងទាហានកូរ៉េខាងត្បូងរងរបួសក្នុងគ្រោះថ្នាក់ផ្ទុះគ្រាប់មីន ។ ចំណែកកូរ៉េខាងត្បូងវិញបានសុខចិត្តបញ្ឈប់សកម្មភាពចាក់ឧបករណ៍បំពងសំឡេងឃោសនានៅតាមបន្ទាត់ព្រំដែនប្រឆាំងទៅលើទីក្រុងព្យុងយ៉ាងផងដែរ ។

សេចក្តីថ្លែងការណ៍រួមនេះបានបន្តទៀតថា កូរ៉េខាងជើងបានយល់ព្រមប្រកាសរំសាយការប្រកាសឲ្យកម្លាំងយោធាត្រៀមខ្លួនធ្វើសង្គ្រាមទ្រង់ទ្រាយតូច ។ ភាគីទាំងពីរបានយល់ព្រមបើកកិច្ចពិភាក្សារកដំណោះស្រាយគ្នាទៅលើបញ្ហាដែលនៅសេសសល់ដើម្បីបង្កើនទំនាក់ទំនងល្អប្រសើរ ។

លោក Kim Kwan-jin ទីប្រឹក្សាសន្តិសុខជាតិប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក យុងហេ បានធ្វើបទសម្ភាសន៍សង្ខេបជាមួយបណ្តាញទូរទស្សន៍ថា កិច្ចប្រជុំនេះពិតជាមានអត្ថន័យខ្លាំងណាស់ ដែលកូរ៉េខាងជើងបានសុំអភ័យទោសចំពោះហេតុការណ៍បំផ្ទុះគ្រាប់មីន និងបានសន្យាការពារមិនឲ្យមានទង្វើដូច្នេះកើតឡើងទៀតទេ ក៏ដូចជាសន្យាបញ្ចៀសស្ថានការតានតឹងផងដែរ ។

កាលពីដើមឡើយ ទីក្រុងព្យុងយ៉ាងមិនទទួលស្គាល់ថា ជាទង្វើរបស់ខ្លួននោះឡើយក្នុងហេតុការណ៍បំផ្ទុះគ្រាប់មីននោះឡើយ ។ ប៉ុន្តែសេចក្តីថ្លែងការរួមដែលបានសម្រេចឡើងនេះ ផ្ទុះពីអ្វីដែលកូរ៉េខាងជើងបដិសេធនាពេលកន្លងមក ។

កិច្ចពិភាក្សាបានចាប់ផ្តើមកើតមានឡើងនៅក្នុងភូមិ Panmunjom ដែលជាភូមិមួយធ្វើឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់កើតឡើង និងស្ថិតនៅក្នុងតំបន់គ្មានកម្លាំងយោធា បែងចែកកូរ៉េទៅជាពីរ។ កិច្ចពិភាក្សាបានចាប់ផ្តើមតាំងពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន ក្រោយភ្លាមៗបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានដាក់ឱសានវាទឲ្យកូរ៉េខាងត្បូងបញ្ឈប់ការឃោសនាប្រឆាំងកូរ៉េខាងជើងតាមឧបករណ៍បំពងសំឡេងនៅតាមបន្ទាត់ព្រំដែន ហើយបើកូរ៉េខាងត្បូងមិនធ្វើតាមនោះនឹងប្រឈមសកម្មភាពយោធាជាក់ជាមិនខាន ។

លោក John Delury អ្នកសង្កេតការណ៍បញ្ហានេះបានបញ្ជាក់ថា ភាគីទាំងពីរបានចុះកិច្ចព្រៀងជាមួយគ្នា ។ កូរ៉េខាងត្បូងមិនបានទទួលការសុំទោសណាមួយនោះទេ ពួកគេបានចេញសេចក្តីថ្លែងការណ៍រួមដោយសម្តែងការសោកស្តាយទៅលើអ្នកដែលរងរបួស ហើយដែលពួកគេចាត់ទុកថាជាការសុំទោសមួយនោះ ។

ចំណុចសំខាន់បន្ថែមទៀតគឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងនេះ ហើយកូរ៉េទាំងពីរបានយល់ព្រមបើកឲ្យមានទំនាក់ទំនងជាមួយគ្នាឡើងវិញ ។ នេះជាចំណុចដែលលំបាក់នៅក្នុងការសម្រេចឡើង ប៉ុន្តែវាយស្រួលនៅក្នុងការអនុវត្ត ។ ទោះយ៉ាងណា កិច្ចព្រមព្រៀងប្រកបដោយផ្លែផ្កានាពេលនេះគឺជាការត្រួសត្រាយផ្លូវមួយដ៏មានសារសំខាន ។

ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងនៅតែជាប្រទេសស្ថិតក្នុងសង្គ្រាមជានិច្ច ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ដែលនាំឲ្យផ្អាកសង្គ្រាមកូរ៉េឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣នោះរៀងមកដល់ពេលនេះ ។ ពួកគេមិនបានព្រមព្រៀងទៅលើសន្ធិសញ្ញាសន្តិភាពនោះទេ ។ ពួកគេសង្ឃឹមថា មានទំនាក់ទំនងល្អប្រសើរជាមួយគ្នា ក្រោយពីមានការប្រឈមមុខតានតឹងដាក់គ្នាច្រើនដងនាពេលកន្លងមកក្នុងឆ្នាំចុងក្រោយនេះ ។

