កូរ៉េទាំងពីរជួបពិភាក្សាគ្នារវាងមន្ត្រីយោធាថ្នាក់ខ្ពស់ បញ្ចៀសស្ថានការប្រឈមដោយកម្លាំងយោធា

កូរ៉េខាងជើង និងខាងត្បូងបានសុខចិត្តអង្គុយចុះក្នុងតុចរចារវាងមន្ត្រីយោធាថ្នាក់ខ្ពស់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ដើម្បីស្វែងរកគន្លឹះបញ្ចៀសវិបត្តិដែលនាំឲ្យកម្លាំងយោធាប្រទេសទាំងពីរបំពាក់សព្វាវុធ និងត្រៀមខ្លួនចូលសមរភូមិទៅហើយនោះ ។

ជំនួបចរចានេះបានធ្វើឡើងនៅក្នុងភូមិ Panmunjom កើតឡើងភ្លាមៗ ក្រោយពីឱសានវាទរបស់កូរ៉េខាងជើងដល់ពេលកំណត់ ។ កូរ៉េខាងជើងបានដាក់ឱសានវាទឲ្យកូរ៉េខាងត្បូងបញ្ឈប់ការចាក់ឧបករណ៍បំពងសំឡេងឃោសនានៅតាមបន្ទាត់ព្រំដែនរយៈពេល៤៨ម៉ោងហើយដែលចូលមកដល់ពេលកំណត់នៅម៉ោង៥ល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ។ កូរ៉េខាងជើង អះអាងថា បើកូរ៉េខាងត្បូងមិនព្រមបញ្ឈប់សកម្មភាពឃោសានាទេ នោះនឹងប្រឈមនូវសកម្មភាពយោធាជាក់ជាមិនខានឡើយ ។

បើទោះបីមានការសង្ស័យថា ទីក្រុងព្យុងយ៉ាងមិនធ្វើតាមអ្វីដូចដែលខ្លួនបានគំរាមក៏ពិតមែន ប៉ុន្តែការដាក់ឱសានវាទនេះបានធ្វើឲ្យស្ថានការតាន់តឹងនៅទីនោះឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ។ កូរ៉េខាងជើងបានដាក់ពង្រាយ ក៏ដូចជាបំពាក់កាំភ្លើងធុនធ្ងន់ រីឯកូរ៉េខាងត្បូង និងអាមេរិកវិញក៏មានការចល័តយន្តហោះចម្បាំងឆ្វេតឆ្វាត់ ហាក់ដូចកំពុងទម្លាក់គ្រាប់បែកពិតៗអីចឹងដែរ ។

ការជួបពិភាក្សាបានធ្វើឡើងនៅក្នុងភូមិ Panmunjom ដែលទីតាំងនេះហើយជាកន្លែងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបាញ់ក្នុងសង្គ្រាមឧបទ្វីបកូរ៉េ ។ ការជួបពិភាក្សានេះផ្តល់ឱកាសដល់ភាគីទាំងពីរដកថយកម្លាំងរៀងខ្លួនបាន ប៉ុន្តែទោះបីយ៉ាងណា ក្រុមអ្នកវិភាគបានលើកឡើងថា កិច្ចពិភាក្សានៅពេលនេះ ទំនងមិនអាចរកឃើញកិច្ចព្រមព្រៀងណាមួយឡើយ ។

ទីក្រុងសេអ៊ូលបានច្រានចោល មិនព្រមបញ្ឈប់សកម្មភាពឃោសនាតាមឧបករណ៍បំពងសំឡេង ល្គឹកណាទីក្រុងព្យុងយ៉ាងចេញមុខសុំទោសជាសាធារណៈចំពោះទង្វើរបស់ខ្លួនដែលបានកប់គ្រាប់មីនកាលពីដើមខែនេះបណ្តាលឲ្យផ្ទុះសម្លាប់កម្លាំងយោធាកូរ៉េខាងត្បូង២នាក់ដែលដើរល្បាតនៅតាមបន្ទាត់ព្រំដែនក្នុងដែនអធិបតេយ្យកូរ៉េខាងត្បូងនោះ។

កូរ៉េខាងជើងបានបដិសេធថា ខ្លួនមិនបានពាក់ព័ន្ធជាមួយហេតុការណ៍ផ្ទុះមីននោះទេ ហើយបានចោទប្រកាន់កូរ៉េខាងត្បូងថា ជាអ្នកមានពុតត្បុត កាឡៃសភាពការណ៍ទម្លាក់កំហុសឲ្យកូរ៉េខាងជើង ។