ទំនាក់ទំនងអន្តរកូរ៉េត្រូវបានអនុវត្តពេញលេញ ប៉ុន្តែបានញាំញីសាបសូន្យទៅវិញតាំងពីឆ្នាំ២០១០ ក្រោយពីមានការបាញ់ពន្លិចនាវាកម្លាំងទាហានកូរ៉េខាងត្បូងដែលសម្លាប់នាវឹក៤៦នាក់ ហើយទីក្រុងសេអ៊ូលអះអាងថាជាទង្វើរបស់ទីក្រុងព្យុងយ៉ាងនោះ ។ កូរ៉េខាងជើងបានច្រានចោលការចោទប្រកាន់ទាំងនេះ ។

ស្ថិតនៅកិច្ចព្រមព្រៀងដែលបានសម្រេចឡើងកាលពីថ្ងៃទី២៥ ខែសីហា កូរ៉េទាំងពីរបានយល់ព្រមឲ្យមានគ្រួសារបែកបាក់ក្នុងសម័យសង្គ្រាមនោះជួបជុំគ្នានៅឱកាសវិស្សមកាលនាពេលខាងមុខ ក៏ដូចនៅក្នុងពេលអនាគតផងដែរ ។

ស្ថានការណ៍ប្រឈមមុខតានតឹងខ្លាំងឡើងនៅឧបទ្វីបកូរ៉េបានកើតឡើងតាំងពីដើមខែសីហា ឆ្នាំ២០១៥រៀងមក នៅពេលដែលមានការផ្ទុះគ្រាប់បែកបណ្តាលឲ្យទាហានកូរ៉េខាងត្បូង២នាក់រងរបួស ។

ជាច្រើនថ្ងៃបន្តបន្ទាប់មក កូរ៉េខាងត្បូងបានចាប់ផ្តើមចាក់ការឃោសនាប្រឆាំងទីក្រុងព្យុងយ៉ាងដោយឧបករណ៍បំពងសំឡេងនៅតាមបន្ទាត់ព្រំដែន ជាយុទ្ធសាស្ត្រមួយដែលភាគីទាំងពីរឈប់ប្រើប្រាស់កាលពីឆ្នាំ២០០៤មកនោះ ។

ស្ថានការណ៍កាន់តែអាក្រក់ថែមទៀតនៅពេលដែលកូរ៉េខាងជើងបាញ់មីស៊ីល៤គ្រាប់ចូលទៅក្នុងទឹកដីកូរ៉េខាងត្បូងកាលពីថ្ងៃកន្លងមកនេះ ដែលជាការឆ្លើយតបចំពោះការបាញ់កាំភ្លើងធុនធ្ងន់ចូលមកទឹកដីកូរ៉េខាងជើងពីសំណាក់យោធាកូរ៉េខាងត្បូង ។

ទីក្រុងព្យុងយ៉ាងបន្ទាប់មកក៏បានដាក់ឱសានវាទឲ្យទីក្រុងសេអ៊ូលបញ្ឈប់ការចាក់ឧបករណ៍បំពងសំឡេងឃោសានាប្រឆាំងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនៅតាមបន្ទាត់ព្រំដែន បើមិនដូច្នោះទេ នឹងប្រឈមសកម្មភាពយោធា ។ ប៉ុន្តែភាគីទាំងពីរបានយល់ព្រមជួបពិភាក្សាគ្នារវាងមន្ត្រីទីប្រឹក្សាថ្នាក់ខ្ពស់ប្រធានាធិបតីប្រទេសទាំងពីរ ។

បើទោះបីកិច្ចពិភាក្សាកំពុងដំណើរការប្រព្រឹត្តទៅក៏ដោយ ប៉ុន្តែកូរ៉េខាងជើងនៅតែដាក់ពង្រាយកម្លាំងទ័ព និងអាវុធយុទ្ធភ័ន្ធកាន់តែច្រើនទ្វេដងនៅតាមបន្ទាត់ព្រំដែន ក៏ដូចជាបញ្ចេញនាវាមុជទឹកពីបន្ទាយប្រមាណ៥០គ្រឿងផងដែរ ។ នេះបើតាមប្រភពពីមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង ។ ទាហានកូរ៉េខាងត្បូងក៏បានត្រៀមលក្ខណៈប្រុងជើងការណ៍ខ្ពស់ជានិច្ច ។

ទីក្រុងវ៉ាស៊ីនតោន និងអង្គការសហប្រជាជាតិបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងដែលបានសម្រេចធ្វើឡើងនាពេលនេះ ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក John Kirby បានថ្លែងនៅក្នុងបទសង្ខេបព័ត៌មានប្រចាំសប្តាហ៍ថា យើងវិនិច្ឆ័យកូរ៉េខាងជើងតាមរយៈសកម្មភាពរបស់គេ ។ យើងស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ ហើយសម្តែងក្តីសង្ឃឹមថា វានឹងនាំឲ្យស្ថានការណ៍តានតឹងនៅឧបទ្វីបមានការថយចុះ ។ វាបានតានតឹងខ្លាំងណាស់នៅប៉ុន្មានថ្ងៃមកនេះ ។

កូរ៉េខាងជើងបានទទួលរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ពីអាមេរិក និងអង្គការសហប្រជាជាតិ ដោយសារតែសកម្មភាពបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីល ដែលការដាក់ទណ្ឌកម្មទាំងនោះត្រូវទីក្រុងមើលឃើញថា ជាទង្វើបំពានដល់សិទ្ធិការពារខ្លួន និងដែនអធិបតេយ្យរបស់ខ្លួន ៕

north-koreans-sign-up-to

eewe

Loading...

Leave a Reply

Your email address will not be published. Required fields are marked *