ក្រុមអ្នកសង្កេតការណ៍បានបញ្ជាក់ថា វាមិនមែនជារឿងងាយស្រួលដែលភាគីណាមួយក្នុងចំណោមកូរ៉េទាំងពីរនេះសុខចិត្តទទួលយកនូវភាពអាម៉ាស់នោះ ។ លោក Dan Pinkston អ្នកជំនាញបញ្ហាកូរ៉េប្រចាំនៅមជ្ឈមណ្ឌលមានវិបត្តិអន្តរជាតិក្នុងទីក្រុងសេអ៊ូលបានបញ្ជាក់ថា វាពិតជាល្អប្រសើរខ្លាំងណាស់ ប្រសិនបើកូរ៉េខាងជើងមានអ្វីមួយយកមកដាក់នៅលើតុដើម្បីចរចាគ្នា តួយ៉ាងដូចជាការយល់ព្រមឲ្យគ្រួសារបែកបាក់ក្នុងសម័យសង្គ្រាមបន្តការជួបជុំគ្នាជាដើម ហើយដោះដូរជាមួយកូរ៉េខាងត្បូងឲ្យបញ្ឈប់សកម្មភាពឃោសនាតាមឧបករណ៍បំពងសំឡេង ។

កិច្ចប្រជុំដែលបានធ្វើឡើងនាពេលនេះ គឺមានគណៈប្រតិភូ៤រូបតែប៉ុណ្ណោះ គឺភាគីម្ខាងមានមនុស្ស២នាក់មកចូលរួមពិភាក្សា ។ កូរ៉េខាងត្បូងបានបញ្ជូនទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីផាក យុងហេ គឺលោក Kim Kwan-jin ។ ចំណែកកូរ៉េខាងជើងវិញ មានលោក Hwang Pyong-so ដែលជាមនុស្សមានអំណាចទី២នៅកូរ៉េខាងជើង បន្ទាប់ពីលោកគីម ជុងអ៊ុន ។

ប្រភពព័ត៌មានពីវិមានពណ៌ខៀវនៃប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថា សំណើរកកិច្ចពិភាក្សាខាងលើនេះផ្តើមឡើងពីកូរ៉េខាងជើងជាអ្នកស្នើសុំមុន បើទោះបីថា សង្គ្រាមវោហាសាស្ត្ររបស់គេកាន់តែខ្លាំងក្លា ហើយកងទ័ពនៅក្នុងប្រទេសនេះ ត្រៀមលក្ខណៈរួចជាស្រេចក្នុងអំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះយ៉ាងណាក៏ដោយ ។

តាមបញ្ជារបស់លោក គីម ជុងអ៊ុន កម្លាំងយោធាប្រជាមានិត្យកូរ៉េខាងជើងបានបំពាក់អាវុធពេញលេញ ត្រៀមខ្លួនក្នុងគ្រាស្រុកទេសមានសង្គ្រាមតាំងពីថ្ងៃទី២១ ខែសីហាមកម្ល៉េះ ខណៈដែលក្រសួងការបរទេស ក្រុងព្យុងយ៉ាងបានព្រមានកាលពីថ្ងៃទី២២ ខែសីហាថា ស្ថានការហាក់កំពុងវិវឌ្ឍន៍ទៅរកសង្គ្រាម និងលំបាកនៅក្នុងការគ្រប់គ្រងនោះ ។

សហគមន៍អន្តរជាតិធ្លាប់បានកត់សម្គាល់មើលឃើញ និងមានបទពិសោធន៍ជាច្រើនរួចមកចំពោះការគំរាមកំហែងរបស់កូរ៉េខាងជើង ហើយបន្ទាប់ពីការគំរាមកំហែងប្រកបដោយការខឹងសម្បារនោះរួចមក គឺតែងតែមានសំណើសុំចរចា បើមិនដូច្នោះទេគឺការប្រកាសពីការបាញ់សាកល្បងគ្រាប់បែកបរមាណូ ។

ស្ថិតនៅអំឡុងពេលនេះ មិនមានការភ្ញាក់ផ្អើលស្លន់ស្លោណាស់ណាពេកទេក្នុងចំណោមពលរដ្ឋកូរ៉េខាងត្បូង ក៏ព្រោះតែពួកគេសមត្រចៀកអស់ហើយទៅនឹងការគំរាមកំហែងញយដងពេកពីសំណាក់កូរ៉េខាងជើង ប៉ុន្តែមិនដែលមានព្រឹត្តិការណ៍ពិតប្រាកដកើតឡើងនោះទេ ។

ប៉ុន្តែទោះបីបែបនេះក៏ដោយ កម្លាំងយោធាទាំងអស់កំពុងស្ថិតក្នុងកាលៈទេសៈប្រុងជើងការខ្ពស់ ។ យន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូងបានហោះឆេ្វតឆ្វាត់តាំងពីពាក់កណ្តាលថ្ងៃទី២២ ខែសីហាមកម្ល៉េះដើម្បីពិនិត្យតាមដានសភាពការ ។

ជនស៊ីវិលកូរ៉េខាងត្បូងរាប់ពាន់នាក់ដែលរស់នៅតាមបន្ទាត់ព្រំដែន ឬនៅជិតបន្ទាយយោធានោះត្រូវជម្លៀសទៅកាន់ជំរំក្រោមដីការពារហេតុការណ៍អាក្រក់កើតឡើង ។

សង្គ្រាមនៅឧបទ្វីបកូរ៉េឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣បានបញ្ចប់ទៅវិញរយៈពេល៦៥ឆ្នាំកន្លងមកហើយ ។ ការបញ្ចប់សង្គ្រាមនេះកើតឡើងដោយសារកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាសន្តិភាពពេញលេញនោះទេ ។

លោកគីម ជុងអ៊ុន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥បានបញ្ជាឲ្យកម្លាំងយោធាត្រៀមខ្លួនធ្វើសង្គ្រាមក្នុងលក្ខណៈទ្រង់ទ្រាយតូច បន្ទាប់ពីមានការផ្ទុះអាវុធធុនធ្ងន់ដាក់គ្នាឆ្លងកាត់បន្ទាត់ព្រំដែន ហើយធ្វើឲ្យស្ថានការកាន់តែតានតឹងខ្លាំងឡើងនោះ ។

កាលពីថ្ងៃទី២១ ខែសីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក យុងហេ ស្ថិតក្នុងសម្លៀកបំពាក់យោធាបានថ្លែងនៅតាមកញ្ចក់ទូរទស្សន៍ទៅកាន់មេបញ្ជាការយោធាថា សកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង មិនអាចអត់ធ្មត់បានតទៅទៀតទេ ។

ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកូរ៉េទាំងពីរ កំពុងស្ថិតក្រោមការឃ្លាំមើលយ៉ាងប្រុងប្រយ័ត្នពីសំណាក់អង្គការសហប្រជាជាតិ ។ លោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឲ្យភាគីទាំងពីរ ព្រមទាំងអាមេរិកផងដែរឲ្យមានការអត់ធ្មត់ ក៏ដូចជាជំរុញដល់ទីក្រុងព្យុងយ៉ាងបញ្ចៀសស្ថានការកុំឲ្យតានតឹងបន្ថែមទៀត។

កងទ័ពអាមេរិកជិត៣០.០០០នាក់បាននិងកំពុងឈរជើងជាអចិន្ត្រៃយ៍នៅកូរ៉េខាងត្បូង ហើយមេបញ្ជាការយោធាជាន់ខ្ពស់អាមេរិកមួយរូបបានអះអាងថា អាមេរិកនឹងការពារសម្ពន្ធមិត្តរបស់ខ្លួន។

ជាមួយគ្នានេះដែរ ទីក្រុងប៉េកាំងបានអំពាវនាវឲ្យកូរ៉េខាងជើងមានការអត់ធ្មត់ និងស្ងប់ស្ងាត់ ។ ទីក្រុងប៉េកាំងជាអ្នកការពារតាមផ្លូវការទូត និងជាអ្នកផ្តល់ជំនួយសេដ្ឋកិច្ចយ៉ាងសំខាន់ផងដែរដល់កូរ៉េខាងជើង ៕ យ៉ាត សុមេធ

dwe

_85123469_85123261

dwrw

ferw

Loading...

Leave a Reply

Your email address will not be published. Required fields are marked *